លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រោម​ប្រធានបទ “​ការអភិរក្ស​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប​” កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ថា ដើម្បី​ឲ្យ​សង្វាក់​ផលិតកម្ម នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫ​ស្សី​ត្រឹប​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល តែ​ពេលនេះ មានតែ​១០០​ក្បាល​ប៉ុណ្ណោះ ហើយ​បាន​បញ្ជា​ទិញ​ចំនួន​១០០​ក្បាល​ទៀត តែ​មិនទាន់​យកមក​បាន ដោយសា​តែ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ទូច លើកឡើងថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​បានផ្ដល់​គោ​ចំនួន​៥០​ក្បាល​ទៀត ហើយ​លោក​បាន​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធនាគារ ដើម្បី​ទិញ​គោ​ចំនួន​៥០​ក្បាល​បន្ថែមទៀត ប៉ុន្តែ​នៅពេល​រៀបចំ​យក​គោ​ទាំងនោះ​ចូលមក​កម្ពុជា ប្រទេស​ថៃ​ក៏ត្រូវ​បិទ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ លោក​ថា ដើម្បី​ឲ្យ​សង្វាក់​ផលិតផល​នេះ​ដើរ យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល ហើយ​ប្រសិនបើ​សង្វាក់​កម្ម នៃ​ទឹកដោះគោ​លក់​មិន​ចេញ យើង​ត្រូវ​កែច្នៃ​ទៅជា​ប័​រ ឈី​ប ប្រូ​ម៉ា ជាដើម ពីព្រោះ​បើ​យើង​ធ្វើ​ទៅជា ឈី​ប វា​អាច​ទុក​បានយូរ រហូតដល់​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​មាន​ទេសចរ​ណ៍ ទឹកដោះគោ នឹង​មិនមាន​បញ្ហា​នោះទេ​។

បើ​តាម​លោក សុខ ទូច ការខិតខំ​ធ្វើ​នេះ មិនមែន​ជា​ការធ្វើ​ជំនួញ​ទេ ប៉ុន្តែ​ដើម្បី​យក​បទពិសោធន៍ ដើម្បី​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ​មាន​ឯកសារ​។ ខ្មែរ​ធ្វើ​អង្គរវត្ត​បាន ប៉ុន្តែ​ខ្មែរ​មិន​មាន​សល់​ឯកសារ​ទេ ដោយសារតែ​បញ្ហា​សង្គ្រាម ដូច្នេះ​យើង​ត្រូវ​រៀបចំ​ឯកសារ​ឡើងវិញ​។

ជាមួយនឹង​ការ​លើក​ឡើង​ខាងលើនេះ​លោក សុខ ទូច បាន​អះអាងថា កូន​ខ្មែរ​ត្រូវតែ​សាកល្បង​ត្រូវ​ហូប​ទឹកដោះគោ ដើម្បី​ឲ្យ​មាន​កម្ពស់​ខ្ពស់ មាឌធំ និង​រូប​សម្រស់​ស្អាត ពីព្រោះ​ទឹកដោះគោ វា​មិនមែន​ជា​អាហារសម្រន់​ទេ តែ​វា​គឺជា​អាហារ​សំណង់​។ លោក​ថា ការ​ញ៉ាំ​ត្រីខ ឬ​ត្រីឆ្អើរ គ្រាន់តែ​បំបាត់​ការ​ឃ្លាន​តែប៉ុណ្ណោះ ហើយ​ការងារ​នេះ​ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ទេ ក៏​មិនអាច​ទៅរួច​ដែរ​។ លោក​បន្តថា នៅពេលដែល​យើង​ធ្វើបាន ខ្មែរ​ត្រូវតែ​មោទនភាព​ចំពោះ​ផលិតផល​របស់​ខ្មែរ បើទោះបីជា​តិច ឬ​ច្រើន​ក៏ដោយ​។

បើតាម​លោក​បណ្ឌិត សុខ ទូច វិធាន​ការដែល​ត្រូវធ្វើ​ឲ្យ​តំបន់​នោះ ឲ្យ​មានការ​រីកចម្រើន​ទៅមុខ គឺ​ទី​១, ត្រូវធ្វើ​ផ្លូវ ទី​២, ត្រូវ​ឲ្យ​ប្រជាជន​នៅ​តំបន់​នោះ​មានការ​ងារ​ធ្វើ ទី​៣. ត្រូវមាន​ការគាំទ្រ​ពីរ​នាក់​ពាក់ព័ន្ធ ដើម្បី​ជួយ​ការពារ​តំបន់​នោះ​។ អ្វីដែល​សំខាន់​ទៀត គឺ​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ ដែល​រស់នៅ​ទីនោះ ពីព្រោះ​គាត់​ជា​ទម្លាប់​របស់គាត់ គឺ​កាប់​ឈើ ដូច្នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​នៅក្នុង​ការការពា​រ​ព្រៃឈើ​នៅ​តំបន់​នោះ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​ដោះស្រាយបាន​ចំនួន​៧ គ្រួសារ​ហើយ​។

លោក សុខ ទូច បញ្ជាក់​ដែរ​ថា នៅពេល​ពួកគាត់​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​កាប់​ព្រៃឈើ​នៅ​តំបន់​នោះ យើង​ពិបាក​នៅក្នុង​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ណាស់ ដោយសារតែ​នៅ​ពេលដែល​យើង​បញ្ជូន​ពួកគាត់​ទៅ​តុលាការ ធ្វើ​ឲ្យ​កូនចៅ​ក្រុម​គ្រួសារ កូន ចៅ នឹង​ធ្លាក់ខ្លួន​ក្រ លំបាក​វេទនា ដូច្នេះហើយ​ទើប​កន្លងមក​បាន​ត្រឹមតែ​ធ្វើ​ការអប់រំ​តែប៉ុណ្ណោះ មិន​មានការ​បញ្ជូន​ទៅ​តុលាការ​ទេ​។

លោក សុខ ទូច បញ្ជាក់​ដែរ​ថា គ្រាន់តែ​ចាប់ផ្ដើម​ធ្វើ និង​ធ្វើ​រោង​ហើយ ចំណាយ​អស់​៤០​ម៉ឺន​ដុល្លារ​ទៅ​ហើយ​។ លោក​ថា លុយ​បាន​ពី​ការចូលរួម​ផ្សេងៗ​ចំនួន​២៦​ម៉ឺន តែ​លុយ​នេះ​ធ្វើ​តែ​រោង​គោ​មិនបាន​ផង តែ​លោក​បាន​ប្តេជ្ញា​រួចហើយ​ថា ត្រូវធ្វើ​ឲ្យ​បាន ដូច្នេះ​លោក​បាន​យក​ប្លង់​ផ្ទះ​យក​ទៅ​បញ្ចាំ ហើយ​នៅពេល​ធ្វើ​អស់​១​លាន​កន្លះ​។ លោក​បន្ត​ថា ម៉ាស៊ីនកំដៅ​ទឹកដោះគោ​៩០​អង្សា មានតម្លៃ​១០​ម៉ឺន​ដុល្លារ ហើយ​ម៉ាស៊ីន​កំទេច​ខ្លាញ់​ទឹកដោះគោ​តម្លៃ​១១​ម៉ឺន​ដុល្លារ ហើយ​គ្រាន់តែ​យកមក​ដល់ កូ​វីដ​១៩ ក៏​ចាប់ផ្តើម​រីក​រាលដាល​ចូលមក​កម្ពុជា ធ្វើ​ឲ្យ​យើង​ស្ទះ​ដំណើរការ ហើយ​ទុកចោល​នៅ​ទីនោះ មិនទាន់​បាន​ដំឡើង​នៅឡើយ​ទេ​។

បន្ទាប់មក​មាន​ទិញ​ធុង​ដាក់​ស្មៅ អស់​៥​ម៉ឺន សរុប​១​លាន​កន្លះ ហើយ​លោក​បាន​អរគុណ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដែល​បាន​ទម្លាក់​លុយ​លឿន និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គាំទ្រ និង​ផ្តល់​ថវិកា​សម្រាប់​សកម្ម​ភាព​នេះ​។

លោក សុខ ទូច បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ដំបូង លោក​បាន​យក​ទឹកដោះគោ​ទៅជូន​កុមារកំព្រា កុមារ​ពិការ ដើម្បី​ជួយ​សុខភាព​របស់​ពួកគាត់​ចំនួន​៦០០០​លីត្រ ហើយ​ក្រោយមក​លោក​ក៏បាន​ចាប់ផ្តើម​លក់ ប៉ុន្តែ​ទឹកដោះគោ​ក៏​អស់​ដែរ​។ ពីព្រោះ​គោ​មាន​រយៈ​៩​ខែ​ទើប​ផ្តល់​ទឹកដោះ ហើយក៏​អស់​ទៅវិញ ដូច្នេះ​យើង​ត្រូវការ​គោ​ចំនួន​៣០០ គឺ​១០០​ផើម​, ១០០​រិត និង​១០០​ទៀត សម្រាប់​បង្កាត់ ទើប​សង្វាក់​ផលិតកម្ម​នោះ​ដើរ​។ លោក​ថា លោក​សប្បាយចិត្ត​នៅពេល​កូន​ខ្មែរ​ទទួលទាន​ផលិតផល​ខ្មែរ ហើយ​និយាយ​ថា “​ឆ្ងាញ់​”​។ ដូច្នេះ​រយៈពេល​១០​ឆ្នាំ​ទៀត បើ​និយាយ​ពី​ទឹកដោះគោ គឺ​ទឹកដោះគោ​តេ​ជោ​សែន ហើយ​ទឹកដោះគោ​នេះ​សុទ្ធ​១០០​ភាគរយ មិន​ឲ្យ​លាយ​អ្វី​នោះ​ទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services