ព័ត៌មានជាតិ
ក្រុមហ៊ុន Meta សហការក្រសួងអប់រំ និងអង្គការ KAPE ដំណើរការគម្រោងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ
ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយ គឺកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដោយចាប់ផ្តើមនៅសាលាជំនាន់ថ្មី។ នេះតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលនេះ។

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សាព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោលនូវចំណេះដឹងដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះដល់សិស្សនៅតាមសាលាគោលដៅ។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៊ីនធឺណិត ឬអ្នកចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។

លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “នៅក្រុមហ៊ុន Meta យើងជឿថា អក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ យើងមានមោទនភាព ដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្មជីថលខ្មែរនិងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើងមានសេចក្តីរំភើប រីករាយដែលមើលឃើញលទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះទៅមុខទៀត”។

ដោយឡែក លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថលរបស់ពួកគេ។ លោកបានបន្តថា៖” គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថលគឺដើម្បីផ្តល់ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ”។

កម្មវិធីដាក់ដំណើរការជាផ្លូវការគម្រោងខាងលើ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។

លោកស្រី គឹម សេដ្ឋានី បានបន្ថែមថា ដើម្បីបង្កើតរដ្ឋបាលភិបាលឌីជីថល ទាមទារនូវពលរដ្ឋឌីជីថល ដែលត្រូវការជាចាំបាច់នូវការអប់រំបែបឌីជីថល។ លោកស្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុម Meta ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ KAPE ដើម្បីដំណើរការគម្រោងនេះឡើង ដែលជាផ្នែកមួយនៃការបណ្ដុះបំណិនសតវត្សរ៍ទី២១ ហើយមិនត្រឹមតែបណ្ដុះបណ្ដាលគ្រូបង្គោលប៉ុណ្ណោះទេ គឺថែមទាំងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សតែម្តង ដែលជាផ្នែកមួយនៃការជំរុញការអប់រំបែបឌីជីថលនៅកម្ពុជា៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


