Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត

បានផុស

នៅ

ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និង ច្រាំងស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុងរងការខូចខាត និង លើកតម្លៃទេសភាពឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការជួសជុលដំណាក់កាលទី ៦ នេះ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦ នេះ។

លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និង ច្រាំងស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី ៦ ដែលមានប្រវែង ៥៦ ម៉ែត្រ ជាដំណាក់កាលបញ្ចប់។

បច្ចុប្បន្ននេះ រចនាសម្ព័ន្ធស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត មានកំណកដីច្រើន ធ្វើឲ្យបាត់រូបរាងដើមរបស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់ក្នុងដី ថ្មច្រាំងខ្លះក៏ខូចខាតដោយសារតែបៀមទឹក ធ្វើឲ្យថ្មឆាប់ពុកផុយ ថែមទាំងរងកម្តៅថ្ងៃជាមួយនឹងទឹកក្តៅសើមៗ បណ្តាលឲ្យថ្មភក់ងាយនឹងបាក់បែក។ កន្លែងខ្លះបានបាត់ថ្ម ធ្វើឲ្យមានចន្លោះប្រហោង ជាហេតុបណ្តាលឲ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះក៏មាន។

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយរុះរើថ្មជាស្រទាប់ៗ ហើយរំកិលទៅដាក់នៅទីតាំងផ្សេង ដើម្បីងាយស្រួលក្នុងការជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់ក្នុងការជួយទប់ដីកុំឲ្យហូរច្រោះ។

ការជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើមការងារស្រាវជ្រាវតាំងពីឆ្នាំ ២០១៩ មក។ មុននឹងធ្វើការជួសជុលដំណាក់កាលនីមួយៗ គឺ ក្រុមអ្នកជំនាញ បានរៀបចំការងារជាច្រើន ដូចជា កំណាយសិក្សាស្រាវជ្រាវពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ សិក្សាប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និង សំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុល គណៈកម្មាធិការ ICC-Angkor/Sambor Prei Kuk ក៏បានតម្រូវឲ្យសិក្សារចនាសម្ព័ន្ធ និង វិភាគការខូចខាតជាមុនផងដែរ៕

អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម