Connect with us

ព័ត៌មានជាតិ

តើនរណាខ្លះ នឹងទទួលបានផលប្រយោជន៍ពីយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ?

បានផុស

នៅ

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រកាស សម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ សំដៅជួយដល់ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ។ តើនរណាខ្លះ នឹងទទួលបានផលប្រយោជន៍ពីយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានតាក់តែងឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។ កន្លងមក រាជរដ្ឋាភិបាល បានជួបការប្រឈម និងការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋប្រកបរបរ ឬធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈក្រុមនេះងាយរងគ្រោះក្នុងគ្រាមានវិបត្តិ ដូចជា វិបត្តិកូវីដ-១៩ ជាដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកមិញនេះ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តនេះ គឺរាជរដ្ឋាភិបាល បានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដែលនឹងទទួលបានប្រយោជន៍ពីយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។

បើតាមលោករដ្ឋមន្រ្តី ហែម វណ្ណឌី វិស័យ និងប្រភេទអាជីវកម្ម មុខរបរ ក៏ដូចជាការងារ ដែលនឹងទទួលបានប្រយោជន៍ពីយុទ្ធសាស្រ្តនេះ រួមមាន ផ្នែកសហគ្រាស មានលក់ដុំ លក់រាយ និងជួសជុល ផ្ដល់សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និងសហគមន៍កសិកម្ម អ្នកប្រកបអាជីវកម្ម ធ្វើការងារជាកម្មករសំណង់ អ្នកបម្រើសេវាកម្មភេសជ្ជៈកម្សាន្ត ម៉ាស្សា កែសម្ពស្ស សាឡន ជាងកាត់សក់ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ម៉ូតូដឹកទំនិញ តាក់ស៊ី អាជីវករលក់តាមផ្សារ សិល្បៈករ សិល្បៈការិនី កីឡាករ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នេះទៀតសោត ត្រូវបានសម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកថា ជាការប្រើប្រាស់ព្រួញមួយបាញ់បានសត្វបី ដោយសម្ដេច បញ្ជាក់ថា យុទ្ធសាស្ត្រនេះ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច-សង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា ប្រព័ន្ធជំនួយសង្គម ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងសម្រាប់ផ្តល់ជំនួយជាថវិកា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ជាដើម ដល់ក្រុមពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈប័ណ្ណសមធម៌។ ក្នុងប្រព័ន្ធជំនួយសង្គមនេះ ក៏មានកម្មវិធីផ្សេងៗទៀតដូចជា ការអភិវឌ្ឍធនធានមនុស្ស ការឆ្លើយតបនឹងគ្រោះអាសន្ន សុខមាលភាពសង្គមសម្រាប់មនុស្សចាស់ និងពិការភាព ការគាំពារសុខភាពសង្គម (មូនិធិសមធម៌) និងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស។ តាមរយៈ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកពាក់ព័ន្ធដូចបានបញ្ជាក់ខាងលើ នឹងទទួលបានផលប្រយោជន៍ដូចបានបញ្ជាក់មកនេះជាជំហានៗ តាមការអនុវត្តរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម