ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងកសិកម្ម នឹងផ្តល់ជំនួយបច្ចេកទេសដល់វារីវប្បករកំពុងប្រឈមបញ្ហា
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលោកជំទាវ អ៊ឹម រចនា បានកត់សម្គាល់ថា បច្ចុប្បន្ននេះឃើញមាននិន្នាការថយចុះនៃអ្នកចិញ្ចឹមត្រី ប៉ុន្តែការថយចុះនេះ គឺស្ថិតនៅក្នុងរង្វង់សមាជិកសមាគមនៃវារីវប្បករប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីការថយចុះនៃអ្នកចិញ្ចឹមត្រី នៅក្នុងប្រទេសកម្ពុជា ទាំងមូលនោះទេ ជារួម អ្នកចិញ្ចឹមលក្ខណៈគ្រួសារនៅតែបន្តសកម្មភាពដូចធម្មតា។

អ្នកនាំពាក្យក្រសួងកសិកម្ម បានកត់សម្គាល់ឃើញទៀតថា វិស័យវារីវប្បកម្មនៅកម្ពុជា មិនទាន់បានអនុវត្តចិញ្ចឹមត្រីស្របទៅតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ ហើយការដាក់កូនត្រីលើសចំណុះ និងការដាក់ចំណីឱ្យត្រីហូសកំណត់ ធ្វើឱ្យថ្លៃដើមនៃការផលិតកើនឡើងខ្ពស់។
ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានសំណូមពរទាំងសមាជិកសមាគមវារីវប្បករ និងពលរដ្ឋដែលចិញ្ចឹមតាមលក្ខណៈគ្រួសារ ស្វែងយល់ពីបច្ចេកទេសនៃការចិញ្ចឹមត្រីឱ្យបានត្រឹមត្រូវ ជាពិសេសទាក់ទងនឹងការដាក់កូនត្រី និងរបៀបឱ្យចំណីជាដើម។
បើតាមលោកជំទាវ អ៊ឹម រចនា ប្រសិនបើប្រជាកសិករ ឬអ្នកចិញ្ចឹមត្រី ត្រូវការជំនួយផ្នែកបច្ចេកទេស អាចទាក់ទងទៅក្រសួងកសិកម្ម តាមរយៈលេខ ១២៨៩ ដោយឥតគិតថ្លៃ នោះមន្រ្តីក្រសួងនឹងស្វែងរកអ្នកជំនាញ ដើម្បីផ្តល់ចម្លើយដល់ប្រជាកសិករដែលបានសួរ។

លោក ឡែមផូរ សុថាវរិទ្ធិ គណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា កត្ដាចម្បងដែលធ្វើឱ្យអ្នកចិញ្ចឹមមានការធ្លាក់ចុះ ដោយសារមានការខាតបង់ ព្រោះវារីវប្បករចូលចិត្តចិញ្ចឹមតាមបែបប្រពៃណី ដោយមិនអនុវត្តតាមស្ដង់ដារបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដូចជា ការដាក់កូន ត្រីលើសចំណុះ និងខ្ជះខ្ជាយនៃការប្រើប្រាស់ចំណីហួសកំណត់ ជាដើម។
លោកបានគូសបញ្ជាក់ថា ការចិញ្ចឹមត្រីរបស់សមាជិកក្នុងសមាគម មានការធ្លាក់ចុះប្រមាណជិត ៦០ ភាគរយ បន្ទាប់ពីមានប្រជាកសិករ មួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនទៀតកាត់បន្ថយបរិមាណចិញ្ចឹមក្នុងស្រះ ក្រោយតម្លៃចំណីត្រី មានការកើនឡើង ខណៈត្រីមានតម្លៃទាបខ្លាំងនៅអំឡុងខែ ឧសភា កន្លងទៅ ធ្វើឱ្យអ្នកចិញ្ចឹមពុំសូវទទួលបានប្រាក់ចំណេញ ឬប្រឈមនឹងការខាតបង់។

លោកបន្តថា បច្ចុប្បន្ននេះ វត្ថុធាតុដើមមានតម្លៃថ្លៃ ពោលគឺចំណីគ្រាប់ឡើងថ្លៃពី ២០-៣០ ភាគរយ ចំណីដែលមាន ធាតុផ្សំសំខាន់ៗ ដូចជា កន្ទក់មានតម្លៃឡើងដល់ជាង ៦០០រៀល ទៅ ១ ៣០០ រៀលក្នុងមួយគីឡូ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ខណៈតម្លៃត្រីនៅដដែល។
បើតាមលោក ឡែមផូរ សុថាវរិទ្ធិ គិតមកដល់ពេលនេះ សមាជិករបស់សមាគមសរុបមានចំនួន ១០៦៣ នាក់ ក្នុងនោះមានអ្នកចិញ្ចឹម ៧៥៣ នាក់ ស្មើនឹងជាង ៧០០ កសិដ្ឋាន (សិដ្ឋានខ្នាតតូច មធ្យម និងខ្នាតធំ)៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


