ព័ត៌មានជាតិ
លោក លី ធុជ៖ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ពាន់គីឡូម៉ែត្រការ៉េ
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» ដែលបានប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា បន្ទាប់ពីប្រវត្តិសាស្រ្តជាអកុសលរបស់កម្ពុជាអស់ជាង ៣ទសវត្សរ៍ កម្ពុជា រយៈពេល ៣២ឆ្នាំនេះ បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ២៩៧ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់។ សមិទ្ធផលទាំងនេះ គឺបានកើតចេញពីគុណតម្លៃនៃសន្តិភាពបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងការបន្តកិច្ចខិតខំប្រឹងបែងយ៉ាងមុះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ប៉ុន្តែ ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសប្បុរជននានា កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។

ជាមួយគ្នានេះ លោកបានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំឱ្យមាន ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ ដើម្បីបន្តលើកកម្ពស់ការអប់រំពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងដើម្បីបង្ហាញពីការតាំងចិត្តរួមគ្នាក្នុងលុបបំបាត់ចោលឱ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។
លោកបានគូសបញ្ជាក់ទៀតថា សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីន និងគ្រាប់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមរបស់កម្ពុជា ក៏ដូចជាប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងគ្មានទុកប្រជាពលរដ្ឋខ្មែរណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីន។
ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា បន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តការបោសសម្អាត និងសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


