មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អគ្គស្នងការនគរបាលជាតិនឹងដាក់ពង្រាយកម្លាំងប្រដាប់អាវុធចម្រុះជិត២ពាន់នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងពិធីបុណ្យមាឃបូជា ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ។
ពិធីបុណ្យមាឃបូជាឆ្នាំនេះ នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដែលរៀបចំឡើងក្នុងបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
ថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យមាឃបូជាកាលពីថ្ងៃទី២៦មករា លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងចម្រុះប្រមាណ១.៦០០នាក់ នឹងត្រូវដាក់ពង្រាយ ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំងដើម្បីជួយសម្រួលនិងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងពុទ្ធបរិស័ទ ក្នុងឱកាសពីធីបុណ្យមាឃបូជា នៅថ្ងៃស្អែកនេះ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក បានណែនាំទៅដល់គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះឥស្សរជន ថ្នាក់ដឹកនាំ និងអង្គទូតនានា ដែលនឹងត្រូវចូលរួមកម្មវិធីនោះ។ មួយវិញទៀតត្រូវតែធ្វើការតាមដានឲ្យបានហ្មត់ចត់ បំផុតចំពោះ ភេរវករ ពួកឧទ្ទាមក្រៅច្បាប់ រួមទាំងក្រុម ពួកចោរ លួច ឆក់ ប្លន់ ដើម្បីបញ្ចៀសកុំឲ្យកើតមានការរំខានដល់កម្មវិធីបុណ្យនេះ។
លោកឧត្តមសេនីយ៍ឯក យឹម លាង បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យមាឃបូជាឆ្នាំនេះ មិនអាចធ្វើដូចឆ្នាំកន្លងទៅនោះឡើយ ដោយសារបញ្ហាជំងឺកូវីដ-១៩ ខណៈអ្នកចូលរួមក៏ត្រូវមានកម្រិតតិចតួចផងដែរ ដោយព្រះសង្ឃ នឹងនិមន្តត្រឹមតែ៨០អង្គ និងពុទ្ធបរិស័ទ តម្រូវឲ្យមានជិត១ ពាន់នាក់តែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯកបានបន្តថា បើទោះបីជាឆ្នាំនេះត្រូវកំណត់ចំនួនអ្នកចូលរួមបែបនេះ ក៏កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតែបន្តបង្កើនការរឹតបណ្តឹងដដែល។
សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជាឆ្នាំនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៨និង២៩ ខែមករាឆ្នាំ២០២១ ដែលជាពិធីបុណ្យមួយដែលមានសារសំខាន់នៅក្នុងវិស័យព្រះពុទ្ធសាសនា ហើយការប្រារព្ធពិធីនេះឡើងក្នុងគោលបំណងដើម្បីរំលឹកដល់អភិលក្ខិត សម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នាគឺថ្ងៃប្រជុំចតុរង្គ សន្និបាតនិងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ៕
អត្ថបទ ៖ សំអឿន