Connect with us

អត្ថាធិប្បាយ

អត្ថន័យពិតនៃមិត្តភាព ៖ ចាប់ពីទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដល់រវាងរដ្ឋនិងរដ្ឋ

បានផុស

នៅ

ដោយ ៖ បណ្ឌិត ឈត ប៊ុនថង 

អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យ សភាកម្ពុជា សេចក្ដីស្រឡាញ់ ភក្ដីភាព និងកាតព្វកិច្ចសីលធម៌ គឺជាគ្រឹះដ៏មានឥទ្ធិពលដែលតម្រង់ទិសទំនាក់ទំនងមនុស្សជាតិ។ នៅពេលដែលគំនិតនេះត្រូវបានលើកយកមកពិចារណាក្នុងវិសាលភាពដ៏ទូលំទូលាយ មិត្តភាពលែងនៅត្រឹមតែជាចំណងបុគ្គលរវាងមនុស្សនិងមនុស្សទៀតហើយ ប៉ុន្តែវាបានក្លាយជា «ស្ថាបត្យកម្មសាកល» ដែលសម្រេចវាសនារបស់គ្រួសារ ស្ថាប័ន និងសូម្បីតែទំនាក់ទំនងអន្តររដ្ឋ។

នៅក្នុងដំណើរនៃការស្វែងយល់ពីខ្លឹមសារនេះ ទស្សនវិជ្ជាបុរាណរបស់ អារីស្តូត បានចាត់ទុកមិត្តភាពដ៏ខ្ពង់ខ្ពស់បំផុតថាជាមិត្តភាពដែលឈរលើមូលដ្ឋាននៃគុណធម៌។ មិត្តល្អ មិនមែនត្រឹមតែជាបុគ្គលដែលផ្ដល់ភាពសប្បាយរីករាយ ឬផលប្រយោជន៍ក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ។

ក្នុងន័យនេះ មនោសញ្ចេតនានៅក្នុងមិត្តភាពត្រូវតែត្រូវបានតម្រង់ទិសដោយការគោរព ហើយមិនត្រូវយកការចង់គ្រប់គ្រង ឬការត្រួតត្រាផ្ដាច់មុខលើបុគ្គលណាម្នាក់មកធ្វើជាគោលការណ៍នាំមុខនោះឡើយ។ មិត្តល្អពិតប្រាកដមិនដែលហាមឃាត់មិនឱ្យមិត្តរបស់ខ្លួនមិនឱ្យរាប់អានជាមួយអ្នកដទៃក្រៅពីខ្លួនទេ។ ផ្ទុយទៅវិញ ពួកគេយល់ថា មិត្តភាពមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលត្រូវកាន់កាប់ផ្ដាច់មុខនោះទេ ប៉ុន្តែវាជាលំហសេរីភាពទៅវិញ។

ទន្ទឹមនឹងសេរីភាពនេះដែរ ភាពចាស់ទុំរបស់អ្នកមានគតិបណ្ឌិតតែងតែបង្ហាញចេញតាមរយៈការគ្រប់គ្រងពាក្យសម្តីពេលមានការអាក់អន់ចិត្តជាមួយគ្នា ។ ទោះបីជាមានភាពខុសគ្នាខាងនយោបល់ ឬការអាក់អន់ចិត្តយ៉ាងណាក៏ដោយ ក៏បុគ្គលដែលមានគុណធម៌តែងតែគិតគូរបានហ្មត់ចត់ថា «ពាក្យណាគួរនិយាយ ពាក្យណាមិនគួរនិយាយ» នៅពេលដែលពួកគេអាក់អន់ចិត្តជាមួយគ្នា ដើម្បីរក្សាភាពថ្លៃថ្នូរ។ ការរក្សាព្រំដែននៃការប្រើពាក្យនេះ គឺជាស្ពានបំរុងទុកសម្រាប់ការផ្សះផ្សាគ្នាវិញប្រកបដោយភាពងាយស្រួល និងគ្មានស្នាមរបួសជ្រៅក្នុងស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើនេះ ស្វ័យភាព គឺជាដែនកំណត់ដ៏សំខាន់ ដែលតម្រូវឱ្យមិត្តល្អមិនត្រូវបង្ខំឬដាក់សម្ពាធឱ្យមិត្តជួយខ្លួនតាមវិធីដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ឬកិត្តិយស នៃ មិត្តរបស់ខ្លួនឡើយ។ ការទាមទារឱ្យមិត្តធ្វើរឿងខុសច្បាប់ ឬខុសសីលធម៌ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺស្មើនឹងការបំផ្លាញអត្ថន័យពិតនៃមិត្តភាពដល់ឫសគល់។

ស្របពេលជាមួយគ្នានេះ កាតព្វកិច្ច និងតុល្យភាពនៃការជួយគ្នាក្នុងគ្រាមានអាសន្ន ត្រូវតែអមដោយគោលការណ៍នៃស្វ័យភាព និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ ជាក់ស្តែង មិត្តល្អត្រូវតែជួយគ្នាតាមដែលអាចធ្វើទៅបាន ជាពិសេសពេលមានអាសន្នឬមានវិបត្តិ ប៉ុន្តែ អ្នកដែលត្រូវគេជួយ ក៏ត្រូវខិតខំជួយខ្លួនឯងជាមុនសិនដែរ។

ការជួយជំនួសគ្រប់រឿងដោយមិនឱ្យសាមីខ្លួនបានខិតខំប្រឹងប្រែង គឺជាការបង្កើត «វប្បធម៌ពឹងផ្អែក»ហួសហេតុ ដែលធ្វើឱ្យបុគ្គលនោះចុះខ្សោយសមត្ថភាពអភិវឌ្ឍខ្លួនឯង។ នៅក្នុងបរិបទសង្គមសម័យទំនើប ការជួយគ្នាប្រកបដោយនិរន្តរភាព គឺការផ្ដល់ការបង្រៀនរបៀបរកត្រី ជំនួសឱ្យការផ្ដល់ត្រីឱ្យហូបគ្រប់ពេល ដែលធ្វើឱ្យមិត្តក្លាយជាមនុស្សខ្សោយ និងបាត់បង់ឯករាជ្យភាព។

ឆ្លងផុតពីវិសាលភាពបុគ្គល នៅពេលដែលទស្សនវិជ្ជាស្ដីអំពីមិត្តភាពត្រូវបានលើកកម្ពស់ដល់កម្រិតស្ថាប័ន និងទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ គោលការណ៍សីលធម៌នៅតែរក្សាភាពនឹងនរដដែល ប៉ុន្តែវាទាមទារឱ្យមានការប្រើប្រាស់យុទ្ធសាស្ត្រ និងការទូតប្រកបដោយប្រាជ្ញាញាណខ្ពស់បំផុត។

នៅក្នុងការជួយដោះស្រាយជម្លោះ មិនថាជាកម្រិតស្ថាប័នឯកជនឬរវាងរដ្ឋនិងរដ្ឋនោះទេ មិត្តល្អមិនមែនត្រូវចេញមុខទៅពាំងមុខជំនួសភាគីជម្លោះដោយងងឹតងងុល ឬលំអៀងនោះឡើយ។ ការចេញមុខបាំងមុខទាំងមិនដឹងខុសត្រូវ នឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងពង្រីកវិសាលភាពនៃជម្លោះឱ្យកាន់តែធំឡើង។

នៅក្នុងពិភពលោកបច្ចុប្បន្ន ដែលភូមិសាស្ត្រនយោបាយកំពុងមានភាពផុយស្រួយ និងពោរពេញដោយការប្រកួតប្រជែងគ្នារវាងមហាអំណាច មិត្តល្អក្នុងកម្រិតអន្តររដ្ឋតែងតែជ្រើសរើសវិធីសាស្ត្រ «ការទូតពីក្រោយខ្នង»។ ដូចដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹតភាព និងការទូតសន្តិភាព មិត្តភាពអន្តរជាតិល្អពិតប្រាកដ គឺការផ្ដល់វេទិកាជជែកដេញដោល ការផ្ដល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ឬការប្រើប្រាស់អំណាចទន់ ដើម្បីសម្របសម្រួល។ វិធីសាស្ត្រនេះមិនត្រឹមតែជួយរក្សាបាននូវអធិបតេយ្យភាព និងកិត្តិយសរបស់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជៀសវាងបាននូវការធ្វើ អន្តរាគមន៍លើសកម្រិត ដែលអាចនាំឱ្យមានអស្ថិរភាពថ្នាក់តំបន់ថែមទៀតផង។


សេចក្តីសន្និដ្ឋាន

មិត្តភាពដ៏ល្អប្រសើរ មិនថានៅកម្រិតបុគ្គល គ្រួសារ ស្ថាប័ន ឬកម្រិតអន្តរជាតិឡើយ គឺទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅរវាង «សេចក្តីស្រឡាញ់ និងការគោរពសេរីភាព» ក៏ដូចជារវាង «ភក្ដីភាពនិងការរក្សាគន្លងយុត្តិធម៌»។ មិត្តល្អបំផុត គឺជាអ្នកដែលមិនត្រឹមតែឈរនៅក្បែរយើងពេលមានសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលជួយលើកកម្ពស់សេចក្ដីថ្លៃថ្នូរ មិនបង្កបន្ទុកទម្ងន់ដល់គ្នា និងចេះប្រើប្រាស់ប្រាជ្ញាញាណក្នុងការដោះស្រាយបញ្ហាដោយសន្តិភាព ចីរភាព និងការគោរពគ្នាទៅវិញទៅមកក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម