ព័ត៌មានជាតិ
ក្រសួង ៣ គ្រោងប្រជុំរួមគ្នារកដំណោះស្រាយ ចំពោះបញ្ហាធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក
បើគ្មានអ្វីប្រែប្រួលទេ នៅដើមសប្ដាហ៍ក្រោយនេះ ក្រសួងចំនួន ៣ នឹងប្រជុំរួមគ្នារកដំណោះស្រាយចំពោះបញ្ហា នៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក។ តាមគម្រោង នៅថ្ងៃទី ១៩ ខែធ្នូខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងពាណិជ្ជកម្ម នឹងបើកប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយ ចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែធ្នូថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ បាននិងកំពុងរកដំណោះស្រាយ ជូនប្រជាកសិករដែលជាចិញ្ចឹមសត្វជ្រូក ដោយគ្រោងនឹងជួបប្រជុំនៅដើមសប្ដាហ៍ក្រោយនេះ។

លោក ស្រ៊ុន ពៅ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ កំពុងតែរកដំណោះស្រាយជូនគាត់ៗ ម៉េចបានថា រកដំណោះស្រាយគឺយើងនឹងមានការជួបប្រជុំមួយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់អញ្ជើញហៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម យោងតាមសំណើសុំរបស់សមាគម»។
បើតាមលោក ស្រ៊ុន ពៅ កិច្ចប្រជុំនេះ នឹងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហា នៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក ដោយ សារមានការនាំចូលសាច់បង្កកលក់នៅលើទីផ្សារ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្ឃឹថា កិច្ចប្រជុំនេះ នឹងអាចស្វែងរកដំណោះស្រាយល្អមួយ សម្រាប់វិស័យចិញ្ចឹមជ្រូក និងជួយដល់កសិករ ដែលកំពុងប្រកបរបបចិញ្ចឹមជ្រូក។
ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរជាតិ ជួយគាំទ្រផលិតផលសាច់សត្វនៅក្នុងស្រុក ដើម្បីជួយកសិករជាអ្នកចិញ្ចឹម និងជួយដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ផងដែរ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិតជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយស្នើឲ្យចាត់ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យផ្ដល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហា នៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក។
កិច្ចប្រជុំនេះ ធ្វើឡើងដោយពិនិត្យឃើញថា ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ និងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឲ្យជួយដោះស្រាយបញ្ហានេះ។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ដែលដឹកនាំប្រជុំដោយលោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ថា ជ្រូករស់ដែលទិញនៅកសិដ្ឋាន មានតម្លៃចាប់ពី ៧,៤០០រៀល ដល់ ៧,៨០០រៀល។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់ប្រជាកសិករជួយពង្រឹងតម្លៃលក់ឡើងវិញ ដោយពេលនេះភាគីពាក់ព័ន្ធកំពុងព្យាយាមរកដំណោះស្រាយ ក្នុងការទាញតម្លៃឲ្យល្អប្រសើរឡើងវិញហើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ