ប្រជាពលរដ្ឋកម្ពុជាកោតសរសើរជនគំរូដែលធ្វើអំពើល្អជាប្រចាំក្នុងសហគមន៍របស់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រជាពលរដ្ឋកម្ពុជាកោតសរសើរជនគំរូដែលធ្វើអំពើល្អជាប្រចាំក្នុងសហគមន៍របស់ខ្លួន

Published

on

ការចំណាយពេលវេលាផ្ទាល់ខ្លួនលើការសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួនដើម្បីទិញសៀវភៅសម្រាប់សិស្ស គាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺជាអំពើល្អមួយចំនួន ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនធ្វើចំពោះមិត្តភក្តិ អ្នកជិតខាងនិងសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតក្នុងប្រទេស។

នៅក្នុងការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញដោយអ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជា បានកោតសរសើរដល់អ្នកដែលពួកគេបានស្គាល់ ដែលបានធ្វើអំពើល្អជាប្រចាំ។

លោក ទឹម ម៉ន អាយុ៤៨ឆ្នាំ ដែលជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានថ្លែងថា “ខ្ញុំចង់ឱ្យលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ប្រកួតប្រជែងនៅកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart”។

លោកបានបន្ថែមថា “ម៉ោង ៥ យើងចប់ម៉ោងរដ្ឋបាល គាត់អត់ទៅផ្ទះទេ គាត់នៅចាំនៅសង្កាត់។ គាត់ឱ្យកម្លាំងប្រជាការពារមកកែងវត្ត មកលើថ្នល់។ កាលណាដឹងថា ផ្លូវស្ទះហើយ គាត់បញ្ជាកម្លាំងចេញពីសង្កាត់មកជួយ ហើយគាត់អត់ទៅផ្ទះទេ គាត់ធ្វើតាំងពីម៉ោង ៥ ចប់ហើយសកម្មភាព និងធ្វើជុំវិញវត្ត លើថ្នល់ ២៧១ មុខពេទ្យរុស្ស៊ី គ្មានកម្រៃ គ្មានអ្នកណាជូនស្អីមកពីណាទេ គឺគាត់មានទឹកចិត្តជួយប្រជាពលរដ្ឋគាត់”។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត គឺលោក លឹម សុខផេង អាយុ ៣៣ ឆ្នាំ មកពីខេត្តកណ្តាល បានកោតសរសើរដល់នាយកសាលាម្នាក់នៅខេត្តកណ្តាល។ លោក លឹម សុខផេងបញ្ជាក់ថា “ខ្ញុំធ្លាប់ស្គាល់ម្នាក់។ គាត់ជានាយកសាលានៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ការជួយរបស់គាត់នៅសាលាហ្នឹងដូចជាពាក់ព័ន្ធជាមួយសិស្សក្រីក្រ ដែលអត់មានសម្ភារសិក្សាគ្រប់គ្រាន់ គាត់ជួយជាថវិកា ឬទិញជាសម្ភារៈសិក្សាឱ្យសិស្ស”។

លោកបន្តថា “សម្រាប់មាតាបិតាសិស្សដែលខ្វះខាត ឧទាហរណ៍ថាគាត់ស្លាប់។ អញ្ចឹង គាត់មានថវិកា ឬរៃអង្គាសនៅក្នុងសាលា ដើម្បីជួយដល់សិស្សហ្នឹង។ គាត់ជួយជាកម្លាំងចិត្តដល់សិស្សកុំឱ្យដូចថា ឪពុកម្តាយគ្នាស្លាប់ចឹងទៅ វាអាចនឹងចង់បោះបង់ការសិក្សា។ គាត់ជួយពន្យល់សិស្ស ហើយជួយជាថវិកា។ បើសិស្សអត់មានមធ្យោបាយធ្វើដំណើរ គាត់ទិញជាកង់ឱ្យ បើទោះជាគាត់អត់មានថវិកាគ្រប់គ្រាន់ក្តី គាត់អាចរៃអង្គាសពីក្នុងសហគមន៍ដើម្បីជួយដល់សិស្ស”។

ដោយឡែក អ្នកស្រី សិទ្ធិ ស្រីទៀង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានកោតសរសើរដល់ព្រះសង្ឃមួយអង្គ ដែលចំណាយពេលវេលារបស់ព្រះអង្គក្នុងការជួយយកអាសារដល់កុមារកំព្រា និងមនុស្សចាស់។ អ្នកស្រីបានថ្លែងថា “ខ្ញុំស្គាល់លោកមួយអង្គ។ លោកគង់នៅវត្តភ្នំពេញថ្មី លោកព្រះនាម យី ហាក់។ លោកតែជួយចាស់ជរា ក្មេងកំព្រា ជនក្រីក្រ។ លោកមានព្រះទ័យទុកដាក់ជាមួយអ្នកក្រ។ លោកតែងយកអាសារជាមួយអ្នកក្រច្រើន។ ចិត្តខ្ញុំចង់ឱ្យលោកចូលប្រកួតដែរ តែមិនដឹងថា លោកទៅអត់”។

ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។

ចំណែកលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “យើងពិតជាសង្ឃឹមថា ពលរដ្ឋគំរូណាម្នាក់ នឹងត្រូវបានទទួលស្គាល់ សម្រាប់ទង្វើដ៏ល្អដែលគេបានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។

ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl។

អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជន១០នាក់ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជយលាភី ពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប ដើម្បីឈ្នះទឹកប្រាក់ ១ម៉ឺនដុល្លារ។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ ២០២១។ អ្នកជ្រើសតាំងមានពេលរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសតាំងអ្នកដែលពួកគេគិតថាជាពលរដ្ឋគំរូរបស់ខ្លួន៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ32 mins ago

កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ51 mins ago

អ្នកនាំពាក្យ​ស្នងការ​ក្រុង​បដិសេធ​ថា ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការ​រងក្រុង​ម្នាក់​ឆ្លង​កូ​វីដ​១៩​នៅឡើយ​ទេ

ព័ត៌មានជាតិ1 hour ago

មន្ត្រី​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ​ខណៈ​ពលរដ្ឋ​កាន់តែ​​សម្រុក​ទៅ​មើល​បាតុភូត​ចម្លែក​ ទឹកធ្លាក់​ពីលើ​មែក​ឈើ

ព័ត៌មានអន្ដរជាតិ2 hours ago

នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ព័ត៌មានជាតិ2 hours ago

អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services