អត្ថាធិប្បាយ
១ឆ្នាំក្រោយសង្គ្រាមថៃឈ្លានពាន៖ កម្ពុជាមិនភ្លេចការឈឺចាប់ តែក៏មិនបោះបង់ផ្លូវសន្តិភាព
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាគម្រប់រយៈពេលមួយឆ្នាំពេញនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានជុំទី១របស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែលបានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅលើប្រជាពលរដ្ឋខ្មែរ។ ដ្បិតថារំលងមួយឆ្នាំទៅហើយ ប៉ុន្តែ សំឡេងផ្ទុះនៃអាវុធធុនធ្ងន់ សំឡេងយន្តហោះចម្បាំងដែលហោះកាត់លើមេឃ និងទិដ្ឋភាពប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីភូមិកំណើតដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព នៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជនកម្ពុជា។

សង្គ្រាមឈ្លានពានរយៈពេល៥យប់៥ថ្ងៃ មិនមែនជាជម្លោះដែលកម្ពុជាចង់បានឡើយ។ កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមប្រើកម្លាំងយោធា ហើយក៏មិនដែលប្រកាសថាចង់ដោះស្រាយបញ្ហាតាមរយៈសង្គ្រាមដែរ។ ផ្ទុយទៅវិញ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។ ការអត់ធ្មត់ ការអំពាវនាវឱ្យមានការចរចា និងការគោរពច្បាប់អន្តរជាតិ គឺជាជំហរដែលកម្ពុជាបានរក្សាជាប់ជានិច្ច។
ប៉ុន្តែ នៅលើដីជាក់ស្តែង សង្គ្រាមបានផ្ទុះឡើង។ ក្នុងរយៈពេល៥យប់៥ថ្ងៃ កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំងF-16 និងGripen ដើម្បីវាយប្រហារចូលក្នុងទឹកដីកម្ពុជា។ ភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនក្លាយជាតំបន់ប្រយុទ្ធ។ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន បានទទួលរងការខូចខាត។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ពេលវេលានោះ មិនមែនជារឿងធម្មតាទេ ប៉ុន្តែ ជារឿងស្លាប់ និងរស់។

ទោះបីជាបទឈប់បាញ់ត្រូវបានឯកភាព និងបានបញ្ឈប់ការប្រយុទ្ធជុំទី១ក៏ដោយ ក្តីសង្ឃឹមថាសន្តិភាពនឹងវិលត្រឡប់មកវិញ មិនបានស្ថិតយូរឡើយ។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាត្រូវប្រឈមនឹងការវាយប្រហារឈ្លានពានជុំទី២ ដែលបានអូសបន្លាយរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ សង្រ្គាមឈ្លានពានរបស់ថៃលើកទី២នេះ បានបង្កឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ក្លាយជាជនភៀសសឹកនៅក្នុងប្រទេសរបស់ខ្លួន។ មនុស្សជាច្រើនបាត់បង់ទ្រព្យសម្បត្តិដែលខិតខំកសាងអស់ជាច្រើនឆ្នាំ ខណៈកុមារជាច្រើនត្រូវផ្អាកការសិក្សា ហើយគ្រួសារជាច្រើនរស់នៅក្នុងភាពភ័យខ្លាច និងមិនប្រាកដប្រជាអំពីថ្ងៃស្អែក។
អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែគួរឱ្យព្រួយបារម្ភ គឺបន្ទាប់ពីមានការព្រមព្រៀងឱ្យបញ្ឈប់ការបាញ់ប្រហារ កម្ពុជាបានបន្តអនុវត្តតាមការសន្យា តាមការឯកភាពគ្នា និងបង្ហាញឆន្ទៈក្នុងការរក្សាស្ថិរភាពនៅតំបន់ព្រំដែន។ ប៉ុន្តែ ភាគីថៃបានបន្តសកម្មភាពបង្កហេតុផ្សេងៗ រំលោភលើកិច្ចព្រមព្រៀង និងបានបន្តសកម្មភាពឯកតោភាគីនៅតាមតំបន់ព្រំដែន។ សកម្មភាពទាំងនេះ បានប៉ះពាល់ដល់ទំនុកចិត្ត និងធ្វើឱ្យការកសាងបរិយាកាសសន្តិភាពប្រឈមនឹងឧបសគ្គកាន់តែខ្លាំង។

ក្នុងអំឡុងសង្រ្គាមឈ្លានពានរបស់ថៃទាំងពីរជុំ កងកម្លាំងប្រដាប់អាវុធកម្ពុជា បានបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា ក្រុមគ្រូពេទ្យ និងកម្លាំងសង្គ្រោះ បានចូលរួមជម្លៀស និងមើលថែទាំប្រជាពលរដ្ឋដែលរងគ្រោះ។ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន វីរភាពមិនមែនមានតែនៅជួរមុខប៉ុណ្ណោះទេ ប៉ុន្តែ ក៏មាននៅក្នុងការលះបង់របស់អ្នកស្ម័គ្រចិត្ត គ្រូពេទ្យ និងប្រជាពលរដ្ឋដែលបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
មួយឆ្នាំក្រោយមក ស្នាមរបួសក្នុងចិត្តរបស់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ អ្នកដែលត្រូវរត់ភៀសខ្លួនទាំងកណ្តាលយប់ ឬកុមារដែលធំឡើងជាមួយសំឡេងផ្ទុះនៃសង្គ្រាម មិនមែនជារឿងដែលអាចលុបបំបាត់បានដោយពេលវេលាខ្លីនោះទេ។ការរំលឹកខួបមួយឆ្នាំនេះ មិនគួរត្រូវបានមើលឃើញជាការរំលឹកអំពីសង្គ្រាមឈ្លានពាន ដើម្បីបង្កើតការស្អប់ខ្ពើមនោះឡើយ។ ផ្ទុយទៅវិញ វាគួរតែជាការរំលឹកអំពីតម្លៃនៃសន្តិភាព និងមេរៀនថា សង្គ្រាមតែងតែធ្វើឱ្យប្រជាពលរដ្ឋសាមញ្ញក្លាយជាជនរងគ្រោះមុនគេ។

ជំហររបស់កម្ពុជានៅតែដដែល គឺការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន និងបន្តគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ សន្តិភាពពិតប្រាកដ មិនមែនកើតឡើងដោយការប្រើកម្លាំងទេ ប៉ុន្តែ កើតឡើងពីការគោរពអធិបតេយ្យភាព ការគោរពច្បាប់ និងការគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិដទៃ៕
(ដោយ៖ វណ្ណ សុគន្ធា ការីនិពន្ធផ្នែកនយោបាយ)
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


