Connect with us

ព័ត៌មានជាតិ

កម្ពុជា​រំពឹង​ទាក់ទាញភ្ញៀវទេសចរ ​និង​វិនិយោគិន​វៀតណាម​ច្រើននៅឆ្នាំ​ ២០២២-​២០២៣

បានផុស

នៅ

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនាប្រទេសកម្ពុជាកាន់​តែ​ច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

លោកបានគូសបញ្ជាក់បែបនេះ ក្នុង​ឱកាស​ចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ វុទ្ធី បានឱ្យដឹងថា កម្ពុជាក្រៅពីការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមទាំងមូល ក៏មានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ម៉ាយស៍ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

​កម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិនៅប្រទេសវៀតណាម ដោយមានពន្លារៀបចំតុបតែងនិងមានរចនាបថជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកឯកជន (Co-Exhibitors) ចំនួន១២ក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចរបស់ខ្លួនជាមួយអថិតិជនដោយផ្ទាល់។

លោកប្រាក់ វិទ្ធី បានគូសបញ្ជាក់បន្ថែមថា ពន្លារបស់កម្ពុជាមានការសម្តែងរបាំជូនពរស្វាគមន៍ និងផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍​ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកទស្សនា ព្រមទាំងថតរូបភាពជាមួយសិល្បករ/សិល្បការិនីទុកជាអនុស្សាវរីយ៍។ នៅ​ពន្លារបស់កម្ពុជាក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និង​មានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ។ ចំពោះផ្នែកឯកជនដែលមាន ១២ ក្រុមហ៊ុនក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវទេសចរ​វៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២ (International Travel Expo Ho Chi Minh City 2022) ធ្វើចំនួន ៦ ថ្ងៃ និងបញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុង​ពិព័រណ៍​មានការចូលរួម​ពី​ក្រុមហ៊ុនអន្តរជាតិជាង ៣០០ ស្តង់ មកពីបណ្តាប្រទេសជាង ៥០ ក្នុងតំបន់និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅ​ទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម