ប្រជាពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ បានសម្ដែងការត្រេកអរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរសង្កាត់ជើងឯក ដែលបានអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការរីកចំរើន ទាំងបញ្ហាទឹក ផ្លូវ ភ្លើង និងប្រព័ន្ធលូបង្ហូរទឹកជាដើម ដើម្បីបម្រើផលប្រយោជន៍ជូនពួក គាត់ ។
ពលរដ្ឋប្រាប់ឲ្យដឹងថា នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បច្ចុប្បន្នមានការរីកចំរើនច្រើន ទាំងបញ្ហាទឹក ផ្លូវ ភ្លើង និងប្រព័ន្ធលូបង្ហូរទឹកជាដើម នេះគឺជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋទូទៅ ។ ប្រព័ន្ធលូបង្ហូរទឹក១ខ្សែ ប្រវែងជាង១០០០ម៉ែត្រ ដែលអាជ្ញាធរសង្កាត់ជើងឯក គ្រោងនឹងបើកដ្ឋានស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះនៅក្នុងភូមិរបស់ពួកគាត់នៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗ តែងតែទឹកលិច ដោយសារតែគ្មានប្រព័ន្ធលូបង្ហូរទឹកប្រើប្រាស់។
លោក លាស់ សុខលឹម ចៅសង្កាត់រងសង្កាត់ជើងឯក ថ្លែងប្រាប់ឲ្យដឹងថា ដោយពិនិត្យឃើញអំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់ជើងឯក បានស្នើទៅអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជាសាលារាជធានីភ្នំពេញ ក្នុងការស្ថាបនាប្រព័ន្ធលូបង្ហូរទឹក នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ ប្រព័ន្ធលូបង្ហូរទឹកដែលគ្រោងនឹងបើកការដ្ឋានស្ថាបនាក្នុងពេលឆាប់ៗនេះ គឺដាក់សង្ខាងផ្លូវតែម្តង មានប្រវែងសរុប១៤៥០ម៉ែត្រ មុខកាត់ទំហំ០,៦០ម៉ែត្រ ( ៦តឹក ) នឹងអាចចាប់ផ្តើមការស្ថាបនាអំឡុងពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២១ មិនយូរនោះទេ នឹងរួចរាល់ជាស្ថាពរ ។
ជាគ្នានេះផងដែរលោក លាស់ សុខលឹម ចៅសង្កាត់រង សង្កាត់ជើងឯក ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែនេះ សូមរៀបចំទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេសកុំបោះសំរាមនៅលើគម្របលូ ឬ ក្នុងលូ ដែលអាចនាំអោយស្ទះប្រព័ន្ធលូហូរទឹក ៕
អត្ថបទ ៖ រ៉ាវុទ្ធ