ព័ត៌មានជាតិ
ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់គ្រោះថ្នាក់ពេលធ្វើដំណើរទៅមកសាលារៀន អំឡុងទឹកជំនន់
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ពេលធ្វើដំណើរទៅមកសាលាសម្រាប់បុគ្គលិកអប់រំ និងសិស្ស នៅក្នុងរដូវវស្សា ពិសេសអំឡុងពេលទឹកជំនន់។

ការដាក់ចេញវិធានការនេះបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទវហេតុលិចទូកដចម្លងកាលពីពេលថ្មីៗនេះនៅខេត្តកណ្ដាល បណ្ដាលឲ្យសិស្សសាលាស្លាប់បាត់បង់ជីវិតចំនួន ១១ នាក់រួចមក។

នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះកាលពីយប់ថ្ងៃទី ២០ តុលា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូច បានរងគ្រោះក្នុងអំឡុងពេលធ្វើដំណើរទៅសាលារៀន ឬមកបំពេញការងារ ទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលទឹកជំនន់។

ក្រសួងបានបន្តថា គ្រឹះស្ថានសិក្សាភាគច្រើននៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និងទីទំនាបផ្សេងទៀត តែងរងនូវការជន់លិច និងខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ និងឯកសារជាដើម។
ម្យ៉ាងវិញទៀត បុគ្គលិកអប់រំ និងសិស្សានុសិស្ស តែងតែទទួលរងគ្រោះថ្នាក់ជាយថាហេតុ។
ក្រសួងបានលើកឡើងថា ដើម្បីកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរទៅមកសាលារៀន កន្លែងបំពេញការងារ របស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ត្រូវតាមដានរាល់សេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុ និងជូនដំណឹងទៅគ្រប់សាលារៀនពាក់ព័ន្ធ។ ត្រូវពិនិត្យមើលកម្រិតហានិភ័យ ដែលនឹងអាចកើតមាន ដូចជា ស្ថានភាពផ្លូវ ខ្យល់ព្យុះ ជំនន់ទឹកភ្លៀង ឬ ទឹកស្ទឹង បឹង ទន្លេ ។ល។
ជាមួយគ្នានេះ ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយដឹកជញ្ជូន (រួម) ដូចជា យានយន្ត ឬទូក កាណូត ដែលសិស្សានុសិស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នា និងក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនទាំងនោះអាចបង្កជាយថាហេតុណាមួយ ត្រូវណែនាំឲ្យកែលម្អដល់ម្ចាស់អាជីវកម្ម និងអ្នកបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្ស និងបុគ្គលិកអប់រំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវខ្ពស់ បំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាពនៅលើមធ្យោបាយដឹកជញ្ជូន និងកុំឲ្យដឹកលើសចំណុះ ឬបញ្ជាយានយន្តលើសល្បឿន។
ក្រសួងបានបន្តទៀតថា ចំណែកគណៈគ្រប់គ្រងសាលា ត្រូវសហការរវាងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាជាមួយអាជ្ញាធរអប់រំ អាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលទីតាំង, លិខិត ឬគោលការណ៍អនុញ្ញាតឲ្យប្រកបអាជីវកម្មលើមធ្យោបាយដឹកជញ្ជូន ជាពិសេសមធ្យោបាយដឹកជញ្ជូន ដែលសិស្សានុសិស្ស ឬបុគ្គលិកអប់រំប្រើប្រាស់រួម។ ត្រូវអប់រំណែនាំដោយផ្ទាល់ពី លោកគ្រូ-អ្នកគ្រូ ដល់សិស្សានុសិស្សជាប់ជាប្រចាំអំពីហានិភ័យដែលនឹងកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរជាពិសេសត្រូវណែនាំសិស្សានុសិស្ស ឲ្យចេះគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងស្ថានការណ៍ និងវិធីរំដោះខ្លួនចេញពីគ្រោះថ្នាក់ ក្នុងករណីមានហេតុការណ៍កើតឡើង។ សម្របសម្រួល ផ្ដល់ និងទទួលព័ត៌មានរវាងសាលារៀន និងសហគមន៍ និងជំរុញការចូលរួម រាល់សកម្មភាពពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា ជាពិសេសគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ឬមធ្យោបាយដឹកជញ្ជូន និងសម្របសម្រួលជាមួយម្ចាស់អាជីវកម្មមធ្យោបាយដឹកជញ្ជូនដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ។
លើសពីនេះទៀត ត្រូវចេះ កៀរគរ ឬចលនាធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់ការរៀបចំមធ្យោបាយធ្វើដំណើរ និងទិញសម្ភារៈ សម្រាប់ការធ្វើដំណើរទៅមកសាលារៀន ដូចជា យានយន្ត ទូក កាណូត ពោងហែលទឹក, ប៊ីដុងជ័រ អាវពោងសុវត្ថិភាព អ្នកការពារសុវត្ថិភាព។ល។ ត្រូវដាក់ផ្លាកសញ្ញា ឬផ្ទាំងរូបភាពអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក នៅក្នុងទីធ្លាសាលារៀន ឬតាមមធ្យោបាយធ្វើដំណើរ រួមទាំងសារអប់រំផ្សេងៗ។
រីឯមាតាបិតា អ្នកអាណាព្យាបាល ត្រូវណែនាំកូនចៅជាប់ជាប្រចាំឲ្យមានការប្រុងប្រយ័ត្ន និងជ្រើសរើសការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាពនៅតាមផ្លូវពីផ្ទះទៅមកសាលារៀន
ពិនិត្យលទ្ធភាពទិញសម្ភារៈ និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀត ឲ្យកូនចៅនៅពេលធ្វើដំណើរ ទៅសាលារៀន។ ត្រូវចេះសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដូចជា ការផ្ដល់ព័ត៌មានអំពីម្ចាស់អាជីវកម្ម ឬមធ្យោបាយដឹកជញ្ជូនដែលប្រឈមនឹងហានិភ័យ ឬមិនគោរពតាមលក្ខខ័ណ្ឌ និងគោលការណ៍ច្បាប់បានកំណត់។ ត្រូវដឹកជញ្ជូនកូនចៅទៅសាលារៀនដោយផ្ទាល់ ក្នុងករណីចាំបាច់ ដោយកុំបណ្តោយឲ្យពួកគេធ្វើដំណើរដោយខ្លួនឯង និងត្រូវចូលវិភាគទានជាមួយសាលារៀន ដើម្បីរៀបចំមធ្យោបាយដឹកជញ្ជូនកូនធ្វើដំណើរទៅសាលារៀន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ថ្មីៗនេះ មានករណីលិចទូកដចម្លងដឹកសិស្សសាលា ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យសិស្សស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេងចំនួន ១១ នាក់ ដោយសារម្ចាស់ទូកដមិនមានបំពាក់អាវពោងសុវត្ថិភាព និងស្ថានភាពទូកមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវឡើយ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ