ព័ត៌មានជាតិ
លោកស្រី ឃួន សុដារី ណែនាំឱ្យឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ត្រូវគិតប្រយោជន៍ជាតិជាធំ
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំដល់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចំនួន៧រូប ឱ្យគិតផលប្រយោជន៍ជាតិជាធំ ក្នុងពេលបំពេញបេសកម្មការទូតនៅក្រៅប្រទេស។

ក្នុងឱកាសទទួលជួបជាមួយឯកអគ្គរាជទូតថ្មីចំនួន៧រូប នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកស្រី ឃួន សុដារី បានណែនាំឱ្យឯកអគ្គរាជទូតដែលទើបនឹងតែងតាំងថ្មី ត្រូវគិតផលប្រយោជន៍ជាតិជាធំ និងធ្វើជាតំណាងរបស់ជាតិយ៉ាងក្លៀវក្លា ជាមួយនឹងការប្រកាន់ខ្ជាប់នូវតម្លៃរបស់ប្រទេសជាតិ។
លោកស្រីបានបន្តថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោក កំពុងមានការកើនឡើងនៃភាពស្មុគស្មាញសកល ការប្រែប្រួល និងហានិភ័យ វិស័យការទូតដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈរជាមូលដ្ឋានគ្រឹះក្នុងការរក្សាសន្តិភាពពិភពលោក និងការជំរុញនូវភាពរុងរឿង។
លោកស្រីបានបន្តណែនាំថា ក្នុងអាណត្តិនេះ ចំណុចសំខាន់ គឺត្រូវផ្តោតទៅលើដំណើរការកំណែទម្រង់សេដ្ឋកិច្ច និងស្ថាប័ន ស្របទៅតាម “យុទ្ធសាស្ត្របញ្ចកោណ”។ ក្នុងន័យនេះ លោកស្រីសង្កត់ធ្ងន់ទៅកាន់ឯកអគ្គរាជទូតថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចមានសារៈសំខាន់ក្នុងការសម្រេចបាន ទាំងគោលបំណងផ្នែកសេដ្ឋកិច្ច និងតម្រូវការសន្តិសុខជាតិ។
លោកស្រី ឃួន សុដារី ក៏ណែនាំពីចំណុចសំខាន់នៃការទូតរបស់កម្ពុជា គឺការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកអប់រំ និងវប្បធម៌ជាមួយបណ្តាប្រទេសនានា។ កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា រួមមាន ការទូតរបស់រាជរដ្ឋាភិបាល ការទូតសភា ការទូតបក្ស និងការទូតប្រជាជន។ ការធ្វើការទូតរួមនៅគ្រប់ផ្នែកទាំងអស់គឺជាការចាំបាច់ក្នុងការសម្រេចបាននូវផលប្រយោជន៍ជាតិជាធំ។

សម្រាប់ឯកអគ្គរាជទូតទាំង៧រូប ដែលត្រូវទៅបំពេញបេសកកម្មការទូតនៅប្រទេសជាមិត្តរួមមាន៖
១/លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេស បារាំង អ៊ីតាលី ព័រទុយហ្កាល់ ម៉ាល់តា អេស្បាញ បូរីក្សត្រអង់ដ័រនិងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស ជំនួសលោក កេត សោផាន់ ។ ២/លោក ឡាយ សំកុល ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍ ជំនួសលោក កាន់ ផារិទ្ធ។

៣/ លោក សុក ជា ត្រូវទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស តួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា ជំនួសលោក មាស គឹមហេង។៤/ លោក ទាន សំណាង ត្រូវទៅបំពេញអាណត្តិការទូតនៅហ្សាកាតា ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត ជំនួសលោក អ៊ីវ ហ៊ាង។

៥/លោក ហ៊ុលក្រង ផាណង ត្រូវតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ឡាវ ជំនួសលោកស្រី ថោង សុគន្ធារី។៦/លោក ឈាង ធីរ៉ា ត្រូវទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវេនី និងប្រទេសអ៊ុយក្រែន ជំនួសលោកស្រី ផែន សាវនី។៧/លោក តាន់ ប៊ុនប៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំស៊ែប៊ី ជំនួស លោក តាន់ វុដ្ឋា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


