Connect with us

អត្ថាធិប្បាយ

បទអត្ថាធិប្បាយ៖ បើជួបករណីផិតក្បត់ តើគួររត់រកច្បាប់ឱ្យដោះស្រាយ ឬថតបង្ហោះនៅលើបណ្តាញសង្គម?

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះ មានការផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើករណីស្រ្តីវ័យក្មេងម្នាក់ដែលទើបសម្រាលកូនបាន២ខែ ហើយបានលួចផិតក្បត់ប្តី​ ក៏ត្រូវប្តីតាមទាន់ ថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម។ ក្រុមអ្នកកាសែតអនឡាញមួយចំនួន បានគាស់កកាយរឿងនេះឱ្យកាន់តែធំឡើង ដោយធ្វើសម្ភាសប្តីផង ប្រពន្ធនោះផង និងម្តាយស្រ្តីវ័យក្មេងថែមទៀត ដែលធ្វើឱ្យមហាជន ខឹងសម្បារ ជេរ ប្រមាថកាតទានដល់ស្រ្តីជាប្រពន្ធ ហើយបានសម្តែងក្តីអាណិតអាសូរដល់បុរសជាប្តី។ តើការធ្វើបែបនេះ អាចរកដំណោះស្រាយបាន ដែរឬទេ? តើវាចំណេញដែរ ឬទេទាំងសម្រាប់ប្តី ទាំងសម្រាប់ប្រពន្ធ និងជាពិសេស ចំពោះកូនតូចដែលមានអាយុត្រឹមតែ២ខែនោះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត ការផិតក្បត់ គឺជាអំពើមួយដែលមិនអាចទទួលយកបាន និងមិនអាចលើកលែងឱ្យបានទេក្នុងរង្វង់ប្តីប្រពន្ធដែលរៀបការនឹងគ្នាក្រោមការទទួលស្គាល់ដោយសាច់ញាតិ និងទទួលស្គាល់ដោយច្បាប់។ រឹតតែមិនអាចទទួលយកបានទៅទៀត ចំពោះអំពើផិតក្បត់ដែលកើតនៅក្នុងសង្គមខ្មែរ ដែលមានវប្បធម៌ ប្រពៃណីដ៏ផូរផង់ មានពូជពង្សវង្សត្រកូលត្រឹមត្រូវ ថ្លៃថ្នូរ តាំងពីដូនតាមក។ ផិតក្បត់ នៅទីនេះ គឺសំដៅទាំងអស់ ទាំងការផិតក្បត់របស់ប្រពន្ធចំពោះប្តី និងការផិតក្បត់របស់ប្តីចំពោះប្រពន្ធ។ ព្រោះតែភាពជឿនលឿននៃសង្គម ភាពជឿនលឿននៃបច្ចេកវិទ្យា និងសម្ភារៈនិយម អំពើផិតក្បត់តែងតែកើតមាន មិនថា នៅប្រទេសកម្ពុជា ឬនៅប្រទេសជឿនលឿន និងមិនជឿនលឿនដទៃៗទៀតនោះទេ។ ប្រទេសខ្លះ កើតមានករណីនេះច្រើនគួរឱ្យកត់សម្គាល់។

នៅកម្ពុជា ភាពភ្លើតភ្លើននឹងភ្លើងពណ៌ ការជឿតាមការអូសទាញរបស់មិត្តភក្តិ ការសប្បាយញាប់ញ័រនឹងគ្រឿងស្រវឹង ការចង់បានលុយដោយស្រួលៗ និងការរំពឹងរស់នៅក្នុងជីវិតដែលសុខស្រួលឥតគិត គឺជាការកត្តាជំរុញដែលនាំឱ្យប្តីហ៊ានផិតក្បត់ប្រពន្ធ និងប្រពន្ធហ៊ានផិតក្បត់ប្តី បើទោះពួកគេមានកូនៗរួចហើយក៏ដោយ។ ករណីផិតក្បត់នៅកម្ពុជា ផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយហេតុថា អ្នកដែលត្រូវគេផិតក្បត់ បានថតទាំងរូបភាព និងវីដេអូបង្ហោះលើបណ្តាញសង្គមនៅពេលពួកគេតាមទាន់ជាក់ស្តែង ឬពេលពួកគេទៅរករឿង រកខុសត្រូវជាមួយគូកំណាន់របស់ភាគីម្ខាងទៀត។ នេះបង្កើតឱ្យមានការជជែកវែកញែកជាបន្តបន្ទាប់ពីសំណាក់មហាជន។ ចុះនៅប្រទេសគេផ្សេងវិញ តើគេធ្វើអ៉ីចឹងដែរ ឬទេ? តាមការសង្កេត នៅប្រទេសគេផ្សេង គេមិនធ្វើបែបនេះឡើយ ផ្ទុយទៅវិញ គេរត់ទៅរកច្បាប់ឱ្យជួយដោះស្រាយ ឬសម្រេចចិត្តលែងលះគ្នាដោយសន្តិវិធីតែម្តង។ ប៉ុន្តែ ក៏សង្កេតឃើញមានដែរ អំពើហិង្សា និងរហូតដល់មានករណីឃាតកម្ម ដោយសារតែអំពើផិតក្បត់នេះ។

ចុះនៅកម្ពុជាវិញ ហេតុអ្វីមានអីបន្តិច ក៏ចូលចិត្តថតបង្ហោះ ឬផ្សាយផ្ទាល់(Live) លើបណ្តាញសង្គមបែបនេះ? តើវាចំណេញអីខ្លះ ហើយខាតបង់អីខ្លះ? បើតាមការកត់សម្គាល់ អ្នកដែលត្រូវគេផិតក្បត់ មិនថា ជាប្តី ឬជាប្រពន្ធទេ ការដែលពួកគេថតវីដេអូ​បង្ហោះ ឬផ្សាយផ្ទាល់(Live)លើបណ្តាញសង្គម គឺចង់ឱ្យភាគីដែលផិតក្បត់ មានភាពអាម៉ាស និងត្រូវជេរប្រមាថពីមហាជន។ បន្ថែមពីនេះ ពួកគេ ក៏ចង់ប្រាប់មហាជនដែរថា ពួកគេ ជាភាគីដែលត្រឹមត្រូវ និងស្មោះត្រង់នៅក្នុងជីវិតគូរ ទាំងដែលពួកគេស្ថិតនៅក្នុងចំណុចនេះដោយស្វ័យប្រវត្តិរួចទៅហើយ។ ម្យ៉ាងវិញទៀត ពួកគេ ក៏ទំនងជាចង់ឱ្យមហាជនរកខុស រកត្រូវ ហើយចង់ឱ្យមានការគាំទ្រដល់ការសម្រេចលែងលះ និងប្តឹងផ្តល់អ្នកផិតក្បត់ទៅអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ។

នេះ អាចថា ជាផលចំណេញដែលពួកគេទទួលបានពីការថតបង្ហោះ ឬផ្សាយផ្ទាល់(Live) លើបណ្តាញសង្គម។ ប៉ុន្តែ តើពួកគេ បានគិតដែរ ឬទេថា តើមានផលអវិជ្ជមានបែបណាចំពោះខ្លួនឯង គ្រួសារ និងសង្គម? សម្រាប់ខ្លួនឯង ទោះប្តីក៏ដោយ ប្រពន្ធក៏ដោយ គឺនឹងបាត់បង់កិត្តិយស ដោយគ្មានអ្នកណាម្នាក់ទៅរាប់អាន រាប់រកជាមួយអ្នកផិតក្បត់ និងអ្នកមានពាក់ព័ន្ធក្នុងរឿងផិតក្បត់នោះទេ ទោះខ្លួន ជាអ្នកត្រឹមត្រូវមិនផិតក្បត់ក៏ដោយចុះ។ គេនឹងសួរក្នុងចិត្តថា តើម្នាក់ហ្នឹង(ប្តី ឬប្រពន្ធ) ជាមនុស្សយ៉ាងម៉េចបានជាប្តីផិតក្បត់ ឬប្រពន្ធផិតក្បត់? គេអាចនឹងគិតថែមទៀតថា ប្រហែលជាមនុស្សមិនកើតការណ៍ ឬចរិតមិនល្អហើយ បានជាគេហ៊ានផិតក្បត់យ៉ាងនេះ។ ឃើញទេ ទាំងអ្នកផិតក្បត់ និងអ្នកមិនផិតក្បត់ គឺបាត់បង់កិត្តិយសដូចតែគ្នានៅក្នុងរឿងនេះ ដែលវាប្រៀបបានទៅនឹងការហែកកេរិ៍្តឱ្យគេដឹងយ៉ាងដូច្នោះដែរ។

ចំពោះគ្រួសារវិញ នឹងទៅយ៉ាងណានៅពេលមហាជនដឹងថា គេមានកូនជាមនុស្សផិតក្បត់ប្តី ឬផិតក្បត់ប្រពន្ធ? អ្នកណាៗក៏ស្រឡាញ់កិត្តិយសដែរ ដូច្នេះហើយ ច្បាស់ណាស់ថា ក្រុមគ្រួសារទាំងមូល នឹងទទួលរងនូវភាពអាម៉ាស់មិនខានឡើយ។ ចុះបើមានកូនៗទៅទៀត តើនឹងទៅជាយ៉ាងណា? រូបភាព និងវីដេអូ ដែលថតបង្ហោះនៅពេលនេះ ទោះ១០ឆ្នាំ ​ទៅ ២០ឆ្នាំក្រោយ ក៏នៅតែមានដែរនៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។ តើកូនៗ អាចទទួលយកបានទេពេលគេហៅខ្លួនថា ជាកូនដែលម្តាយផិតក្បត់ឪពុក ឬឪពុកផិតក្បត់ម្តាយនោះ? តើពួកគេអាចបន្តរស់នៅជាមួយភាពអាម៉ាសនេះបានយ៉ាងដូចម្តេចទៅពេលធំឡើងឃើញរូបភាព និងវីដេអូដែលបង្ហោះនៅបណ្តាញសង្គមបង្ហាញពីម្តាយ ឬឪពុករបស់ខ្លួនផិតក្បត់ ហើយឈ្លោះគ្នាបែកផ្សែងនៅលើបណ្តាញសង្គម? តើពួកគេទទួលយកបានទេ ពេលគេចាត់ទុកថា ជាកូនចេញពីពូជអម្បូរផិតក្បត់នោះ? សាកស្រមៃលមើលថា តើវាទៅជាយ៉ាងណា ដោយសារតែសកម្មភាពធ្វើតាមកំហឹងមួយពេលរបស់អ្នកនាពេលនេះ?

ដោយឡែក ចំពោះសង្គមវិញ នឹងផ្តល់ផលប៉ះពាល់បែបណានៅពេលមានរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងការផិតក្បត់ផុសអណ្តែតឡើងនៅតាមបណ្តាញសង្គមបែបនេះ? គេនឹងមើលងាយសង្គមខ្មែរ ជាសង្គមដែលសម្បូរទៅដោយមនុស្សផិតក្បត់ សង្គមដែលគ្មានវប្បធម៌ ប្រពៃណី និងអរិយធម៌ល្អ។ តើអ្នកណាទៅដែលចង់រាប់អានជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមដែលសម្បូរទៅមនុស្សផិតក្បត់នោះ? មិនតែប៉ុណ្ណឹងទេ បើសិនអ្នកដែលថតបង្ហោះ ឬផ្សាយផ្ទាល់(Live) មានការយល់ច្រឡំណាមួយ ដែលមិនមែនជាអំពើផិតក្បត់ នោះអ្នកដែលរងគ្រោះ គឺជាអ្នកណា គឺមិនទាំងប្តី ឬប្រពន្ធខ្លួនឯង និងភាគីម្ខាងទៀតទៅហើយទេ ដែលមិនមានកំហុសអីសោះ។ នេះ អាចនិយាយបានថា អ្នកសម្លាប់កិត្តិយស និងអនាគតរបស់គេ ដោយសារតែការយល់ច្រឡំហើយ។

ឃើញទេ គ្រាន់តែការថតបង្ហោះ ឬផ្សាយផ្ទាល់(Live)ពីអំពើផិតក្បត់សោះ ហេតុអ្វី ក៏មានបញ្ហាច្រើនដល់ថ្នាក់ហ្នឹង? បើអ៉ីចឹង នៅពេលជួបបញ្ហាផិតក្បត់ តើគួរដោះស្រាយយ៉ាងណាទើបល្អ? បើកើតមានអំពើផិតក្បត់ហើយ មានន័យថា ទំនាក់ទំនង និងមនោសញ្ចេតនារវាងប្តីប្រពន្ធ លែងមានទៀតហើយ ឬអាចនិយាយមួយបែបទៀតថា ត្រូវបានកាត់ផ្តាច់ហើយ។ ដំណោះស្រាយល្អក្នុងរឿងនេះ គួរតែសម្រេចលែងលះគ្នាដោយសន្តិវិធី ឬរត់រកផ្លូវច្បាប់ឱ្យរកខុសត្រូវឱ្យ ប្រសើរជាងថតបង្ហោះ ឬផ្សាយផ្ទាល់(Live)លើបណ្តាញសង្គម។ ប៉ុន្តែ និយាយបែបនេះ មិនមែនមិនឱ្យថតជារូបភាព និងវីដេអូ នៅពេលតាមទាន់ការធ្វើសកម្មភាពផិតក្បត់នោះទេ គឺធ្វើបាន ដើម្បីយកទុកជាព័ស្តុតាងក្នុងដំណើរការផ្លូវច្បាប់៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម