ព័ត៌មានជាតិ
លោក លី ធុជ អំពាវនាវប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍បន្តគាំទ្រកាន់តែខ្លាំងលើការងារបោស សម្អាតមីន
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន បន្តគាំទ្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដេីម្បីរួមគ្នាសម្រេចគោលដៅលើការងារបោសសម្អាតមីន។
លោកទេសរដ្ឋមន្ត្រីអំពាវនាវបែបនេះនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករនៃកងទ័ពជើងគោក មជ្ឈមណ្ឌលកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

កិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ហើយមានការចូលរួមរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

កិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនទាំងពីរដំណាក់កាលដែលមានប្រជាជនកម្ពុជាចំនួន១០ខេត្ត បានទទួលផលប្រយោជន៍ពីគម្រោងនេះ។
លោកបានឲ្យដឹងថា គម្រោងនេះត្រូវធ្វើការបោសសម្អាតផ្ទៃដីមីនចំនួនប្រមាណ ៩១.១២៣.៣៤៩ ម៉ែត្រក្រឡា ក្នុងខេត្តចំនួន ៦ ហើយនឹងត្រូវប្រកាសជាខេត្តអស់មីន នាពេលឆាប់ៗនេះ រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តកំពត ខណៈស្រុកចំនួន១៤ និងឃុំចំនួន១១ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក៏នឹងត្រូវប្រកាសជាស្រុក-ឃុំអស់មីនផងដែរ។

តាមរយៈលទ្ធផលការងារទាំងនេះ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករជាតិទាំងបី ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយទទួលបាននូវភាពជោគជ័យ និងត្រៀមប្រកាសខេត្ត ស្រុក គ្មានមីនជាបន្តបន្ទាប់។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅលើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាក់ថវិកាបន្ថែមចំនួន ៣០លានដុល្លារអាមេរិក បញ្ចូលទៅក្នុងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ទោះបីមានការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅបន្តត្រូវការឲ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងក្លាបន្ថែមទៀតពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅកម្ពុជា និងបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយរួមគ្នា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


