ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី ២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះ នៃកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី ២៣ លោកឧត្តមសេនីយ៍ឯក វៀន វ៉ាន់ងៀ បានសម្តែងនូវការស្វាគមន៍ ជូនចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយជាពិសេសបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមកិច្ចប្រជុំនេះ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ។

ទន្ទឹមនឹងនេះ លោកអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ជាពិសេសលទ្ធផលវិជ្ជមានជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ ២០២២ រួមមានជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ជាក់ស្តែងលំហាត់រួមត្រីភាគី ស្តីពី ការសង្គ្រោះគ្រោះមហន្តរាយ កាលពីខែកញ្ញា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។ លើសពីនេះ លោកមានក្តីសង្ឃឹមជឿជាក់ថា កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អទាំងនៅតាមបណ្តោយព្រំដែន និងការបន្តគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាការបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី ២៣ ដោយផ្ទាល់ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានធ្វើទ្បើងតាមប្រព័ន្ធវីដេអូ អស់រយៈកាល ២ឆ្នាំជាប់គ្នាកន្លងមកហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនវៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានបង្កលក្ខណៈគ្រប់យ៉ាងដល់ក្រុមបាញ់កាំភ្លើងដៃកម្ពុជាក្នុងការចូលរួមហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី ៣០ នេះ។

ជាមួយគ្នាផងដែរ ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាពគ្រប់កាលៈទេសៈ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ហើយមានក្តីសង្ឃឹមជឿជាក់ថាទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ នឹងបន្តយូរអង្វែងតជំនាន់ទៅទៀត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្ម នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


