ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងព័ត៌មាន បន្តស៊ើបអង្កេតករណីកាស៊ីណូមួយថា ខ្លួនត្រូវអ្នកកាសែតជាច្រើនរយអង្គភាពសុំប្រាក់ឧបត្ថម្ភ
ក្រសួងព័ត៌មាន បាននិងកំពុងបន្តសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតករណីក្រុមហ៊ុនកាស៊ីណូមួយថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវបានអ្នកសារព័ត៌មាន សុំប្រាក់ឧបត្ថម្ភក្នុង ១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ករណីនេះ ក្រសួងព័ត៌មាន ចាំបាច់ត្រូវមានការស៊ើបអង្កេតមួយដ៏ម៉ត់ចត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបាននូវរបាយការណ៍ស៊ើបអង្កេតមួយ ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ជាមុនសិន មុនពេលដែលក្រសួងព័ត៌មាន សម្រេចដាក់ចេញនូវវិធានការបែបណានោះ។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនថា ការស៊ើបអង្កេត ពេលនេះកំពុងតែបន្តអនុវត្តនៅឡើយ ប្រសិនបើការស្រាវជ្រាវនោះ រកឃើញថា ករណីដែលបានលើកឡើងនេះ ពិតជាបានកើតឡើងមែន ដូចការចោទប្រកាន់ វាពិតជាធ្វើឲ្យប៉ះពាល់ដល់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់អ្នកប្រកបអាជីព ជាអ្នកសារព័ត៌មានដទៃទៀត ដែលបាននិងកំពុងប្រកាន់ខ្ជាប់ល្អ នូវការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន មិនគាំទ្រនូវទង្វើ និងសកម្មភាពទាំងឡាយណារបស់អ្នកសារព័ត៌មាន ដែលបានធ្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តឡើយ។
កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ ក្រុមហ៊ុនកាស៊ីណូ ថប ដាយអឹមិន ដែលមានទីតាំងស្ថិតនៅស្រុកគីរីវង់ ខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានឲ្យដឹងថា កន្លងមក ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនា សម្រាប់បាយទឹក និងសាំងដល់អ្នកសារព័ត៌មួយចំនួន ដែលបានឆ្លងកាត់ទីតាំងរបស់ខ្លួន បើទោះបីជាតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។
សេចក្ដីជូនដំណឹងដដែល បានឲ្យដឹងទៀតថា ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មានអ្នកសារព័ត៌មាន បានចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេកដោយក្នុង ១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឲ្យក្រុមហ៊ុនមិនអាចមានលទ្ធភាពដោះស្រាយជូនបាន។ ដូច្នេះចាប់ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះតទៅ ក្រុមហ៊ុន នឹងមិនមានការផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកសារព័ត៌មានទៀតឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


