ព័ត៌មានជាតិ
យុវសិស្សនៅខេត្តកោះកុង នឹងជ្រួតជ្រាបពីតម្លៃ នៃអត្តសញ្ញាណវប្បធម៌ខ្មែរ ថ្ងៃសង្ក្រាន្តឆ្នាំថ្មី ៣ ថ្ងៃ
ក្រុមយុវសិស្ស ឬយុវជនដទៃ នឹងទទួលបានការលេងសប្បាយនូវល្បែងរបាំប្រជាប្រិយ ក្បាច់រាំបែបប្រពៃណីជាតិ ពិសេសយល់ដឹងពីតម្លៃ នៃវប្បធម៌ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ៣ ថ្ងៃ។ ក្នុងនោះ បាននិងត្រៀមសប្បាយរីករាយថ្ងៃសង្ក្រាន្តឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣ ខែមេសានេះថា ឆ្នាំនេះជាឆ្នាំដំបូងហើយដែលសាលារៀនរបស់លោកបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មីលក្ខណៈទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកនោះទេ។ ហើយការធ្វើកម្មវិធីនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលខិតជិតមកដល់ឆាប់ៗ។

នេះជាឆ្នាំដំបូងហើយដែលគណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង រៀបចំធ្វើកម្មវិធីសង្ក្រាន្តអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមរយៈការបង្កើតបរិយាកាសសប្បាយរីករាយដល់យុវសិស្ស ព្រមទាំងធ្វើឲ្យពួកគាត់បានយល់ដឹងពីតម្លៃ នៃល្បែងប្រជាប្រិយ ឬចង្វាក់រាំបែបអត្តសញ្ញាណខ្មែរដែលដូនតាបន្សល់មក។

លោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង សង្កត់ធ្ងន់ដែរថា សាលាបានសហការជាមួយ ស.ស.យ.ក ខេត្តកោះកុង ព្រមទាំងសប្បុរសជនដែលឧបត្ថម្ភគាំទ្រជាថវិកា ក្នុងន័យបង្កើតបរិយាកាសសប្បាយៗនេះឡើងជូនដល់យុវសិស្ស និងយុវជនទូទៅ។

កម្មវិធីសង្ក្រាន្តនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ធ្វើឡើង ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសានេះហើយ ដោយគណៈគ្រប់គ្រងសាលាអំពាវនាវដល់យុវជន ក៏ដូចជាសាធារណជនចូលរួមលេងកម្សាន្តឲ្យបានកុះករទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងអភិវឌ្ឍន៍។

ចំណែកឯលោក ច័ន្ទ សុធា តំណាងលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លើកឡើងថា កម្មវិធីអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ប្រារព្ធទៅក្រោយបញ្ហាជំងឺកូវីដ-១៩ បានធូរស្រាល និងការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ព្រោះតែមានចាក់វ៉ាក់សាំងបង្ការបានគ្រប់ៗគ្នា។

បើតាមលោក សុធា នេះដោយសារតែការគិតគូរយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបធ្វើឲ្យពលរដ្ឋគ្រប់រូបបានបង្កើតកម្មវិធីសប្បាយជាថ្មីម្តងទៀត។ ក្នុងរយៈពេល ៣ ថ្ងៃ នៃសង្ក្រាន្តឆ្នាំថ្មី សាលារៀនបានរៀបចំឲ្យមានការរាំចង្វាក់រាំវង់ សារាវ៉ាន់ កន្ត្រឹម ក្បាច់ តាឡុង ជាដើម។ រីឯល្បែងប្រជាប្រិយវិញ មានដូចជា ចោលឈូង លាក់កន្សែង បោះអង្គញ់ វាយក្អម ទាញព្រ័ត្រ លក់ចំណីអាហារបែបខ្មែរបុរាណ របាំត្រុដិ និងពិធីរម្លឹកគុណគ្រូផងដែរ។

ទាំងគណៈគ្រប់គ្រងសាលារៀន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង សុទ្ធតែជឿជាក់ថា រាល់ការផ្ដួចផ្ដើមឲ្យមានជាការលេងល្បែងប្រជាប្រិយខ្មែរអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ជាមោទកភាពបំផុតសម្រាប់យុវជន និងពលរដ្ឋទូទៅ ប្រសិនមិនចូលរួមថែរក្សាការពារនោះទេ វានឹងបាត់បង់ទៅអនាគត។

មែនទែនទៅ មិនត្រឹមតែការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុងនោះទេ នៅតាមបណ្ដាវត្តអារាម និងតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តកោះកុង ក៏នឹងត្រៀមរៀបចំកម្មវិធីសប្បាយៗដូចគ្នាដែរនាពេលខាងមុខ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


