ព័ត៌មានជាតិ
ធនាគារអេស៊ីលីដា ចាប់ផ្តើមពង្រីកហិរញ្ញប្បទានវិស័យកសិកម្មបន្ថែម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករកម្ពុជា
ធនាគារអេស៊ីលីដាភីអិលស៊ី បានចាប់ផ្តើមពង្រីកហិរញ្ញប្បទានវិស័យកសិកម្មបន្ថែម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងក្នុងវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មកាលពីរសៀលថ្ងៃទី ២១ កក្កដានៅទីស្នាក់ការកណ្តាលធនាគារ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា ការពង្រីកហិរញ្ញប្បទានវិស័យកសិកម្មនេះ ដោយសារតែវិស័យនេះជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយម្យ៉ាងទៀតហិរញ្ញប្បទានក្នុងវិស័យនេះរបស់ធនាគារអេស៊ីលីដានាពេលបច្ចុប្បន្ននេះ មានការកើនឡើងខ្ពស់។


បណ្ឌិត អ៉ិន ចាន់នី បានបន្តថា ធនាគារអេស៊ីបានផ្តល់សេវាកម្មយ៉ាងច្រើនដល់វិស័យកសិកម្មដោយសារមានកត្តាធំៗជាច្រើនដូចជា មានបណ្តាញសាខានៅទូទាំងប្រទេសរហូតដល់ ២៦៣ ការិយាល័យភាគច្រើន នៅតំបន់ជនបទ។ ក្រៅពីនេះ មានឥណទានច្រើន ដោយគិតត្រឹមបំណាច់ ខែមិថុនា ២០២២ នេះ មានជាង ៥៨០០ លានដុល្លារអាមេរិក ក្នុងនោះឥណទានវិស័យកសិកម្មមានជិត ២១ ភាគរយ ដែលមានប្រមាណជាង ១២០០ លានដុល្លារអាមេរិក បើធៀបជាមួយវិស័យផ្សេងៗទៀតរបស់ធនាគារសរុបមានប្រមាណ ៣៤ ភាគរយ។ បណ្ឌិត អ៉ិន ចាន់នី បានបន្តថា អ្វីដែលពិសេសនោះនៅពេលកម្ពុជា ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩ វិស័យកសិកម្មមានសុវត្ថិភាពជាងវិស័យណាទាំងអស់ ខណៈវិស័យផ្សេងៗទៀតបានទទួលរងផលប៉ះពាល់ហើយវិស័យនេះមានការប៉ះពាល់តិចតួចបំផុត។

បណ្ឌិត អ៉ិន ចាន់នី បានបន្តទៀតថា« កត្តាទាំង នោះបានលើកទឹកចិត្តឱ្យធនាគារជំរុញការពង្រីកការផ្តល់ហិរញ្ញប្បទានក្នុងវិស័យនេះបន្ថែមទៀត ហើយលើសពីនេះទៀតយើងមានហេដ្ឋារចនាសម្ព័ន្ធនៅជិតនឹងកសិករដោយសារឥណទានច្រើន ក្នុងវិស័យកសិកម្មធ្វើឱ្យយើងបានប្រើប្រាស់មូលនិធិតាមរយៈអង្គការអង្គការ JICA និង ធនាគារSMBC ដែលយើបានចុះហត្ថលេខាជាមួយគ្នាមានទឹកប្រាក់ ១៣៥ លានដុល្លារអាមេរិក សម្រាប់ជួយគាំទ្រវិស័យកសិកម្មថែមទៀត»។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា ក្រៅពីនេះយើងបានចាប់ដៃគូជាមួយធនាគារកសិកម្មអភិវឌ្ឍន៍ជនបទរបស់រដ្ឋ ដើម្បីជួយជំរុញវិស័យកសិកម្មឱ្យមានការរីកចម្រើនថែមទៀតទាំងហេដ្ឋារចនាសម្ព័ន្ធ ទុននិងព័ត៌មានទីផ្សារ។

បណ្ឌិត អ៉ិន ចាន់នី សង្ឃឹមថាចំនួនផ្តល់ហិរញ្ញប្បទានផ្នែកវិស័យកសិកម្មនេះនឹងកើនឡើងបន្ថែមទៀត ដោយសារយើងមានកម្លាំងទុនពីខាងក្រៅច្រើន។ ពាក់ព័ន្ធនឹងវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មបណ្ឌិត អ៉ិន ចាន់នី បានបន្តទៀតថា នេះជាលើកទី ១ ហើយ ដែលធនាគារអេស៊ីលីដាសហការជាមួយអង្គការដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានរៀបចំឱ្យមានវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មនេះឡើង ក្នុងគោលបំណងឱ្យតំណាងក្រុមហ៊ុនឬអាជីវកម្មទាក់ទិននឹងវិស័យកសិកម្មមានឱកាសបានជួបជុំគ្នាស្គាល់គ្នា និងពិភាក្សាគ្នាធ្វើប្រតិបត្តិការនិងពង្រីកដៃគូអាជីវកម្មជាមួយគ្នាបន្ថែម និងបានយល់ពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា។ ចំណែកធនាគារអេស៊ីលីដា មានទុនសម្រាប់ឱ្យពួកគាត់ខ្ចីសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។
លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធីអង្គការដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានមានប្រសាសន៍ថា ផលិតផលកសិកម្មនៅកម្ពុជានៅមានចំនួនទាបនៅឡើយបើធៀបជាមួយបណ្តាប្រទេសជិតខាងដូចជាថៃ និងវៀតណាមដោយសារមកពីកត្តាមួយចំនួនដូចជាបច្ចេកទេសធ្វើកសិកម្មដោយកសិករប្រើប្រាស់ពូជមិនមានគុណភាព ឬពូជបុរាណធ្វើឱ្យទិន្នផលធ្លាក់ចុះ និងពូជមួយចំនួននាំចូលមកពីប្រទេសជិតខាង ការផលិតមានតម្លៃខ្ពស់ធ្វើឱ្យមិនអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេសបានដែលធ្វើឱ្យគាត់បោះបង់ហើយធ្វើចំណាកស្រុកនិងបច្ចេកវិទ្យានៅមានកម្រិត។

លោកបានបន្តថា កសិករដែលជាអ្នកផលិតនិងក្រុមហ៊ុនជាអ្នកបញ្ជាទិញ នៅមិនទាន់មានភាពទំនាក់ទំនងគ្នាឱ្យបានល្អប្រសើរនៅឡើយទេ ពិសេសការកែច្នៃកសិផលកសិកម្មនៅតិចតួចធ្វើឱ្យកសិករបង្ខំចិត្តលក់ផលិតផលដែលមិនបានកែច្នៃទៅប្រទេសជិតខាង ដើម្បីយកមកដោះស្រាយជីវភាពនិងដោះស្រាយបញ្ហាបំណុលផ្សេងៗ។ ចំណែកអ្នកវិនិយោគទុនមិនសូវចាប់អារម្មណ៍លើការវិនិយោគវិស័យនេះទេ ដោយសារវាប្រើពេលយូរហើយមានបញ្ហាប្រឈមទៀត។ លោកបានបន្តទៀតថា មួយវិញទៀតបញ្ហាកម្ចីមានអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកក្នុងការខ្ចីក្នុងការពង្រីកអាជីវកម្មផ្សេងៗបាន។
ទាក់ទិននឹងអត្រាការប្រាក់នេះ បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថាដោយសារធនាគារទទួលហិរញ្ញប្បទានពីបរទេសខ្ពស់ដែរ គឺប្រមាណ ៧.៧៥% ហើយអត្រាការប្រាក់របស់ធនាគារអេស៊ីលីដាលើវិស័យកសិកម្មនេះ គឺមានចំនួនប្រហាក់ប្រហែលនឹងធនាគារផ្សេងៗទៀតដែរ។ បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ទៀតថា ប៉ុន្តែមិនមែនមានន័យថា យើងមិនអាចធ្វើការជាមួយវិនិយោគិននោះទេ គឺយើងមានប្រភពទុនចម្រុះ ដែលមានតម្រូវការធូរល្មមបូកនឹងប្រភពទុន ដែលមានតម្លៃខ្ពស់បានជាអត្រាមធ្យមមួយដែលយើងអាចផ្តល់ជូនវិនិយោគិនបាន៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


