អត្ថាធិប្បាយ
បទអត្ថាធិប្បាយ៖ រដ្ឋរ៉ាប់រងជូនរាស្រ្តទៅមើលព្រំដែន គឺដូចទៅនឹងសុភាសិតខ្មែរថា«មាសសុទ្ធមិនខ្លាចភ្លើង!»
ជារៀងរាល់ចុងសប្តាហ៍ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន បានរៀបចំជូនប្រជាពលរដ្ឋទៅលេងកម្សាន្ត និងទស្សនាតំបន់ព្រំដែននៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការជូនពលរដ្ឋទៅមើលព្រំដែននេះ ជាឱកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តផង និងជាពិសេសឱ្យពលរដ្ឋបានដឹងពីព័ត៌មានពិតផងថា រាជរដ្ឋាភិបាលមិនបានលាក់បាំងអ្វីនោះទេ ប្រៀបដូចនឹងសុភាសិតខ្មែរថា «មាសសុទ្ធមិនខ្លាចភ្លើង!»។

ក្នុងកាលៈទេសៈនេះ ការជូនប្រជាពលរដ្ឋទៅទស្សនាតំបន់ព្រំដែននៅក្នុងខេត្តជាប់ព្រំដែនជាមួយវៀតណាម គឺជារឿងដ៏សំខាន់ និងចាំបាច់។ ចាំបាច់នៅត្រង់ថា វា គឺជាថ្នាំដ៏ស័ក្តិសិទ្ធិក្នុងជួយព្យាបាល និងបង្ការប្រជាពលរដ្ឋពីជំងឺជឿព័ត៌មានមិនពិត បានន័យថា នៅពេលដែលប្រជាពលរដ្ឋទៅដល់ព្រំដែនជាក់ស្តែង ហើយឃើញផ្ទាល់ភ្នែក នោះ ប្រជាពលរដ្ឋនឹងដឹងការពិត ហើយលែងជឿព័ត៌មានប្រឌិតដែលបង្កើតឡើងក្រុមអ្នកនយោបាយប្រឆាំងនៅខាងក្រៅប្រទេសទៀតហើយ។ ជាលទ្ធផល ប្រជាពលរដ្ឋដែលបានទៅមើលព្រំដែនផ្ទាល់ បានសម្តែងក្តីសប្បាយរីករាយ ព្រោះថា បានដើរលេងកម្សាន្តមិនអស់លុយផង ហើយបានពិនិត្យមើលតំបន់ព្រំដែនដោយផ្ទាល់ថែមទៀតផង។
មែនទែនទៅ មិនត្រឹមតែបានដើរលេងកម្សាន្ត និងពិនិត្យមើលព្រំដែនតែម្យ៉ាងទេ ប្រជាពលរដ្ឋ អ្នកសិក្សា អ្នកស្រាវជ្រាវ ក៏បានស្តាប់ការពន្យល់ និងបកស្រាយពីបញ្ហាព្រំដែនពីលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏ទទួលបានការពន្យល់ណែនាំពីរបៀបកុំឱ្យចាញ់បោកព័ត៌មានក្លែងក្លាយ និងវិធីសាស្រ្តស្វែងរកព័ត៌មានពិតពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ។ នេះ គឺប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ច្រើនព្រមៗគ្នាក្នុងពេលតែមួយ។

ជាការកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជូនប្រជាពលរដ្ឋទៅទស្សនាតំបន់ព្រំដែនដោយផ្ទាល់ជាបន្តបន្ទាប់មកនេះ ចរន្តនៃការប្រឌិតព័ត៌មានមិនពិតពីសំណាក់អ្នកនយោបាយមាននិន្នការប្រឆាំងពីខាងក្រៅប្រទេស បានថមថយ និងសាបរលាបយ៉ាងគំហុក។ ប្រជាពលរដ្ឋដែលបានទៅមើលព្រំដែន លែងជឿទៀតហើយនូវការប្រឌិតព័ត៌មានថា កម្ពុជា បានបាត់បង់ខេត្តទាំង៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅប្រទេសវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការCLV។ ប្រជាពលរដ្ឋ ក៏លែងជឿទៀតដែរថា វៀតណាម បានបង្ខិតបង្គោលព្រំដែនចូលមកក្នុងទឹកដីកម្ពុជា ដូចការប្រឌិតព័ត៌មានក្លែងក្លាយ ព្រោះថា បង្គោលព្រំដែន នៅតែជាបង្គោលព្រំដែននៅកន្លែងដដែលជាដដែល។
“ភូតច្រើនតែងចាញ់អាត្មា” គឺជាពាក្យប្រៀនប្រដៅចាស់បុរាណខ្មែរបានបន្សល់ទុក ហើយជាពាក្យប្រៀនប្រដៅដែលឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងផងដែរនាពេលបច្ចុប្បន្ន។ មួយឃ្លានេះ មានន័យណាស់ និងបានបង្ហាញគ្រប់យ៉ាងទៅកាន់ក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងនៅក្រៅប្រទេសដែលតែងតែភូតភរ បោកប្រាស់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងរឿងទឹកដី រឿងគម្រោងCLVនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាននាំប្រជាពលរដ្ឋទៅស្វែងរកការពិតនៅតំបន់ជាក់ស្តែង ហើយជាផ្លែផ្កា វាបានក្លាយជាចរន្តផ្តល់នូវព័ត៌មានពិត ហើយបានកម្ចាត់ចោលព័ត៌មានក្លែងក្លាយបានយ៉ាងលឿនរហ័ស និងមានប្រសិទ្ធភាព។

ចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រអ្នកយោបាយប្រឆាំងមួយចំនួននៅក្រៅប្រទេស គួរតែជឿដោយការប្រុងប្រយ័ត្ន និងដោយមានភាពវៃឆ្លាត។ វៃឆ្លាត ត្រង់ចំណុចនេះ គឺចង់សំដៅថា កុំជឿអ្វីមួយងប់ងល់ខ្លាំងពេក ត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ សឹមជឿ។ ជាក់ស្តែងណាស់ ដូចបញ្ហាCLV បញ្ហាបាត់បង់ទឹកដី បញ្ហាចោទថា វៀតណាមបង្ខិតបង្គោលព្រំដែនជាដើម បើទទួលព័ត៌មានច្រើន ហើយនៅតែមិនច្បាស់ នៅតែស្រពេចស្រពិលទៀតនោះ គួរណាស់ចុះឈ្មោះទៅមើលដោយផ្ទាល់ជាក់ស្តែងទៅ ហើយបើមិនច្បាស់ត្រង់ចំណុចណា គឺអាចលើកឡើងចោទជាសំណួរសួរទៅលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតែម្តង ព្រោះលោកក៏ជាអ្នកចូលរួមជូនប្រជាពលរដ្ឋទៅមើលព្រំដែនដែរ។ ដូច្នេះហើយ ពលរដ្ឋគ្រប់រូប គួរតែបើកចិត្តឱ្យទូលាយ ហ៊ានទទួលយកការពិត គិតពិចារណាឱ្យបានហ្មត់ចត់ ទើបមិនចាញ់បោកព្រឹត្តិការណ៍ ឬអ្នកនយោបាយស្នេហាជាតិតែលើបបូរមាត់៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


