នយោបាយ
អ្នកវិភាគ៖ ថ្ងៃ៧ មករា ជាប្រភពកំណើតនៃសន្ដិភាព និងភាពរីកចម្រើនរបស់កម្ពុជា
អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយលើកឡើងថា ថ្ងៃ៧ មករា គឺជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ ពួកគេលើកឡើងថាដោយសារជ័យជម្នះ ៧ មករា នេះហើយធ្វើឱ្យពលរដ្ឋមានសិទ្ធិរស់រានជាថ្មី ផ្ដល់កំណើតដល់សន្ដិភាព និងការរីកចម្រើនរបស់ប្រទេស។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា លោកបណ្ឌិត គិន ភា មើលឃើញថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាននាំឱ្យប្រជាជនកម្ពុជាមុនគេគឺសិទ្ធិរស់រានមានជីវិតដែលជារឿងសំខាន់បំផុត ដោយសារតែសិទ្ធិនេះគឺពុំមាននោះទេក្នុងរបបដឹកនាំអាវខ្មៅ។
លោកថា៖ «ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩»។

លោកបន្ថែមថា សព្វថ្ងៃនេះកម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។
ក្រោយថ្ងៃ៧ មករា កម្ពុជាចាប់ផ្ដើមកសាងខ្លួនឡើងវិញចេញពីគំនរផេះផងដែលបន្សល់ដោយអង្គការបដិវត្តន៍ខ្មែរក្រហមហើយទំរាំមានដល់សព្វថ្ងៃ លោកបណ្ឌិត គិន ភា ថាទាំងនេះមិនមែនជាការប្រទានរបស់អទិទេពនោះទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតលើកឡើងថា៖ «តើនៅសម័យកាលណា ដែលអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង»។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិនអាចប្រកែកបាន ផ្ទុយមកវិញបើមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ និងក៏ជាការប្រមាថអាយុជីវិតអ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នកជួយសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរផងដែរ។

លោកបណ្ឌិតបន្ថែមថា៖ «ហេតុនេះហើយ ប្រជាជនកម្ពុជាត្រូវតែចាត់ទុកថ្ងៃ៧ មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះកើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា»។
កម្ពុជាគ្រោងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងភាពស៊ីវីល័យក្នុងតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិ និងប្រជាជន អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


