ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំដោយក្រសួងមុខងារសាធារណៈ និងសហការចូលរួមដោយធនាគារដៃគូ ចំនួន ៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។

ព្រឹត្តិការណ៍ថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាព នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាប័ណ្ណ សម្គាល់ខ្លួនផ្លូវការផង និងជាប័ណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់ មុខងារផ្សេងទៀតទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។

បណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណ មន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសនឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។

លោកស្រីបណ្ឌិត បានជម្រាបជូនទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សេវាហិរញ្ញវត្ថុឱ្យ កាន់តែទូលំទូលាយ និងងាយស្រួល ធនាគារ អេស៊ីលីដា បាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការ ចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិ ចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹមសរុបជាង ១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង ៤.១៤៦គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។

អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម៉្យាងវិញទៀត អាចធ្វើការដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាចបង្កើតប័ណ្ណនិម្មិតតាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹមនៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) យ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រីបណ្ឌិត បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក។ លើសពីនេះទៀត លោកស្រីបណ្ឌិត ក៏បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រ និងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ២,៦៤លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៩០.០០០ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៥ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា