Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត 

បានផុស

នៅ

ស្របពេលស្ថានការណ៍ភាគខាងត្បូង កំពុងក្តៅគគុក, ប្រទេសថៃ បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្ត Narathiwat ដើម្បីចាត់វិធានការតទល់ជាមួយ ​ក្រុមផ្តាច់ខ្លួន ក្រោយទាហានឈុតខ្មៅ ៥នាក់ ក្ស័យជីវិត ក្នុងការវាយប្រហារដោយបាញ់រះ និងគប់គ្រាប់បែកដៃ។

(រូប៖ Amarin)

តាមការផ្សាយរបស់ទូរទស្សន៍ Amarin នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការកងកម្លាំងពិសេសខេត្ត Narathiwat បានប្រកាសអំពីច្បាប់នេះ ដើម្បីបិទខ្ទប់ច្រកចេញទាំងអស់ក្នុងខេត្ត ធ្វើយ៉ាងណា ចាប់ខ្លួនពួកសកម្មប្រយុទ្ធ ដែលបើកការវាយប្រហារ ដ៏កក្រើកនោះ ឲ្យខាងតែបាន។

ក្រោមច្បាប់នេះ ដែលស៊ីញេដោយមេបញ្ជាការ Yodawut Phungphak, ទាហានថៃ ក៏មានសិទ្ធប្រើអាវុធភ្លាមៗ បានតាមចិត្តផងដែរ បើមើលទៅ ខ្លួនស្ថិតក្នុងស្ថានភាពមិនស្រួល និងរងការគំរាមកំហែងពីអ្នកដទៃ។

(រូប៖ Amarin)

កងទ័ពនឹងបង្កើតប៉ុស្តិសន្តិសុខ នៅតាមទីតាំងនានា ហើយមានសិទ្ធបញ្ឈប់រាល់យានយន្ត ដែលមើលទៅ ដូចជាមានហានិភ័យ និងសង្ស័យ ហើយអាចឃាត់ខ្លួនមនុស្សបាន ភ្លាមៗ។

មិនត្រឹមប៉ុណ្ណឹង ពលរដ្ឋ ត្រូវបានហាមដាច់ខាត មិនឲ្យចាកចេញពីផ្ទះឡើយ ចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៥ព្រឹក ប៉ុន្តែក្នុងករណីបន្ទាន់ ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីយោធា។

(រូប៖ Amarin)

ជុំវិញអំពើហិង្សានេះ នាយករដ្ឋមន្ត្រីថៃ អានុទីន បានថ្លែងនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថា ការវាយប្រហារយ៉ាងកក្រើកនោះ បានរុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែអាក្រក់បំផុត​ ហើយណែនាំឲ្យមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជាពិសេសកងទ័ព ត្រូវធ្វើគ្រប់បែបយ៉ាង ដើម្បីធានាសន្តិសុខ និងទប់ស្កាត់ការវាយប្រហារបែបនេះ កុំឲ្យកើតឡើងទៀតនាពេលអនាគតទៀត ឲ្យបាន។

សូមជម្រាបជាថ្មី ក្រុមផ្តាច់ខ្លួន បានបើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារទៀតផង៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម