ព័ត៌មានជាតិ
គោរមងារជា “សម្តេច” ភ្ជាប់មុខតំណែងកំពូល ជាគ្រឹះដ៏រឹងមាំ នៃរបបរាជានិយមនៅកម្ពុជា
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា គោរមងារជា “សម្តេច” មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល (ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា “សម្តេច” នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជាទៀតផង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នារាត្រីថ្ងៃទី២ ខែកញ្ញានេះថា៖
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨(រូបទី១) ចុះថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, អំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា “សម្តេច”។ តំណែងទាំង ៣នោះ គឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងថា “សម្តេច” គឺ ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងប្រទេសដែលប្រកាន់យករបបរាជានិយម ហើយវាសមស្របទៅនឹងប្រពៃណីបរមបុរាណ នៃប្រទេសកម្ពុជាយើងផង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនតែងតែត្រូវផ្សារភ្ជាប់នឹងមុខតំណែងកំពូលសំខាន់ៗ ដូចយ៉ាង គោរមងារ “ឧកញ៉ាចក្រី” “ឧកញ៉ាក្រឡាហោម” “ឧកញ៉ាយមរាជ” ជាដើម។ល។

លោកបញ្ជាក់បន្ថែមថា ម្ល៉ោះហើយពីអំណឹះតទៅ, ដោយសារតែព្រះរាជក្រឹត្យគោលលើកឡើងខាងលើ គោរមងារជា “សម្តេច” មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល (ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា “សម្តេច” នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំ និងដ៏គង់វង្សយូរអង្វែង នៃរបបរាជានិយមនៅកម្ពុជាទៀតផង។
ជាមួយគ្នានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យសម្តេចទទួល ជោគជ័យនៅក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និង មាតុភូមិជាទីស្នេហានៃយើង។ សូមឱ្យសម្តេច ហ៊ុន ម៉ាណែត ទទួលជោគជ័យក្នុងការអនុវត្តនូវពាក្យសច្ចារបស់ សម្តេច ថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមនៅកម្ពជា។

គួរបញ្ជាក់ថា នៅម្សិលមិញនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចេញ ព្រះរាជក្រឹត្យ ដោយត្រាស់បង្គាប់ កំណត់គោរមងារជា “សម្ដេច” ជូនឥស្សរជនជាតិជាន់ខ្ពស់ ដែលមានមុខតំណែង ជា ១. ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ២. ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៣. នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ត្រាស់បង្គាប់ផ្ដល់គោរមងារ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?