អ្នកជំនាញបានលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើជំនាញសក់ និងសម្រស់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់លើកស្ទួយជីវភាពដល់ក្រុមគ្រួសារឱ្យកាន់តែប្រសើរ។
ថ្លែងក្នុងយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” នៅព្រឹកថ្ងៃទី២៨តុលា នៅកោះពេជ្រ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលាជំនាញសក់ និងសម្រស់ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានលើកឡើងថា នេះជាលើកទីពីរហើយដែលសមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើម្បីដើរតួជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែលមានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត។
លោកបានបន្តថា ពិសេសកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ សមាគមមិត្តយើងនឹងចូលរួមជួយជ្រោមជ្រែងឱ្យទទួលបានជំនាញនេះសំដៅចូលរួមក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា លោកបានដឹកនាំក្រុមសាឡន និងហាងកាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើងក្នុងការផ្តល់នូវសេវាកម្មកាត់សក់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីអុំទូកនាពេលខាងមុខនេះ។
លោកបន្ថែមថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិតនៃវិស័យ
សេដ្ឋកិច្ចក្រៅប្រព័ន្ធយើងដែលបានអញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីបុណ្យអុំទូកនាពេលខាងមុខ។
លោកបញ្ជាក់បន្តថា ក្រោយពីការកាត់សក់រួចបងប្អូនអាចចូលស្វែងរកការងារនៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ឬមួយវិញទៀតបើបងប្អូនដែលចង់រៀនជំនាញកាត់សក់បងប្អូនក៏អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា
L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗ និងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះផងដែរ ដោយក្នុង ១នាក់នឹងទទួលបានកញ្ចប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម៕
អត្ថបទ៖ សំអឿន