ព័ត៌មានជាតិ
អ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
ពលរដ្ឋជាតិបារាំងម្នាក់ដែលកាន់លិខិតឆ្លងដែនបារាំង និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានចេញមុខប្រកាសជាសាធារណៈនៅលើបណ្តាញសង្គម គណនីឈ្មោះ JI WI ដើម្បីឱ្យមហាជនបានដឹងពីហេតុការណ៍ដែលខ្លួន និងកូនស្រីត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ថៃបដិសេធមិនឱ្យចូលប្រទេស រួចបញ្ជូនត្រឡប់មកទីក្រុងភ្នំពេញវិញ ដោយតម្រូវឱ្យចេញថ្លៃចំណាយទាំងអស់ដោយខ្លួនឯង។
តាមការរៀបរាប់របស់ម្ចាស់គណនី បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលខ្លួនកំពុងជូនកូនស្រីទៅជិះយន្តហោះ បន្ទាប់ពីនាងបានមកលេងនៅប្រទេសកម្ពុជា។ កូនស្រីរបស់ JI WI ត្រូវធ្វើដំណើរតែម្នាក់ឯងតាមសេវាកម្មកុមារធ្វើដំណើរគ្មានអាណាព្យាបាល (UM – Unaccompanied Minor) ចេញពីទីក្រុងបាងកកទៅកាន់ប្រទេសបារាំង ប៉ុន្តែនាងមិនត្រូវបានគេអនុញ្ញាតឱ្យឡើងយន្តហោះនោះឡើយ។
JI WI បានបន្តថា ខ្លួន និងកូនស្រីត្រូវបង្ខំចិត្តស្នាក់នៅក្នុងការិយាល័យអន្តោប្រវេសន៍ថៃអស់រយៈពេល ៦ ម៉ោង ដែលពិពណ៌នាថា មានបរិយាកាស «ដូចជាគុក» ដោយគ្មានការផ្តល់មូលហេតុសមហេតុផលណាមួយឡើយ។ JI WI ជាពលរដ្ឋបារាំងដែលគោរព និងស្រឡាញ់ប្រទេសកម្ពុជា ដែលជាកន្លែងដែលខ្លួនកំពុងរស់នៅ ខណៈមូលហេតុតែមួយគត់ដែលអាជ្ញាធរថៃបានប្រាប់រូបលោកឌឺដងដដែលៗចំនួន ៣ លើក គឺ៖ «បើអ្នកស្រឡាញ់កម្ពុជា អ្នកគួរតែនៅទីនោះទៅ»។
ជុំវិញករណីនេះ ពលរដ្ឋបារាំងរូបនេះបានសម្តែងការខឹងសម្បារ និងប្រកាសផ្តាច់ទំនាក់ទំនង ដោយលើកឡើងថា ខ្លួននឹងមិនត្រឡប់ទៅទីនោះទៀតឡើយ ហើយក៏មិនចំណាយប្រាក់សូម្បីតែមួយសេនលើផលិតផល ឬនៅក្នុងប្រទេសថៃទៀតដែរ ហើយបានរិះគន់ចំៗថា អាជ្ញាធរទាំងនោះគ្មានចិត្តមេត្តា ពោរពេញដោយការស្អប់ខ្ពើម និងមិនអាចបង្ហាញក្តីអាណិតសូម្បីតែចំពោះកុមារម្នាក់ ព្រមទាំងបានប្រើប្រាស់ពាក្យសម្តីប្រឆាំងយ៉ាងដាច់អហង្ការទៅកាន់អាជ្ញាធរថៃផងដែរ។

បន្ទាប់ពីសំណេរនេះត្រូវបានចែករំលែក និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ម្ចាស់គណនីរូបនេះបានបញ្ជាក់បន្ថែមនៅក្នុងប្រអប់បញ្ចេញមតិ (Comment) ដោយថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង និងសារលើកទឹកចិត្តទាំងឡាយ។ JI WI បានទម្លាយបន្ថែមថា ទីបំផុតខ្លួន និងកូនស្រីអាយុ ១២ ឆ្នាំ បានត្រឡប់មកដល់ទឹកដីកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីត្រូវគេឃុំឃាំងអស់រយៈពេលរហូតដល់ ២៤ ម៉ោង នៅក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍ក្នុងប្រទេសថៃ។
ជាមួយគ្នានេះ JI WI បានសម្តែងក្តីរំភើប និងកោតសរសើរចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីគយកម្ពុជា នៅពេលមកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយភាពស្និទ្ធស្នាល ញញឹមរស់រាយ និងមានចិត្តសប្បុរស។ JI WI ក៏បានគូសបញ្ជាក់ដោយការសោកស្តាយផងដែរថា ករណីដែលកើតឡើងលើរូបខ្លួន និងកូនស្រីនេះ មិនមែនជាករណីទីមួយនោះឡើយ ដែលត្រូវជួបប្រទះនូវស្ថានភាពបែបនេះ។
គួរបញ្ជាក់ថា ការរៀបរាប់ខាងលើ គឺផ្អែកលើការបង្ហោះរបស់គណនីហ្វេសប៊ុក JI WI ប៉ុណ្ណោះ ហើយកម្ពុជាថ្មី មិនទាន់មានការបញ្ជាក់ ឬការឆ្លើយតបជាផ្លូវការពីអាជ្ញាធរថៃពាក់ព័ន្ធនឹងការអះអាងនេះនៅឡើយ៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


