ព័ត៌មានជាតិ
ប្រភពត្រីបឹងទន្លេសាបខេត្តបាត់ដំបង អាចបំពេញតម្រូវការសិប្បកម្មផលិតទឹកត្រីទាំង ៦ ទីតាំង ក្នុងខេត្ត
ម្ចាស់សិប្បកម្មកែច្នៃផលិតទឹកត្រីមួយចំនួននៅក្នុងខេត្តបាត់ដំបង បានគូសបញ្ជាក់ឱ្យដឹងថា ត្រីដែលប្រជានេសាទរកបាននៅក្នុងខេត្ត អាចជួយឱ្យពួកគេប្រមូលទិញយកមកផ្គត់ផ្គង់សម្រាប់ផលិតកម្មបានយ៉ាងគ្រប់គ្រាន់ និងថែមទាំងជួយសម្រួលជីវភាពដល់ពលរដ្ឋមួយចំណែកផងដែរ។

ដោយហេតុថា ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តបាត់ដំបង បច្ចុប្បន្ននិយមគាំទ្រ និងបរិភោគទឹកត្រីដែលផលិតក្នុងស្រុក ដោយពួកគេយល់ឃើញថា ទឹកត្រីផលិតក្នុងស្រុក មានរសជាតិឈ្ងុយឆ្ងាញ់ និងផលិតតាមបែបធម្មជាតិចេញពីសាច់ត្រីសុទ្ធសាធ។
អ្នកស្រី សាន មុំ គ្រួសាររបស់អ្នកស្រីប្រើតែទឹកត្រីខ្មែរតែប៉ុណ្ណោះ ព្រោះមានរសជាតិល្អ ហើយមានក្លិនឈ្ងុយជាងទឹកត្រីនាំចូល ទឹកត្រីនាំចូលខ្លះមានតែពណ៌ក្រហម និងប្រៃខ្លាំង ហើយក្លិនស្រាលដូចមិនមែនផលិតពីសាច់ត្រី។
បើទោះបីបែបនេះក្តី អ្នកស្រី ក៏សំណូមពរដល់មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជួយពិនិត្យតាមបណ្តាសិប្បកម្មទាំងអស់ក្នុងខេត្តឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ បើសិនជាសិប្បកម្មណាមួយប្រើប្រាស់សាច់ត្រីបង្កកដែលនាំចូលដោយប្រើប្រាស់សាធាតុគីមីយកមកផលិត។
ក្រៅពីនេះមន្ត្រីជំនាញក៏ត្រូវពិនិត្យលើការផលិត ប្រកបដោយអនាម័យខ្ពស់ ព្រោះសុខភាពជាបញ្ហាសំខាន់ និងអាចបង្កដល់កម្រឹតជីវិភាពរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។

ជាមួយគ្នានេះ ម្ចាស់សិប្បកម្មមួយចំនួនក្នុងខេត្តបាត់ដំបង ក៏បានប្រាប់ឲ្យដឹងថា ការផលិតទឹកត្រីនៅក្នុងសិប្បកម្មរបស់ពួកគេ យកតែត្រីក្នុងស្រុកប៉ុណ្ណោះ គឺត្រីប្រហុក ដែលទិញពីប្រជានេសាទ ហើយអ្នកខ្លះក៏ដឹកយកមកលក់ឲ្យដោយផ្ទាល់ក៏មាន។
ជាក់ស្តែង ការទិញត្រីសម្រាប់យកមកផលិតទឹកត្រីនេះ ក៏ដូចបានជួយផ្តល់ទីផ្សារមួយដល់ប្រជាពលរដ្ឋដែលជាអ្នកនេសាទនៅបឹងទន្លេសាបជាលក្ខណៈគ្រួសារ ក៏ដូចជាប្រជាកសិករដែលរកតាមស្រែផងដែរ ខណៈដែលពួកគេលក់សល់ពីលើទីផ្សារ ហើយត្រីដែលសល់ហើមសាច់ក៏ទទួលទិញយកទាំងអស់ដែរ។
យ៉ាងណាមិញ ចំពោះត្រីនាំចូលខុសច្បាប់ ម្ចាស់សហគ្រាសក៏បញ្ជាក់ថា ពួកគេមិនដែលទិញយកមកផលិតនោះទេ ដោយសារតែថ្ងៃណាមួយអ្នកប្រើប្រាស់ទឹកត្រីមានបញ្ហាលើការប្រើប្រាស់ ពេលនោះអាជីវកម្មរបស់ពួកគាត់ក៏ប៉ះពាល់ផងដែរ។
ម្ចាស់សិប្បកម្មខាងលើបានបន្តថា៖ «ខ្ញុំសុខចិត្តចំណេញតិច តែមានទីផ្សារច្រើន សំខាន់ខ្ញុំផ្អែកលើតែគុណភាព និងអនាម័យប៉ុណ្ណោះ»។
ទន្ទឹមគ្នានេះដែរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថា ខេត្តបាត់ដំបង អាចផ្គត់ផ្គង់ត្រីបានតាមតម្រូវការសម្រាប់ផលិតទឹកត្រីក្នុងខេត្តបានគ្រប់គ្រាន់ និងប្រកបដោយគុណភាពល្អ សម្រាប់បម្រើដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងអាចមានការនាំចេញចែកចាយតាមបណ្ដាខេត្តក្នុងស្រុកបានយ៉ាងប្រសើរទៀតផង។
លោកបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានសិប្បកម្មកែច្នៃផលិតទឹកត្រីសរុបចំនួន ៦ទីតាំង ក្នុងនោះមាន ១,លោកស្រី វង្សសុខយេម ជាម្ចាស់សិប្បកម្ម មានទីតាំងនៅក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មានរូបសញ្ញា (ព្រះអាទិត្យ) ។

២,លោក អ៊ា ថៃភួង ជាម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរូបសញ្ញា(ភ្នំបាណន់)។ ៣, លោ វ៉ូ សុខជា ជាម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរូបសញ្ញា (សេកមាស)។ ៤,លោក លី ហេង ម្ចាស់សិប្បកម្មមានទីតាំងស្ថិតក្នុងភូមិតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរូបសញ្ញា(ត្រីទន្លេសាប)។
៥,លោក លី សេង ម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានរូបសញ្ញា (ត្បូងពេជ្រ)។ ៦,លោក ហ៊ាន និង ប្រពន្ធឈ្មោះ ឡា ម្ចាស់សិប្បកម្ម មានទីតាំងស្ថិតក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានរូបសញ្ញា(ស្រី៧នាក់) ។
លោក ជួង សុភា បានបញ្ជាក់បន្តថា សិប្បកម្មកែច្នៃផលិតទឹកត្រីទាំង ៦សិប្បកម្មនេះ បើគិតត្រឹមខែមិថុនា អនុវត្តបានចំនួន ១,៣៦៨,០០០ លីត្រ។

លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា សិប្បកម្មកែច្នៃផលិតទឹកត្រីទាំង ៦ ទីតាំងទូទាំងខេត្តមាន ១ ទីតាំង ដែលមានរូបសញ្ញា(ព្រះអាទិត្យ) មានស្តង់ដាផ្នែកបរិស្ថានប្រសើរជាងគេ។
លោកបានជំរុញឲ្យសិប្បកម្មទាំងអស់ត្រូវអនុវត្តឲ្យបានប្រសើចំពោះបរិស្ថានសម្រាប់សិប្បកម្មរបស់ខ្លួននីមួយៗ ជៀសវាងបង្កលក្ខណៈមិនល្អទៅលើអ្នករស់នៅជុំវិញសិប្បកម្មរបស់ខ្លួន និងបង្កឲ្យមានបរិយាកាសមិនល្អក្នុងមូលដ្ឋានជាដើម បើពុំនោះទេមន្ទីរនឹងមានវិធានការច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


