Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមដោះស្រាយ​បញ្ហាប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា ចូលរួមសន្និសីទ​កំពូលអង្គការ​សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេស​អារ៉ាប់អេមីរ៉េត កាល​ពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសន្និសីទ​លើកទី២៨ (COP28) បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែក​ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោកចំនួន ១៩៧ប្រទេស លោករដ្ឋមន្រ្តីបានជំរុញដល់សមាជិកនៃអង្គ​សន្និសីទ COP28 ឲ្យបង្កើនបន្ថែមនូវកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ឆ្លើយ​តបទៅនឹង​ការប្រែប្រួលអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដី។ លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ពីការ បេ្តជ្ញាចិត្តរបស់កម្ពុជា ចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCCដូចតទៅ ៖

១- ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម 1.5 អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាមរយៈការដាក់ចេញនូវ​យុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

២-ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះ​កម្ពុជាមានថាមពលស្អាតរហូតដល់ ៦២% រួចហើយ

៣-បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ក្នុងនោះក្រសួងបរិស្ថានបានរួមចំណែកដាក់ចេញ​នូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងការពារព្រៃឈើឱ្យបានហ្មត់ចត់

៤-ជំរុញ និងអំពាវនាវ ដល់សហគមន៍អន្តរជាតិ នាំគ្នាកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ ពាន់លានដុល្លារក្នុង១ឆ្នាំ

៥-ជំរុញ និងបង្កើនថវិកាសម្រាប់មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្សាំ(adaptation fund), មូលនិធិនៃការ បាត់បង់ និងខូចខាត(Loss and damage Fund ) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។

សូមបញ្ជាក់ថា  នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានចូលរួម​នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីជាមួយអង្គការCI (High-Level Bilateral Meeting MoE/CI) ,កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF)  និងកិច្ចប្រជុំកម្រិតខ្ពស់ បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម