ព័ត៌មានជាតិ
មេប៉ូលិសជាតិ ប្ដេជ្ញាលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃមន្ត្រីជានារី
យកឱកាសទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានប្រកាសគាំទ្រ និងប្ដេជ្ញាចិត្តបន្ថែមទៀតលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់តម្លៃចំពោះមន្ត្រីនគរបាលជានារី ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីគឺជាស្នូលនៃការអភិវឌ្ឍជាតិ។

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីនៅក្នុងមិទ្ទិញអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
ថ្លែងក្នុងវេទិកានេះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ឆ្នាំនេះ ការរៀបចំទិវានារីអន្តរជាតិ បានធ្វើឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងចូលរួមជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ អបអរសាទរខួប៣០ឆ្នាំនៃសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង ព្រមទាំងរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឱ្យបានជោគជ័យតាមគោលបំណងនៃប្រធានបទដែលបានដាក់ចេញសម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ឆ្នាំនេះដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។

លោកនាយឧត្តមសេនីយ៍ បានគាំទ្រ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់។

ភ្ជាប់នឹងការប្រកាសគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ នាយឧត្តមសេនីយ៍ ស ថេត ក៏ស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញតួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។
លោក អគ្គស្នងការ ក៏បានលើកឡើងពីបំណងចង់ឱ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ ទាំងនៅអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរង់ចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សានូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យ និងក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃ និងគុណធម៌ ឱ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។

បន្ថែមពីនេះ នគរបាលជានារីទាំងអស់បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជាភរិយា មាតា ម្ដាយមីង បងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូលឱ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ជៀសឱ្យផុតអំពើឧបាយមុខ អំពើខុសច្បាប់គ្រប់ទម្រង់ ជាអាទិ៍គ្រឿងញៀន ល្បែងស៊ីសង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


