ព័ត៌មានជាតិ
ដឹងទេ! អំបិលកំពតកែប មាន ៥ ប្រភេទ តម្រូវតាមទីផ្សារអតិថិជន
ការផលិតអំបិលក្នុងប្រទេសកម្ពុជាមានប្រវត្តិយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាដែលមានខេត្ត ៤ ជាប់សមុទ្រមានតែខេត្តកំពតនិងកែបដែលអាចផលិតអំបិលធម្មជាតិបាន។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកទំនិញសម្គាល់ភូមិសាស្ត្រកំពតកែប (អំបិល) បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាថ្មីកាលពីថ្ងៃ ២៦ មេសា នេះ ខណៈដែលអំបិលកំពតកែប ទើបតែចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ (GI) ពីក្រសួងពាណិជ្ជកម្ម។

លោក ប៊ុន ណារិន បានឲ្យកម្ពុជាថ្មីដឹងថា តាមប្រវត្តិប្រទេសកម្ពុជាអាចផលិតអំបិលបានតាំងពីមុនសតវត្សទី ៧។ អំបិលសមុទ្រឬអំបិលធម្មជាតិមានគុណប្រយោជន៍ណាស់សម្រាប់មនុស្សនិងសត្វ។
លោកបន្តថា អំបិលធម្មជាតិ ការផលិតមានចំនួនតិចណាស់។ នៅប្រទេសកម្ពុជាអំបិលអាចធ្វើបានតែនៅក្នុងខេត្តកំពតនិងកែបប៉ុណ្ណោះដោយសារភូមិសាស្រ្តអំណោយផល ខណៈកន្លងទៅនៅខេត្តកោះកុងក៏ធ្លាប់មានការសាកល្បងផលិតអំបិលដែរ តែមិនបានផលក៏បញ្ឈប់ទៅវិញ។
នៅក្នុងខេត្តកំពតកែបមានផ្ទៃដីផលិតអំបិលជាង ៣៧០០ ហិកតា។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីផលិតបានថយចុះ។ នៅឆ្នាំ ២០២២ ផ្ទៃដីផលិតអំបិលនៅសល់តែជាង ២៨០០ ហិកតា។
លោក ប៊ុន ណារិន បញ្ជាក់ថា ការថយចុះផ្ទៃដីផលិតអំបិល ដោយសារប៉ុន្មានឆ្នាំចុងក្រោយការផលិតរងផលប៉ះពាល់ពីអាកាសធាតុ ធ្វើឲ្យទិន្នផលផលិតបានធ្លាក់ចុះ។
គិតត្រឹមខែ មេសា ឆ្នាំ ២០២៣ ការប្រមូលផលអំបិលបានជាង ៦៧ ០០០ តោន។ ប៉ុន្តែបើអាកាសធាតុល្អអាចប្រមូលបាន ៨០ ០០០ តោន ដែលគ្រប់គ្រាន់សម្រាប់បម្រើសេចក្តីត្រូវការក្នុងស្រុក។

ទាក់ទងអំបិលកំពតកែប លោក ប៊ុន ណារិន បានបញ្ជាក់ថា ការផលិតបែងចែកតាមប្រភេទតាមតម្រូវការទីផ្សារខុសៗគ្នាដូចជា អំបិលគ្រួស អំបិលគ្រួសអនាម័យ អំបិលស្ងោរ អំបិលម៉ដ្ឋកិន និងផ្កាអំបិល។
លោក ប៊ុន ណារិនបានអះអាងថា ផ្កាអំបិលនិងអំបិលស្លឹកពលរដ្ឋខ្មែរភាគច្រើន មិនសូវស្គាល់ទេ។ តែនៅអឺរ៉ុបមានតម្រូវការខ្ពស់ តែការផលិតបានតិច។
បច្ចុប្បន្នអំបិលកំពតកែបបាននាំចេញទៅប្រទេសជប៉ុន និងទីផ្សារប្រទេសមួយចំនួននៅអឺរ៉ុបដូចជាបារាំង ស្វីស អង់គ្លេសជាដើម។ អំបិលកំពតកែប ទើបតែអាចនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ការនាំអំបិលខ្មែរទៅក្រៅប្រទេស អាចជាការសាកល្បងទីផ្សារថ្មី។
យ៉ាងណាមិញ បើតាមប្រធានសមាគម ក្រោយអំបិលកំពតបានចុះបញ្ជីជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះអំបិលកំពតកែបកាន់តែល្បីសុសសាយ និងការគាំទ្រពីអតិថិជនទាំងក្នុងស្រុកនិងក្រៅស្រុក។ ជាមួយគ្នានេះ ខណៈដែលអំបិលកំពតកែបមានទីផ្សារកាន់តែធំ នឹងជំរុញការផលិតរបស់កសិករបង្កើនថែមទៀត ហើយអ្នកដែលបោះបង់នឹងត្រឡប់មកវិញក្រោយពេលតម្លៃបានថ្លៃ។
ការចុះបញ្ជីអំបិលកំពតកែបជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត មានការជួយជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមួយចំនួនរួមទាំងសហគមន៍ផ្ទាល់ ទើបអាចរៀបចំចងក្រងជាសមាគមអ្នកផលិតម៉ាកទំនិញសម្គាល់ភូមិសាស្ត្រកំពតកែប។
លោក ប៊ុន ណារិន បានបញ្ជាក់ថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះអំបិលកំពតកែប សមាជិកសមាគមត្រូវគោរពគោលការណ៍ណែនាំតាមសៀវភៅបន្ទុក ដែលទាមទារការផលិតត្រូវមានអនាម័យខ្ពស់ និងធានាគុណភាពមិនប៉ះពាល់ដល់ផលិតផលអំបិល។
លោក ប៊ុន ណារិន បានបញ្ជាក់បន្ថែមថា សម្រាប់អតិថិជនក៏ដូចជាពលរដ្ឋដែលចង់បានអំបិលកំពតដែលចុះបញ្ជី GI ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម អាចទៅរកទិញពីប្រជាកសិករដែលជាសមាជិករបស់សមាគម។ ដោយឡែកនៅទីផ្សារក្នុងស្រុក ក៏អាចស្វែងរកអំបិលកំពតកែប ដែលមានបិទស្ទីកគ័រចំណាំបញ្ជាក់ពីផលិតផលពិតរបស់អំបិលកំពតកែប៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


