Connect with us

នយោបាយ

ប្រធានសភា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​នាសប្ដាហ៍​ក្រោយ​

បានផុស

នៅ

ប្រធានសភា​កម្ពុជា​សម្ដេច​សភា​ធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដើម្បី​រឹត​ចំណង​មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ឱ្យ​កាន់​តែ​ជិតស្និត រឹង​មាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ថ្ងៃ​ទី​២៤​ ខែ​កក្កដា ឆ្នាំ​២០២៦ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឱ្យ​ដឹង​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សម្ដេច​នឹង​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (TO Lam) ជួបពិភាក្សាការងារទ្វេភាគី ជាមួយ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ឡេ មិញហ៊ឹង (Le Minh Hung) ផង​ដែរ​។

អគ្គលេខាធិការ​រដ្ឋ​សភា​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​ថា​៖ «ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

​​បើ​តាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ គណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទាំងពីរ សមាជិកគណៈប្រតិភូដែលអមដំណើរសម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីវៀតណាម ក្នុងការចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធជាមួយគ្នាផងដែរ។

សម្ដេច​សភាធិបតី ឃួន សុដារី និងប្រធាន​រដ្ឋវៀតណាម លោក តូ ឡឹម នៅ​វិមាន​សភា​កម្ពុជា​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ​២០២៤។

ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា​ក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមានតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៍ដូចជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវាសុខាភិបាល សំដៅបម្រើឧត្តមប្រយោជន៍ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម