ព័ត៌មានជាតិ
ដើម្បីចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របាន តើត្រូវមានឯកសារភ្ជាប់អ្វីខ្លះ?
ការចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះ គណបក្សចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គឺការទទួលពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល១៥ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា គឺមានដំណើរការរលូន ស្របតាមប្រតិទិន បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
ខ្លឹមសារច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបញ្ញត្តិថា «ដើម្បីចុះបញ្ជីគណបក្សឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គឺគណបក្សត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ តាមបែបបទកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យ៉ាងយូរ៧០ថ្ងៃ មុនថ្ងៃបោះឆ្នោត»។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនេះទៀតសោត គឺត្រូវភ្ជាប់មកជាមួយសំណុំឯកសារមួយចំនួន ដូចជា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សដែលបានចុះនៅក្រសួងមហាផ្ទៃ ឈ្មោះគណបក្សជាអក្សរពេញ ជាអក្សរកាត់ សញ្ញាសម្គាល់គណបក្ស និងអាសយដ្ឋានទីស្នាក់ការកណ្ដាលរបស់គណបក្ស រួមទាំងលក្ខន្តិកៈគណបក្ស និងឯកសារផ្សេងៗដែលបញ្ជាក់ពីការបង្កើតគណបក្ស។

ជាមួយគ្នានេះ គណបក្សដែលមានបំណងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ បញ្ជីបេក្ខជននេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច១/៣ (មួយភាគបី) នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងនោះ ត្រូវរៀបឈ្មោះមណ្ឌលដែលគណបក្សមានបំណងទៅឈរឈ្មោះ ហើយដាក់បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលទាំងនោះ។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលត្រូវមានចំនួនបេក្ខជនគ្រប់តាមចំនួនកំណត់អាសនៈ និងតាមគំរូដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឲ្យ។ ចំពោះមណ្ឌលបោះឆ្នោតដែលមានអាសនៈតែ១ ឬ២ ត្រូវមានបេក្ខជនបម្រុងចំនួនយ៉ាងតិច៣រូប។

ទន្ទឹមនេះ គណបក្សត្រូវមានសេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សបានទុកប្រាក់ចំណូលផ្សេងៗ រួមមានទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា និងបង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥លានរៀល ដែលចេញដោយរតនាគារជាតិ។ ប៉ុន្តែ ប្រាក់តម្កល់នេះត្រូវបានបង្វិលជូនទៅសាមីគណបក្សវិញ ក្នុងករណីដែលគណបក្សនោះបានទទួលសន្លឹកឆ្នោតយ៉ាងតិច៣ភាគរយនៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈ១ ក្នុងរដ្ឋសភា។
លើសពីនេះ ច្បាប់ ក៏បានតម្រូវឲ្យភ្ជាប់មកជាមួយបញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលរបស់គណបក្ស ហើយត្រូវមានសេចក្តីប្រកាសរបស់គណបក្ស ដោយសន្យាថា ចូលរួមបោះឆ្នោត ហើយទទួលយកលទ្ធផល នៃការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងចូលរួមអនុវត្តច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រមសីលធម៌ និងច្បាប់ស្តីពីគណបក្សនយោបាយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


