Connect with us

ជីវិតកម្សាន្ដ

ប្អូនស្រី G-Devith មោទនភាពនឹងឆន្ទៈបងប្រុស ដែលទម្រាំមកដល់ថ្ងៃនេះ បានឆ្លងកាត់ការព្យុះភ្លៀងរាប់មិនអស់

បានផុស

នៅ

កញ្ញា ងួន ចាន់ដារីយ៉ា ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង G-Devith បានបង្ហោះសារដ៏វែងមួយលើបណ្ដាញសង្គម បង្ហាញអារម្មណ៍មោទនភាព និងការគាំទ្រចំពោះដំណើរជីវិត និងអាជីពរបស់បងប្រុស ក្រោយការប្រកាសគម្រោង «G-DEVITH TO THE GLOBAL, From KINGDOM to the WORLD»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារនោះ ចាន់ដារីយ៉ា បានរំលឹកថា ទម្រាំឈានមកដល់ចំណុចដូចបច្ចុប្បន្ននេះ G-Devith បានឆ្លងកាត់ពាក្យត្មះដៀល ការរើសអើង ការពេបជ្រាយ ការមើលងាយ និងការរិះគន់រាប់មិនអស់ តែទោះយ៉ាងណា ពាក្យនិទ្ទាទាំងនោះមិនដែលរលត់ទៅទេ ប៉ុន្តែនៅតែបន្តតាមដានគាត់ជានិច្ច។

ដារីយ៉ា បានប្រៀបធៀបបងប្រុសខ្លួន ដូចជាមនុស្សម្នាក់ដែលឈរនៅកណ្តាលព្យុះ តស៊ូប្រឆាំងនឹងឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តដំណើរទៅរកគោលដៅ។ សម្រាប់កញ្ញា ជីវិតរបស់ G-Devith គឺជាភស្តុតាងបង្ហាញថា ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែកើតចេញពីការអត់ធ្មត់ ការខិតខំប្រឹងប្រែង និងការមិនបោះបង់ចោលក្តីស្រមៃ។

កញ្ញាថា “មនុស្សជាច្រើនតែងនិយាយថា ក្រោយភ្លៀង មេឃតែងស្រឡះ ពាក្យនេះពិតជាត្រឹមត្រូវ។ ប៉ុន្តែសម្រាប់ជីវិតមនុស្សខ្លះ ព្យុះមួយទើបតែផុត ព្យុះមួយទៀតក៏បន្តមកទៀត ប្រៀបដូចភ្លៀងរដូវវស្សាដែលធ្លាក់ពុំចេះដាច់។ ទោះជាយ៉ាងណា បើយើងក្រឡេកមើលដំណើរជីវិតរបស់បុរសម្នាក់នេះ យើងនឹងឃើញភាពតស៊ូ ការអត់ធ្មត់ ភាពក្លាហានក្នុងការពុះពារគ្រប់ឧបសគ្គ និងការបន្តដើរទៅមុខ ទោះបីត្រូវប្រឈមនឹងការមើលងាយ និងការរិះគន់យ៉ាងណាក៏ដោយ”។

ដ្បិតឆ្លងកាត់ព្យុះភ្លៀងច្រើនរាប់មិនអស់ តើ G-Devith ធ្លាប់ឈប់ដែរឬទេ? ដារីយ៉ា បញ្ជាក់ថា “មិនដែលទេ។ ព្រោះគាត់ជឿថា ជីវិតមួយនេះត្រូវរស់ឱ្យមានន័យ ធ្វើអ្វីដែលខ្លួនស្រលាញ់ សងគុណប្រទេសជាតិ និងចែករំលែកក្តីស្រលាញ់ ព្រមទាំងមេត្តាដល់អ្នកដទៃតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន”។ ចាន់ដារីយ៉ា បន្ថែមថា បើ G-Devith រវល់តែស្តាប់ពាក្យរិះគន់ ឬឱ្យអ្នកដទៃកំណត់ផ្លូវជីវិតរបស់ខ្លួន នោះគាត់ប្រហែលជាមិនអាចឈានដល់ភាពជោគជ័យដូចសព្វថ្ងៃបានឡើយ។

កញ្ញា លើកឡើងទៀតថា អ្វីដែលជំរុញឱ្យបងប្រុសបន្តដើរទៅមុខ គឺឆន្ទៈដ៏រឹងមាំ ក្តីស្រលាញ់ចំពោះតន្ត្រី ការគាំទ្រពីអ្នកគាំទ្រ និងបំណងចង់រួមចំណែកលើកស្ទួយមុខមាត់ប្រទេសជាតិ តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។ កញ្ញាជឿជាក់ថា ពេលមនុស្សម្នាក់ធ្វើអ្វីមួយ ដោយមិនគិតត្រឹមប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែប្រាថ្នាចង់លើកតម្កើងមុខមាត់ប្រទេសជាតិ និងនាំយកវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់ កម្លាំងដែលមើលមិនឃើញទាំងនោះតែងស្ថិតនៅក្បែរ ជំរុញឱ្យគាត់បន្តដើរទៅមុខ ទោះផ្លូវនោះពោរពេញដោយឧបសគ្គយ៉ាងណាក៏ដោយ។

សម្រាប់ចាន់ដារីយ៉ា ជោគជ័យដែល G-Devith ទទួលបាននៅថ្ងៃនេះ មិនមែនជាទីបញ្ចប់នៃដំណើរនោះទេ ប៉ុន្តែគ្រាន់តែជាជំហានថ្មីមួយប៉ុណ្ណោះ។ កញ្ញាជឿថា នៅពេលខាងមុខ G-Devith នៅមានសមិទ្ធផលធំៗជាច្រើនទៀតកំពុងរង់ចាំ។

លើសពីមោទនភាពចំពោះបងប្រុស ប្អូនស្រី G-Devith ថា សម្រាប់ខ្លួន បងប្រុសម្នាក់នេះប្រៀបដូចជាដើមឈើធំមួយ ដែលទោះជាត្រូវខ្យល់ព្យុះបោកបក់ រង្គោះរង្គើ និងទោរទារប៉ុណ្ណាក៏ដោយ ក៏មិនអាចដួលរលំបាន។ មូលហេតុគឺគាត់មានឫសគល់ដ៏រឹងមាំ ដែលកើតចេញពីសេចក្តីល្អ ភាពដឹងគុណ ភាពស្មោះត្រង់ចំពោះខ្លួនឯង និងឧត្តមគតិដែលមិនងាយរង្គោះរង្គើ។

ដំណើរជីវិតរបស់ G-Devith ត្រូវបាន ងួន ចាន់ដារីយ៉ា ចាត់ទុកថា ជាមេរៀនដ៏មានតម្លៃមួយ ដែលបង្ហាញថា ភាពជោគជ័យមិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការឆ្លងកាត់ឧបសគ្គនៃជីវិតនោះឡើយ។ ការបន្តដើរទៅមុខម្តងមួយជំហានៗ ដោយមិនបោះបង់ក្តីស្រមៃ គឺជាគន្លឹះនាំទៅរកគោលដៅដែលខ្លួនប្រាថ្នា។

កញ្ញាក៏បានលើកឡើងថា G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានរួមគ្នាពុះពារឧបសគ្គជាច្រើនឆ្នាំ ដោយបន្តបង្កើតស្នាដៃ និងរួមចំណែកលើកស្ទួយវិស័យតន្ត្រីកម្ពុជាឱ្យកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិ រហូតសម្រេចបានសមិទ្ធផលដ៏មានអត្ថន័យមួយនេះ។

ជាមួយគ្នានេះ ងួន ចាន់ដារីយ៉ា ក៏បានអបអរសាទរចំពោះជំហានថ្មី «G-DEVITH TO THE GLOBAL, From KINGDOM to the WORLD» ដោយជូនពរឱ្យដំណើរខាងមុខរបស់លោក ពោរពេញដោយភាពជោគជ័យ ក្តីស្រលាញ់ និងក្តីស្រមៃថ្មីៗ ដែលនឹងក្លាយជាការពិត។ សូមឱ្យស្នាដៃរបស់អ្នកបន្តនាំមកនូវមោទនភាព ក្តីសង្ឃឹម និងការបំផុសគំនិតដល់អ្នកគាំទ្រ និងជនរួមជាតិដើម្បីលើកតម្កើងមុខមាត់ប្រទេសជាតិឱ្យកាន់តែភ្លឺចែងចាំងលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម