ព័ត៌មានជាតិ
ជាតំណាងរាស្ត្រអាយុច្រើនជាងគេ សម្ដេច ហេង សំរិន នឹងដឹកនាំកិច្ចប្រជុំដំបូងរដ្ឋសភា
ជាតំណាងរាស្ត្រជាប់ឆ្នោតដែលមានអាយុច្រើនជាងគេ ក្នុងចំណោមបេក្ខជនជាប់ឆ្នោតទាំងអស់ចំនួន១២៥រូប សម្ដេច ហេង សំរិន អាចនឹងក្លាយជាព្រឹទ្ធសមាជិកសម្រាប់ការដឹកនាំកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

បើតាមរដ្ឋធម្មនុញ្ញកម្ពុជា «រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ»។ ក្រោយការកោះប្រជុំក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ រដ្ឋសភាត្រូវបើកដំណើរការកិច្ចប្រជុំរបស់ខ្លួនក្រោមការដឹកនាំរបស់ព្រឹទ្ធសមាជិករដ្ឋសភាមួយរូប ដែលជាបេក្ខជនជាប់ឆ្នោតមានអាយុច្រើនជាងគេ ដើម្បីប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិករដ្ឋសភានីមួយៗ។
ដូច្នេះ យោងតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញខាងលើនេះ សម្ដេច ហេង សំរិន ដែលជាបេក្ខជនជាប់ឆ្នោតមានអាយុច្រើនជាង គេ ក្នុងវ័យ៨៩ឆ្នាំ សម្រាប់នីតិកាលទី៧នេះ នឹងត្រូវក្លាយជាព្រឹទ្ធសមាជិករដ្ឋសភា សម្រាប់ការដឹកនាំកិច្ចប្រជុំដំបូងរបស់រដ្ឋសភា។ ក្នុងនាមជាសមាជិករដ្ឋសភាមានវ័យចំណាស់ជាងគេ សម្ដេច ហេង សំរិន ត្រូវដឹកនាំការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា តាមការស្នើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ក្រោយការប្រកាសលទ្ធផលផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានគណបក្សតែពីរប៉ុណ្ណោះ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។
បើតាមបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតជាតំណាងរាស្ត្រ នៅមណ្ឌលខេត្តត្បូងឃ្មុំ។ ក្នុងវ័យ៨៩ឆ្នាំ សម្ដេច ហេង សំរិន បានក្លាយជាតំណាងរាស្ត្រដែលមានអាយុច្រើនជាងគេ ខណៈសម្ដេច គង់ សំអុល ជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ឆ្នាំង មានអាយុច្រើនលំដាប់ទី២ ក្នុងវ័យ៨៦ឆ្នាំ។

រីឯសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកណ្ដាល មានវ័យ៧១ឆ្នាំ សម្ដេច ស ខេង តំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង មានវ័យ៧២ឆ្នាំ ខណៈសម្ដេច ទៀ បាញ់ តំណាងរាស្ត្រជាប់ឆ្នោត នៅមណ្ឌលខេត្តសៀមរាប គឺមានវ័យ៧៧ឆ្នាំ។
ដោយឡែកតំណាងរាស្រ្តជាប់ឆ្នោតចំនួន២រូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានក្លាយជាតំណាងរាស្ត្រមានអាយុតិចជាងគេ។ តំណាងរាស្ត្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិចទាំង២រូបនេះ គឺលោក ញឿន រ៉ាដែន តំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលខេត្តកំពង់ចាម មានអាយុ៣៧ឆ្នាំ ខណៈលោក នាង ចាន់ណាក់ តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ធំ មានអាយុ៣៩ឆ្នាំ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២១ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


