ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ សេរីភាពនៃការប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា មានភាពទូលំទូលាយ លើកលែងតែអ្នកបំពានច្បាប់ប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សេរីភាពនៃការប្រើប្រាស់អ៊ីនធើណេត និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា មានភាពទូលំទូលាយមែនទែន លើកលែងតែអ្នកបំពានច្បាប់ប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការបញ្ជាក់នេះ បន្ទាប់ពីអង្គការ Freedom House កាលពីពេលថ្មីៗនេះ បានចេញរបាយការណ៍មួយ ដោយបានលើកឡើងថា សេរីភាពអ៊ីនធើណេតនៅកម្ពុជា នៅដែលបន្តធ្លាក់ចុះ និងមានការរឹតត្បិតនៅឡើយ ជាពិសេសនៅមុន និងក្រោយពេលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ប្រសិនបើមានអ្នកណាថា សេរីភាពនៃការប្រើប្រាស់អ៊ីនធើណេត នៅក្នុងប្រទេសកម្ពុជា ត្រូវបានរឹតត្បិត ហើយមានការធ្លាក់ចុះនោះ គឺជារឿងដែលមិនពិតឡើយ។ មិនពិត ដោយសារប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់អ៊ីនធើណេតមានចំនួនច្រើន ហើយលោកកត់សម្គាល់ថា នៅតាមផ្ទះរបស់ប្រជាពលរដ្ឋនៅទីប្រជុំជន និងទីក្រុង ដែលមានសេវាអ៊ីនធើណេតទៅដល់។ ប្រសិនបើមិនមានការតភ្ជាប់សេវាអ៊ីនធើណេតរបស់ក្រុមហ៊ុនទេ គឺប្រជាពលរដ្ឋមួយចំនួនទៀតប្រើប្រាស់សេវាអ៊ីនធើណេត តាមប្រព័ន្ធទូរស័ព្ទដែលពួកគាត់ប្រើប្រាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា «ដូច្នេះបើនិយាយពីចំនួនអ្នកប្រើអ៊ីនធើណេតហ្នឹង វាច្រើនមែនទែននៅក្នុងប្រទេសកម្ពុជាយើង អ្នកណាក៏អាចប្រើបានមិនថាក្មេង មិនថាចាស់ មិនថាប្រុស មិនថាស្រី គឺសុទ្ធតែប្រើ ឥឡូវអ្វីៗសុទ្ធតែអនឡាញនៅក្នុងដៃដែរ ដូច្នេះច្រើនមែនទែនសម្រាប់អ្នកប្រើប្រាស់អ៊ីនធើណេត ឥឡូវនេះអ្នកណាក៏ប្រើអ៊ីនធើណេតដែរ»។
លោក ប៉ែន បូណា បានបញ្ជាក់ថា សេរីភាពនៃការប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា មានភាពទូលំទូលាយមែនទែន លើកលែងតែអ្នកបំពានច្បាប់ អ្នកដែលបំពានក្រមសីលធម៌ ឬក៏បំពានសិទ្ធិអ្នកដទៃ ទើបអាចមានបញ្ហាដែលច្បាប់បានហាមឃាត់។ បើក្រៅពីនោះ គឺគ្មានបញ្ហាអ្វីទាំងអស់ សម្រាប់អ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា។
ម្យ៉ាងទៀត សេរីភាពបញ្ចេញមតិនៅកម្ពុជា ក៏មានចំនួនច្រើនផងដែរ ដោយប្រជាពលរដ្ឋបានប្រើប្រាស់បណ្ដាញសង្គមនានា ដើម្បីបញ្ចេញមតិ និងបញ្ចេញអារម្មណ៍របស់ខ្លួន ហើយនៅពេលមានរឿងអ្វីមួយកើតឡើង គឺមានការបញ្ចេញមតិផ្សេងៗគ្នា។ ចំណែកឯសារព័ត៌មានវិញ ក៏ត្រូវបានផ្លាស់ប្ដូរទៅជាអនឡាញ ស្ទើរតែគ្រប់អង្កភាព-ស្ថាប័នដែរ។
លោកបញ្ជាក់ទៀតថា «អញ្ចឹងបើយើងសរុបមកវិញ អ្នកដែលអះអាងថា សេរីភាពអ៊ីនធើណេតនៅកម្ពុជាហ្នឹង មានការរឹតត្បិត មានការធ្លាក់ចុះ មានតែអ្នកនោះ គឺជាអ្នកទាមទារសេរីភាពតាមទំនើងចិត្ត ដែលបំពានគេបំពានឯង បំពានច្បាប់ ធ្វើឲ្យប៉ះពាល់អ្នកដទៃ អាហ្នឹងគាត់គិតថា គេរឹតត្បិតហើយ ពីព្រោះច្បាប់ហាមឃាត់ណា៎ នេះគឺជាភាពច្បាស់លាស់ដែលយើងត្រូវតែយល់ទាំងអស់គ្នា»។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា សូម្បីតែហ្វេសប៊ុកដែលបង្កើតឡើងមក ក៏ត្រូវបានគេដាក់កម្រិតឲ្យប្រើប្រាស់ដែរ ដែលវាមាន Restriction មិនឲ្យមានការរំលោភកម្មសិទ្ធិបញ្ញា មិនឲ្យមានការប្រើពាក្យពេចន៍ជេរប្រមាថ ពាក្យពេចន៍រើសអើងជាដើម។ ការដាក់កម្រិតនេះ ដោយសារហ្វេសប៊ុកយល់ថា បើមនុស្សទាំងអស់គ្នាយកបណ្ដាញសង្គមនេះ ទៅប្រើប្រាស់តាមទំនើងចិត្តនោះ នឹងអាចមានបញ្ហាកើតឡើងមួយចំនួន មិនខានឡើយ។
បើតាមលោក ប៉ែន បូណា អ្វីក៏ដោយ ក៏ត្រូវមានខ្សែបន្ទាត់ដែរ ហើយសម្រាប់ប្រទេសមួយបង្កើតច្បាប់នានាឡើង គឺដើម្បីឲ្យមនុស្សប្រព្រឹត្តទង្វើដែលត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ និងចេះគោរពគ្នាទៅវិញទៅមក។ ដូច្នេះហើយ ប្រសិនបើមានអ្នកណាថា ការដាក់កម្រិតនេះ ជាការរឹតត្បិតសេរីភាព មានន័យថា អ្នកទាំងនោះ គឺជាអ្នកដែលមានចេតនាចង់បំពានអ្នកដទៃហើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ