ភ្នំពេញ ៖ ស្ត្រីម្នាក់ ឡាយលក់ឡេតាមគណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលមានលក្ខណៈសិចស៊ីជ្រុល និងប្រើប្រាស់កាយវិការ ពាក្យសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា។
ស្ត្រីខាងលើនេះមានឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាសយដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសិចស៊ីជ្រុលហួសហេតុ។
ប្រភពព័ត៌មានបានបន្តទៀតថា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណា ដែលឡាយលក់ផលិតផល ដោយបានបង្ហាញភាពសិចស៊ីជ្រុល ប្រើប្រាស់កាយវិការ និងសំដីអសីលធម៌ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការកោះហៅមកបំភ្លឺសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាបញ្ឈប់ការឡាយសិចស៊ីបន្តទៀត។
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វើ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិការ និងពាក្យសម្តីមិនសមរម្យទៀតហើយ។
បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅឋានវិញ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កែសម្រួលដោយ ៖ នាគព័ន្ធ