វប្បធម៌ ជំនឿ
ក្រសួងអប់រំ គ្រោងបង្កើតទស្សនកិច្ចសិក្សាប្រវត្តិក្បាច់គុនខ្មែរលើជញ្ជាំងប្រាង្គប្រាសាទនានា
លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងអាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍ខេត្តសៀមរាប ដើម្បីត្រៀមបង្កើតដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ប្រវត្តិក្បាច់គុនខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាង្គប្រាសាទនានា ខេត្តសៀមរាប។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ដំណើរទស្សនកិច្ចសិក្សាមានគោលបំណង បំផុសស្មារតីដល់កីឡាករ កីឡាការិនីក្បាច់គុនខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យយល់កាន់តែច្បាស់ពី សាវតារនៃក្បាច់គុនខ្មែរដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទជាច្រើននៅក្នុងខេត្តសៀមរាបដោយមានការចូលរួមពីបុរាណវិទូ និងអ្នកជំនាញកីឡាជាច្រើននាក់ ដើម្បីបញ្ជាក់ច្បាស់ថា ក្បាច់គុនខ្មែរមានកំណើតច្រើនពាន់ឆ្នាំ ដែលមានភស្តុតាងស្រាប់តាមជញ្ជាំងប្រាសាទ។

លោក ប៉ុន សុខ បញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាការផ្សព្វផ្សាយព័ត៌មានមួយដ៏សំខាន់ទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែច្បាស់ពី ក្បាច់គុនបុរាណខ្មែរដែលមានកំណើតជាច្រើនពាន់ឆ្នាំ ហើយនឹងត្រៀមសិក្សាស្រាវជ្រាវចងក្រងឯកសារនានាដែលបានបាត់បង់យូរមកហើយ ដោយស្វែងរកតឹកតាង អំណះអំណាងច្បាស់លាស់ពីចាស់ព្រឹទ្ធាចារ្យ និងអ្នកជំនាញកីឡាដែលដឹងពីប្រវត្តិក្បាច់គុនរបស់យើង។

ជាចុងក្រោយ លោក ប៉ុន សុខ បានថ្លែងអំណរគុណដល់ការសហការយ៉ាងល្អប្រសើរពីសំណាក់ អាជ្ញាធរជាតិអប្សរា និងក្លិបទេសចរណ៍ខេត្តសៀមរាប ក្នុងការជួយរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះឱ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ថា គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្ស ហើយបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

គួររម្លឹកថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់ អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1 ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


