ព័ត៌មានជាតិ
អ្វីជារបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត?
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ឲ្យកាន់តែប្រសើរ។

បើតាម ប.ស.ស បានពន្យល់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋឲ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដី ឬ ប្រពន្ធ និងកូនក្នុងបន្ទុក ជាហេតុធ្វើឲ្យពលរដ្ឋអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

តើនរណាខ្លះ អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត?
១) បុគ្គលស្វ័យនិយោជន៍ដែលសំដៅដល់អ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយ មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិត នៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។ ២) អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ដែលជាប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុករបស់សមាជិក ប.ស.ស ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ឬ ប្ដី ឬ ប្រពន្ធ និងកូនក្នុងបន្ទុកសមាជិក ប.ស.ស របស់បុគ្គលស្វ័យនិយោជន៍ មានអាយុក្រោម ៦០ ឆ្នាំ។

សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកទទួលបាននូវអត្ថប្រយោជន៍ ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព ពិសេសសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចពិនិត្យ ពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេសដោយឥតគិតថ្លៃ។
ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម បានចុះបញ្ជីជាសមាជិក ប.ស.ស និងបានបង់ភាគទាន ២ ខែ ជាប់គ្នា។ ចំពោះប្រាក់បំណាច់មាតុភាព លុះត្រាតែបានបង់ភាគទាន ចំនួន ៩ ខែ ក្នុងអំឡុងពេល ១២ ខែចុងក្រោយ គិតដល់កាលបរិច្ឆេទសម្រាលកូន។
ចំពោះលក្ខខណ្ឌ និងនីតិវិធី នៃការចុះបញ្ជីសម្រាប់បុគ្គលស្វ័យនិយោជន៍ ត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ គិតត្រឹមកាលបរិច្ឆេទ ស្នើចុះបញ្ជី សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម (មានសុពលភាព)។ រីឯលក្ខខណ្ឌ និងនីតិវិធី នៃការចុះបញ្ជីសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ប្តី ឬប្រពន្ធ ត្រូវមាន សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ចំណែកកូនក្នុងបន្ទុកត្រូវមានសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លង សំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅច្បាប់នៅ។
ក្នុងករណីអ្នកក្នុងបន្ទុកចំនួនពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌការស្នើសុំចុះបញ្ជីតម្រូវឲ្យចុះទាំងអស់។ ចំពោះនីតិវិធី នៃការបង់ភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់ សមាជិក ប.ស.ស តម្រូវឲ្យបង់ចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ហើយបង់កំណត់យ៉ាងយូរ ត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


