Connect with us

ព័ត៌មានជាតិ

ផ្សារទំនើបអ៊ីអន មានជ័យ ពុំបានបិទទ្វារ​ដូចពាក្យចចាមអារ៉ាមឡើយ

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ ត្រូវបានបិទទ្វារ ដោយសារក្ស័យធន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងការលើកឡើងនេះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ផ្សារអ៊ីអនមានជ័យ ពុំមានការបិទទ្វារនោះទេ។ លោកបញ្ជាក់ដូច្នេះថា« បើសិនជាមានការបិទអាជីវកម្មមែននោះ គឺអាជ្ញាធរច្បាស់ជាទទួលព័ត៌មានជាផ្លូវការ​ជាក់ជាពុំខាន។ ផ្ទុយទៅវិញ អាជ្ញាធរបានទទួល ព៌ត័មានស្តីពីការ​បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមេសាខាង​មុខនេះ»។

លោកចៅសង្កាត់ បានសង្កត់ធ្ងន់ថា ចំពោះពាក្យចចាមអារ៉ាមដែលថា ផ្សារទំនើបអ៊ីអនមានជ័យ ត្រូវបិទទ្វារនោះ គឺជាព័ត៌មាន មិនពិតនោះទេ។

ទន្ទឹមនឹងនេះ ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី បានចុះទៅដល់ទីតាំងផ្សារផ្ទាល់ ដោយសង្កេតឃើញថា ផ្សារទំនើបអ៊ីអន​មានជ័យ នៅបើកដំណើរការ និងមានអាជីវករលក់ដូរជាធម្មតា នៅថ្ងៃទី ៣០ មីនានេះ។

តាមការសង្កេតជាក់ស្តែង ភ្នាក់ងារយើងបានរាយការណ៍ថា ការបើកដំណើរនេះ ពេលព្រឹកមិនសូវមានភ្ញៀវ ដូចពេល​ល្ងាចនោះទេ។

សូមបញ្ជាក់ថា ផ្សារទំនើបអ៊ីអន មានជ័យ (អ៊ីអន៣) បានបើកដំណើរការសាកល្បងជាផ្លូវការ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ផ្សារទំនើបនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ បើតាមការគូសបញ្ជាក់ក្រុមហ៊ុន AEON Mall Cambodia កន្លងទៅ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនេះធ្វើឡើងលើផ្នែកមួយចំនួនប៉ុណ្ណោះ មិនទាន់ដាក់ឱ្យដំណើរការទាំងស្រុងនោះទេ។

ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង ១៧ម៉ឺនម៉ែត្រការ៉េ និងមានហាងសរុបប្រមាណ២៥០ហាង ដោយមានកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ៤ពាន់គ្រឿង។ ចំពោះការសាងសង់ផ្សារទំនើប អ៊ីអន ទី៣ ត្រូវបានចំណាយថវិការហូតដល់ទៅ ២៨៩,៦ លានដុល្លារអាមេរិក ដែលថវិកានេះ ត្រូវវិនិយោគទាំងស្រុងដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD៕ 

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម