Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata តែងតាំងនាយកប្រតិបត្តិថ្មី

បានផុស

នៅ

ក្រុមហ៊ុន Smart Axiata ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ផ្តល់​ការ​ជូនដំណឹង​អំពី​ការ​តែងតាំង​លោក ហ្សែ​ដ​ស្យា​តារា (Ziad Shatara) ជា​នាយក​ប្រតិបត្តិ​ថ្មី​ប្រចាំ​ក្រុមហ៊ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សែ​ដ ស្សា​តារា នឹង​បន្ត​តំណែង​ពី លោក Feiruz Ikhwan ដែល​បាន​កាន់​តួនាទី​ជា​នាយក​ប្រតិបត្តិ​ស្ដីទី​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​នេះ​តាំងពី​ឆ្នាំ ២០២១ បន្ទាប់ពី​លោក​បាន​កាន់​តំណែង​ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ (CFO) នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លងមក។

លោក ហ្សែ​ដ មាន​បទពិសោធន៍ និង​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​ទូរគមនាគមន៍ ដោយ​រូបលោក​បាន​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ការ​គ្រប់គ្រង​កិច្ច​ការងារ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​ហ្សកដានី បង់​ក្លា​ដែ​ស និង​អ៊ីតាលី​ផង​ដែរ។ ថ្មីៗ​កន្លង​មក​នេះ លោក ហ្សែដ បាន​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Umniah Mobile Co. ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈាន​មុខ​គេ​ក្នុង​ប្រទេស​ហ្សកដានី។ បន្ថែម​ពី​បទពិសោធន៍ និង​ស្នាដៃ​ដ៏​ឆ្នើម​របស់​លោក​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរការ និង​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​ទូរគមនាគមន៍ លោក ហ្សែ​ដ ក៏​មាន​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ការ​បម្រើ​សេវាកម្ម​ដល់​អតិថិជន និង​ប្រតិបត្តិការ​លក់​រាយ​ផង​ដែរ​។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិក ក៏ដូចជា បរិញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​អគ្គិសនី​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច Budapest ផង​ដែរ។

លោក​បណ្ឌិត Tan Sri Halim Shafie ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Smart Axiata បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការ​តែងតាំង​តំណែង​របស់​លោក ហ្សែ​ដ ស្សា​តារា។ លោក​បាន​លើក​ឡើង​ថា “ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Smart Axiata ពិត​ជា​មាន​កិត្តិយស​ក្នុង​ការ​តែងតាំង​លោក ហ្សែ​ដ ដែល​ជា​បុគ្គល​ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ឈានមុខ​គេ​ក្នុង​វិស័យ​ទូរគមនាគមន៍ ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Smart Axiata”។

លោក​បណ្ឌិត Hans Wijayasuriya នាយក​ប្រតិបត្តិ​ស្ដីទី នៃ​ក្រុមហ៊ុន​វិនិយោគ Axiata Group និង​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Pan-Asian Telecommunication Business បាន​សម្ដែង​ពី​មតិ​យល់ស្រប ដូចគ្នា​ទៅ​នឹង​លោក Tan SriHalim ក៏ដូចជា​ចូលរួម​អបអរសាទរ​ចំពោះ​ការ​តែងតាំង​នេះ​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ពិតជា​ទន្ទឹង​រង់ចាំ​នូវ​ការ​រីកចម្រើន​ដំណាក់កាល​បន្ទាប់​របស់​ក្រុមហ៊ុន Smart Axiata ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្សែ​ដ ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា។ ក្រុមការងារ​នៅ​Smart Axiata ជា​បុគ្គលិក​ដែល​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ ហើយ​ជាការ​ពិតណាស់ លោក ហ្សែ​ដ នឹង​នាំមក​នូវ​បទពិសោធន៍​ឆ្នើម​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​វិស័យ​មួយ​នេះ ដើម្បី​បន្ត​ធានា​នូវ​ការ​លូតលាស់​រីកចម្រើន​របស់​ក្រុមហ៊ុន ក៏ដូចជា​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ ដែល​ជា​ស្នាដៃ​បន្សល់ទុក​របស់​អ្នកដឹកនាំ​មុនៗ រួមមាន លោក Feiruz Ikhwan និង​លោក Thomas Hundt ដែល​បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ចាប់ពី​ឆ្នាំ ២០១៣ រហូត​ដល់​ឆ្នាំ ២០២១ មុន​ពេល​ដែល​លោក ត្រូវបាន​តែងតាំង​តំណែង​ជា​នាយក​ផ្នែក​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​នៅ​ក្រុមហ៊ុន Axiata Group ក្នុង​ឆ្នាំ ២០២១ ផង​ដែរ​”។

បន្ទាប់ពី​កាន់​តួនាទី​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ហ្សែ​ដ បាន​បង្ហាញ​ពី​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ទទួល​បាន​ឱកាស ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន ក៏ដូចជា​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​នៅ​កម្ពុជា “​ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ និង​មាន​កិត្តិយស​យ៉ាង​ខ្លាំង ដែល​បាន​ចូលរួម​បម្រើ​ការងារ​ជាមួយ​ក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំ​មុន និង​ក្រុមការងារ បាន​កសាង​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ក្រុមហ៊ុន Smart ដែល​ពួកគាត់​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ពោរពេញ​ដោយ​មោទនភាព​ក្នុង​ការ​បម្រើការ​អតិថិជន​ជាង ៧ លាន ៥ សែន​នាក់ ជាមួយ​នឹង​ផលិតផល និង​សេវាកម្ម​ឌីជីថល​ជាច្រើន។ ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការ​ទទួល​បាន​នូវ​ឱកាស​មួយ​នេះ ដើម្បី​ដឹកនាំ​ក្រុមការងារ​ដ៏​ឆ្នើម​ឲ្យ​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន​ដំណាក់កាល​បន្ទាប់ នៃ​ការ​វិវត្ត​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​បំពេញ​នូវ​តួនាទី​របស់​យើង​ក្នុង​ការ​កសាង​សង្គម​ឌីជីថល​នៅ​កម្ពុជា ក៏ដូចជា​បន្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ជាមួយ​នឹង​គុណភាព​សេវាកម្ម​ល្អ​បំផុត​គួរ​ជាទី​គាប់ចិត្ត​ផង​ដែរ​”។

លោក​បណ្ឌិត​Tan Sri Halim Shafie ក៏បាន​សម្ដែង​ពី​ការ​ស្ងើចសរសើរ​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​របស់​អតីត​នាយក​ប្រតិបត្តិ​ស្ដីទី នៃ​ក្រុមហ៊ុន​មួយ​នេះ​ផង​ដែរ “​តំណាង​ឲ្យ​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Smart Axiata ក៏ដូចជា​ក្រុមការងារ​ទាំងមូល​ខ្ញុំ​ចង់​ឆ្លៀតឱកាស​នេះ​ដើម្បី​សម្ដែង​នូវ​ការ​ថ្លែង​អំណរគុណ​ដល់​លោក Feiruz ចំពោះ​សមិទ្ធផល និង​ការ​រួមចំណែក​ដ៏​ធំធេង​របស់​លោក​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន​មួយ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​រក​សក្ដានុពល និង​ភាព​រីកចម្រើន ស្រប​ពេល​ដែល​ឧស្សាហកម្ម​កំពុងតែ​វិវត្ត​ខ្លួន រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ទេពកោសល្យ​ជំនាន់​ក្រោយ​ផង​ដែរ។ លោក​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​នៅ​ក្នុង​ជោគជ័យ​របស់ Smart Axiata ក៏ដូចជា​កសាង​មូលដ្ឋានគ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការ​ចាប់​យក​ឱកាស​ថ្មីៗ​នា​ពេល​ខាងមុខ។ យើង​សូម​ជូនពរ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​បន្ទាប់​ដែល​លោក​ត្រូវបាន​តែងតាំង​ក្នុង​តួនាទី​ជាន់ខ្ពស់​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ Axiata Group”។

ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្ន​កំពុង​បម្រើ​អតិថិជន​ចំនួន ៧ លាន ៥ សែន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ក្លាយ​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​សេវា 4G។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែល​ផ្តល់​សេវា​អ៊ីនធឺណិត​ចល័ត​លឿន​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​មាន​សេវា​គ្របដណ្ដប់​នៅ​ទូទាំង ២៥ ខេត្ត-ក្រុង។ Smart Axiata គឺជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន Axiata Group Berhad ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគ​ទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​អាស៊ី​ដោយមាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា បង់​ក្លា​ដែ​ស កម្ពុជា នេ​ប៉ាល់ មី​យ៉ាន់​ម៉ា ថៃ និង​ប៉ា​គី​ស្ថាន និង​មាន​អតិថិជន​ជាង ១៥០ លាន​នាក់។

ជាមួយ​នឹង​ទស្សនវិស័យ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា “​ជើងឯក​ឌីជីថល​ជំនាន់​ក្រោយ​” ក្រុមហ៊ុន Axiata Group បាន​ពង្រីក​កិច្ចប្រតិបត្តិការ​របស់​ខ្លួន ដោយ​វិវត្ត​ខ្លួន​ពី​ការ​ផ្ដោត​សំខាន់​ដំបូង​ទៅលើ​ទូរគមនាគមន៍​ចល័ត​នៅ​ក្នុង​តំបន់ ឲ្យ​ទៅជា​សម្ព័ន្ធ​ក្រុមហ៊ុន ដែល​ពង្រឹង​ការ​រីកចម្រើន និង​ការ​បង្កើត​ថ្មី ឈរ​លើ​សសរស្ដម្ភ​ចំនួន ៣ គឺ​ទូរគមនាគមន៍​ឌីជីថល ពាណិជ្ជកម្ម​ឌីជីថល និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម