នយោបាយ
បណ្ឌិត យង់ ពៅ៖ កម្ពុជាកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ កុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯកឯង
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាហាក់ដើរយឺតជាងគេក្នុងបរិបទកិច្ចការពិភពលោក ព្រោះកម្ពុជាមិនសូវយកបញ្ហាអន្តរជាតិមកពិភាក្សាឡើយ ដូចនេះ កម្ពុជាក្នុងនាមជាប្រទេសទន់ខ្សោយមានតែខិតខំខ្លួនឯង កុំបណ្តោយឱ្យប្រទេសមហាអំណាចចាត់ចែងគ្រប់កិច្ចការទាំងអស់ជំនួស។

លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងពិធីបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា ប្រធានបទដែលលើកយកមកពិភាក្សាក្នុងវេទិកានេះ សុទ្ធតែជាប្រធានបទសំខាន់ និងត្រូវតាមស្ថានភាពពិភពលោកដែលកំពុងជួបប្រទះ និងលើកយកមកពិភាក្សា។ លោកថា ចំពោះកម្ពុជា គឺមិនសូវមានការជជែកវែកញែកពីកិច្ចការអន្តរជាតិបានច្រើននោះទេ ដូចនេះ ធ្វើឱ្យសង្គមកម្ពុជាដើរយឺតជាងគេ ព្រោះមិនដឹងពីស្ថានភាពទូលំទូលាយ។ ទោះបីកម្ពុជាមានការរៀនពីទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយច្រើនមែន ប៉ុន្តែនៅមានកម្រិតនៅឡើយ។ លោកបណ្ឌិតមានប្រសាសន៍ថា៖ “សូមកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ សូមកុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯងៗ។ ដូចជាឥឡូវក៏នៅតែអញ្ចឹងដែរ មហាអំណាចនៅតែតាំងខ្លួនជាចាហ្វាយនាយនៃចក្រវាលនេះ ពីព្រោះប្រទេសទន់ខ្សោយនៅតែទន់ខ្សោយមិនអាចចូលរួមបាន… ជាការយល់ឃើញរបស់ខ្ញុំ យើងជាប្រទេសទន់ខ្សោយ កុំតាំងខ្លួនឯងថាទន់ខ្សោយពេក បើយើងនៅតែទន់ខ្សោយ មហាអំណាចនៅតែចាត់ចែងជំនួសយើង”។

ការណ៍ដែលមហាអំណាចចាត់ចែងជំនួសប្រទេសទន់ខ្សោយ គឺដើម្បីទទួលបានផលប្រយោជន៍ច្រើនពីកិច្ចការនោះ។ លោកបណ្ឌិតបញ្ជាក់បន្តថា ការប្រែប្រួលជាបន្តបន្ទាប់ក្នុងសណ្តាប់ធ្នាប់ពិភពលោក នឹងធ្វើឱ្យប្រទេសមហាអំណាចប្រជែងឥទ្ធិពលគ្នាកាន់តែច្រើន និងជះឥទ្ធិពលជោគវាសនាទាំងប្រទេសធំ និងតូច ជាមូលហេតុធ្វើឱ្យប្រទេសនានាបង្កើនកិច្ចសហការជាមួយគ្នា និងសាមគ្គីគ្នា។ លើសពីនេះ ឥទ្ធិពលមហាអំណាច ការប្រជែងរវាងមហាអំណាច បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកាន់តែស្មុគស្មាញ។ លោកបណ្ឌិតថា ការស្មុគស្មាញនេះអាចដោះស្រាយដោយមនុស្សបាន ប្រសិនមានការខិតខំដោះស្រាយបានច្រើន។
យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ ក៏បន្ថែមថា ក្នុងនាមជាប្រទេសទន់ខ្សោយ មិនអាចរង់ចាំតែដំណោះស្រាយពីប្រទេសមហាអំណាចគ្រប់បែបយ៉ាងនោះទេ គួរសួរខ្លួនឯងផងថា តើត្រូវរៀបចំខ្លួនបែបណាស្រប់នឹងស្ថានការណ៍ និងអាចដោះស្រាយបាន? ហើយប្រទេសមហាអំណាចក៏ដូចគ្នា គួររៀនទទួលយកចំណុចនេះដូចគ្នា។
សូមបញ្ជាក់ថា វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣នេះ រៀបចំឡើងដោយមានវាគ្មិនជំនាញៗ ទាំងជាតិ និងអន្តរជាតិ ជជែក ពិភាក្សា ពីបញ្ហានានាដែលពិភពលោកកំពុងជួបប្រទះ ទាំងបញ្ហានយោបាយ កិច្ចការអន្តរជាតិជាដើម។ ក្នុងនោះ ក៏មានភាគីពាក់ព័ន្ធ មន្ត្រី និស្សិត ជាច្រើនចូលរួមនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក៕
ដោយ៖ អុន ស្រីមាន





-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?