ព័ត៌មានជាតិ
ក្រោយចាកចេញពីតំណែង លោក ស៊ុន ចាន់ថុល បន្សល់ស្នាដៃអ្វីខ្លះនៅក្រសួងសាធារណការ?
លោក ស៊ុន ចាន់ថុល បានចូលមកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីឆ្នាំ ២០១៦។ ជាបញ្ញវន្តបញ្ចប់ការសិក្សានៅអាមេរិក លោក ស៊ុន ចាន់ថុល មានប្រវត្តិប្រឡូកការងារក្នុងវិស័យឯកជនជាង ១០ ឆ្នាំ មុនចូលទៅបម្រើការងាររដ្ឋ និងបានទៅដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងអណត្តិជារដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល បានខិតខំកែទម្រង់ប្រព័ន្ធការងារនៅក្រសួងសាធារណការ ដោយអនុវត្តគោលការណ៍បង្ខិតសេវាឲ្យកៀកប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។
លោករដ្ឋមន្រ្តីក៏តែងតែបំផុសស្មារតីឲ្យថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទ ខិតខំបំពេញការងារប្រកបដោយឆន្ទៈមោះមុតពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។
អ្វីជាការចាប់អារម្មណ៍ លោករដ្ឋមន្រ្តីតែងតែបង្ហាញវត្តមាននៅតាមការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសគម្រោងផ្លូវថ្នល់ដែលលោកយកចិត្តទុកដាក់ខ្លាំងបំផុត ដើម្បីធានាឲ្យក្រុមហ៊ុនម៉ៅការអនុវត្តការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសបានត្រឹមត្រូវ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិធំៗជាច្រើន បានសាងសង់នៅក្នុងអណ្ណតិរបស់លោករដ្ឋមន្រ្តីមានដូចជា គម្រោងផ្លូវជាតិលេខ ២ លេខ ២២ លេខ ៣ លេខ ១១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនទៅក្រុងបាវិតដែលកំពុងសាងសង់ ផ្លូវក្រវាត់ក្រុងទី ២ និងទី៣ ស្ពានអាកាសដីហុយ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៣១ លេខ ៣៣ កំណាត់ផ្លូវជាតិលេខ ២៣ ក៏ដូចជាគម្រោងផ្លូវជាតិលេខ ៤៨ លេខ ១០ និងផ្លូវជាតិលេខ ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ។
ក្រៅពីបណ្តាញផ្លូវជាតិធំៗ លោករដ្ឋមន្រ្តីក៏បានជំរុញកែលម្អលើការស្ថាបនាបណ្តាផ្លូវខេត្តតភ្ជាប់ដូចជា ផ្លូវខេត្តលេខ ១៤៦បេ លេខ ១៤៨ នៅខេត្តព្រះសីហនុ និងលេខ ៣១២ ទៅច្រកព្រំដែនវៀតណាមស្ថិតនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទាក់ទងចំណូលសេវាសាធារណៈ ក្នុងពេលលោកដឹកនាំជារដ្ឋមន្រ្តីបានកើនឡើងយ៉ាងគំហុក។ ចំណូលពីសេវាសាធារណៈកើនឡើងដល់ជាង ៤០ លានដុល្លារក្នុងមួយឆ្នាំ។ លោករដ្ឋមន្រ្តីថ្លែងថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈមិនត្រឹមតែជួយឱ្យក្រសួងអាចរកចំណូលចូលក្នុងថវិកាជាតិបានយ៉ាងច្រើន ថែមទាំងផ្តល់ភាពងាយស្រួល រហ័ស ចំណេញពេលវេលា បញ្ឈប់ការចំណាយក្រៅផ្លូវនៅតាមកន្លែងផ្តល់សេវានីមួយៗ។
កម្ពុជាថ្មីសូមរំលេចពីស្នាដៃខ្លះៗរបស់លោក ស៊ុន ចាន់ថុល ក្នុងអណត្តិដែលលោកកាន់តួនាទីជារដ្ឋមន្រ្តីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
១- ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មការផ្តល់សេវាសាធារណៈ
២- បង្កើតកម្មវិធីបង្រៀនបើកបរ (Cambodia Driving Rules)
៣- រៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត
៤- បង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
៥- រៀបចំប្រព័ន្ធ QR Code បំពាក់នៅលើស្លាកលេខយានយន្ត
៦- បង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងឆៀកចល័តនៅតាមបណ្តាខេត្ត
៧- រៀបចំមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើប
៨- ផ្ដួចផ្ដើមគំនិតអភិវឌ្ឍសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងរាជធានីភ្នំពេញ
៩- ប្រើកណ្ដាប់ដៃដែកគ្រប់គ្រងយានយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់
១០- ដាក់ឲ្យដំណើរការខ្សែរថភ្លើងភ្នំពេញខេត្តព្រះសីហនុ ដែលជាការបើកទំព័រសករាជថ្មីនៃវិស័យដឹកជញ្ជូនផ្លូវដែករបស់ប្រទេសកម្ពុជា។
១១-បង្កើតវិទ្យាស្ថានតេជោសាធារណការ និងដឹកជញ្ជូន
១២- បង្កើតទីស្តីការក្រសួងសាធារណការថ្មី
១៣- សម្រួលនីតិវិធីកាត់ឈ្មោះយានយន្ត
១៤- បង្កើតកម្មវិធីដកពិន្ទុប័ណ្ណបើកបរ
១៥- អភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២២
១៦- គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងដំណើរការសាងសង់
១៧- គម្រោងផ្លូវក្រវាត់ក្រុងទី ៤ (កំពុងសិក្សា)
១៨- គម្រោងប្រព័ន្ធរថភ្លើងធុនស្រាលនៅភ្នំពេញ
១៩-បង្កើតកម្មវិធី MPTW Live Show ឆ្លើយតបចម្ងល់ពលរដ្ឋលើបណ្តាញទំនាក់ទំនងសង្គម
២០- អភិវឌ្ឍកម្មវិធី (App) សម្រាប់ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត
២១-ជំរុញប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតស្ថានីយសាកបញ្ចូលអគ្គិសនីតាមបណ្តាខេត្តក្រុង
២២-រៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)
២៣-រៀបចំមជ្ឍមណ្ឌលពិសោធន៍ក្រសួងសាធារណការ
២៤-ផ្តួចផ្តើមបង្កើតបណ្តាញដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈបង្កើតផែរណបតាមដងទន្លេ
២៥-ដាក់ផែនការជីកស្តារព្រែកទន្លេបាសាក់ ភ្ជាប់ទៅសមុទ្រខេត្តកែប
២៦-ដាក់មហិច្ឆតាប្តូរផ្លាកយានយន្តទៅជាប្រព័ន្ធ QR Code
២៧-ដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទថ្មី MPWT Public Service Tracking ដើម្បីតាមដានប្រតិបត្តិការប្រើប្រាស់សេវាសាធារណៈនៅក្រសួងសាធារណការនិងដឹកជញ្ជូន
២៨-ទិញគ្រឿងចក្របំពាក់ដល់មន្ទីរសាធារណការរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់ការជួសជុលថែទាំផ្លូវថ្នល់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា សម្រាប់រដ្ឋាភិបាលនីតិកាលទី ៧ តំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានផ្លាស់ប្តូរជំនួសដោយលោក ប៉េង ពោធិ៍នា ដោយអតីតរដ្ឋមន្រ្តីលោក ស៊ុន ចាន់ថុល ឡើងតំណែងជាឧបនាយករដ្ឋមន្ត្រីសម្រាប់គណៈរដ្ឋមន្រ្តីថ្មីដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល