Connect with us

នយោបាយ

ប្រធានាធិបតី​ចិន​ថា​នឹង​បន្ត​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-ថៃ​ល្អ​ប្រសើរ​ឡើង​វិញ

បានផុស

នៅ

​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ថា​ប្រទេស​ចិន​នឹង​បន្ត​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​ស្ថាន​ភាព​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​បាន​វាយ​តម្លៃ​ខ្ពស់​ពី​ការ​ព្យាយាម​រក្សា​បាន​បទ​ឈប់​បាញ់​ និង​ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​របស់​កម្ពុជា​និង​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ឱ្យ​ដឹង​ថា​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ទីក្រុង​សៀងហៃ​ លោក ស៊ី បាន​លើក​ឡើង​ថា​ការ​រក្សា​បាន​បទ​ឈប់​បាញ់ និង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា និង​ថៃ​ជា​បណ្ដើរ​ៗ គឺ​បម្រើ​ដល់​ផល​ប្រយោជន៍​ជា​មូលដ្ឋាន និង​យូរអង្វែង​ដល់​ប្រទេស​ទាំង​ពីរ​។ លោក​បាន​បញ្ជាក់​ថា​ប្រទេស​លោក​ គាំទ្រ​ដល់​កម្ពុជា​និង​ថៃ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​តាម​រយៈ​ការ​សន្ទនា និង​ពិគ្រោះ​យោបល់ ហើយ​ចិន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​ក្នុង​រឿង​នេះ​។

​​​​​ក្នុង​ជំនួប​នោះ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ប្រទេស​ចិន​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​ចរចា​សន្ដិភាព និង​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្ដិវិធី​រវាង​កម្ពុជា​និង​ថៃ។ សម្ដេច​ក៏​បញ្ជាក់​ប្រាប់​លោក ស៊ី ផង​ដែរ​ថា​កម្ពុជា​នឹង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ការ​សន្ទនា​និង​ការ​ចរចា​ដើម្បី​បន្ធូរ​នូវ​ស្ថានការណ៍​។


គិត​រហូត​មក​ដល់​ពេល​នេះ​គឺ​ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥។ បើ​ទោះ​បី​សម្រេច​បាន​បទ​ឈប់​បាញ់​ដល់​ទី​២​លើក​ហើយ​ក្ដី និង​មាន​កិច្ច​ព្រមព្រៀង​រៀបចំ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដោយ​តែ​មក​ដល់​ពេល​នេះ​ថៃ​នៅ​តែ​បន្ត​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​បង្ក​បញ្ហា​ជា​មួយ​កម្ពុជា​ជា​រឿយៗ​ផង​ដែរ ដោយ​ងាក​ចេញ​ពី​យន្ត​ការ​ទ្វេភាគី និង​ព្យាយាម​គេចវេះ​ពី​កិច្ច​ប្រជុំ​ JBC ជាបន្តបន្ទាប់​៕

អត្ថបទដោយ​ ហ៊ុន សិរិវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម