ព័ត៌មានជាតិ
អត្រាមរណភាពរបស់មាតា និងទារក នៅកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់
បច្ចុប្បន្ន អត្រាមរណភាពរបស់មាតា និងទារក នៅប្រទេសកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់ដោយសារប្រជាពលរដ្ឋមានការយល់ដឹង និងបានមកទទួលសេវាតាមមូលដ្ឋានសុខាភិបាល ក្នុងកំឡុងពេលមានផ្ទៃពោះ និងសម្រាល។

យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១ ២០២២ បានរកឃើញថា អត្រាមរណភាពមាតាធ្លាក់ចុះពីចំនួន ៤៣៧ នាក់ ក្នុង ១ សែនកំណើត រស់នៅឆ្នាំ ២០០០ មកត្រឹម ១៥៤ នាក់ ក្នុង ១ សែនកំណើត រស់នៅឆ្នាំ ២០២១។ ចំណែកអត្រាមរណភាពទារកទើបកើតក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ គឺពីចំនួន ៣៧ នាក់ ក្នុង ១០០០ កំណើត រស់នៅឆ្នាំ ២០០០ មក ៨ នាក់ប៉ុណ្ណោះ ក្នុង ១០០០ កំណើត រស់នៅឆ្នាំ២០២១។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ភាពប្រសើរឡើង នៃការកាត់បន្ថយអត្រាមរណភាពមាតា និងទារកនេះ ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងពីសារសំខាន់ក្នុងការថែរក្សាសុខភាពកូនឲ្យបានល្អ ដោយមកទទួលសេវាតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ទាំងពេលមានផ្ទៃពោះ មកពិនិត្យទៀងទាត់ និងពេលគ្រប់ខែ សម្រាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

លោករដ្ឋមន្ត្រី បន្តទៀតថា លើសពីនេះ រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ដល់ស្ត្រីដែលមានជីវភាពក្រីក្រ ទាំងពេលពិនិត្យផ្ទៃពោះ សម្រាល និងផ្តល់ប្រាក់ដល់ទារកទើបកើតរហូតដល់ ២ ឆ្នាំ សរុបប្រមាណ ១៩០ ដុល្លារ ដើម្បីជួយទ្រទ្រង់ជីវភាពឲ្យកាន់តែប្រសើរ។
លោកបន្ថែមថា ក្រៅពីនេះភាពជោគជ័យ នៃអត្រាមរណភាពមាតា និងទារកនេះ មួយផ្នែកជាគុណតម្លៃ នៃការចូលរួមរបស់ឆ្មបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែទាំសុខភាពមាតា និងទារក ខណៈបច្ចុប្បន្នមានឆ្មបប្រមាណជាង ៦០០០ នាក់ កំពុងបម្រើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយយ៉ាងហោចណាស់មានឆ្មប ២ នាក់ នៅគ្រប់មណ្ឌលសុខភាព ទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ស្របតាមតួនាទីដ៏សំខាន់របស់ឆ្មប ក្រសួងសុខាភិបាល បានខិតខំពង្រឹងសមត្ថភាពឆ្មប ដោយមានទាំងការរៀបចំការបណ្ដុះបណ្ដាលមុនពេលបម្រើការងារ និងបណ្ដុះបណ្ដាលក្នុងពេលបម្រើការងារ សំដៅធ្វើយ៉ាងណាឲ្យឆ្មបរបស់យើងមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្ត។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ឆ្មបមានកិត្តិយសដ៏ឧត្ដុង្គឧត្ដមណាស់សម្រាប់មនុស្សលោកគ្រប់រូប ព្រោះថា គាត់គឺជាអ្នកថែទាំមាតា និងទារក តាំងពីចាប់កំណើតរហូតដល់កើត ហើយគាត់ក៏ជាមនុស្សដំបូងគេបំផុតដែលបានឃើញយើងមុនគេបន្ទាប់ពីសម្រាលមុនយកទៅឲ្យម្តាយយើង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


