Connect with us

ព័ត៌មានជាតិ

ជំនួប​មេទ័ព​កម្ពុជា-វៀតណាម ផ្ដោត​លើ​កិច្ចសហប្រតិបត្តិការ​​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆ្លងដែន

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក កាល​ពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០​ បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរភូមិន្ទ ជួបប្រជុំជាមួយលោក​ឧត្ដមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការ នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន នៃ​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដែល​ជំនួប​នោះ បាន​ធ្វើ​ឡើង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បាវិត-ម៉ុកបាយ ដើម្បី​ពិភាក្សា និង​វាយ​តម្លៃ​លើ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ក្នុង​រយៈ​ពេល​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយផ្លែផ្កា នៃ​ទំ​នាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ រាប់ចាប់តាំងពីឆ្នាំ២០០៤ មក ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម, ទេសចរណ៍ និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​ទាំង​សងខាង ​ជាពិសេស នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ ។​

សម្រាប់​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​សកម្ម​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត ដើម្បី​ធានា​បាន​នូវ​ព្រំដែន​សន្តិភាព និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ ដោយ​ផ្ដោត​លើ​អាទិភាព​មួយ​ចំនួន ដូចជា ការ​បន្ត​កិច្ចសហការ​ជួយគ្នាទៅវិញទៅមក ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩, ការ​ចូលរួម​បង្ក​លក្ខណៈ​ដល់​ភារកិច្ច​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ទៅ​តាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ, ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ព្រមទាំង​ការ​គាំទ្រ​លើ​ការ​ហ្វឹកហ្វឺន​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម