ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម
តាមរយៈគណនីហ្វេសប៊ុកផ្លូវការណ៍ នារាត្រីថ្ងៃទី២០ ខែកញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដើម្បីដកអាវុធនយោបាយចេញពីដៃក្រុមជ្រុលនិយម។
សម្ដេច ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយសម្រេចថា ដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ តទៅ។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
សម្ដេចធិបតី អះអាងថា ក៏ព្រោះតែការខ្វាយរបស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យយកគម្រោង CLV-DTA ធ្វើជាឈ្នាន់បោកប្រាស់ពលរដ្ឋ, សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយបានសម្រេចចិត្តថា នឹងដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ។
សម្ដេចប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះ៖ «ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា នឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា”។ នេះជាការបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត។
បន្ទាប់ពីសម្រេចដកកម្ពុជាចេញពីគម្រោង CLV-DTA សម្ដេចធិបតី បានវាយតម្លៃថា ក្រុមជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារឱ្យកម្ពុជាដកខ្លួនចេញ។ ប៉ុន្តែបើតាមសម្ដេចនាយករដ្ឋមន្ត្រី ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV-DTA ក្រុមជ្រុលនិយមបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថា ការដកខ្លួនចេញពីគម្រោងCLV-DTA ជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះតែថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ