ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត សម្ដែងការខកចិត្ត ក្រោយរកឃើញថាក្រុមហ៊ុនមួយបង្ហូរសំណល់រាវកខ្វក់ចូលប្រភពទឹក ហើយក្រុមការងារក្រសួងបានយកសំណាកទឹកមកវិភាគនៅក្រសួង ប៉ុន្តែមន្ត្រីជំនាញបែជាធ្វើការងារយឺតជិត១សប្ដាហ៍ ទើបចេញលទ្ធផល ស្របពេលដែលរោងចក្រដែលបំពុលទឹកនោះកែប្រែស្ថានការណ៍ទាន់ពេលបំបាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង។ លោក អ៊ាង សុផល្លែត លើកឡើងបែបនេះ ក្នុងពេលបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគម្រោងស្ដីពីសមត្ថភាពលើគ្រប់គ្រងការបំពុលទឹក រៀបចំឡើងនារសៀលថ្ងៃអង្គារ ទី១១ ខែមីនា នេះ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ប្រាប់ឱ្យមន្ត្រីក្រសួងបរិស្ថាន ត្រូវដឹងខ្លួនថា ខ្លួនមានតួនាទីធ្វើការដើម្បីបម្រើ ការពារសុខភាពពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា មិនមែនធ្វើការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន រហូតបណ្ដាលឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
លោក អ៊ាង សុផល្លែត សម្ដែងការខកចិត្តដូច្នេះ ៖« កាលពីពីរសប្ដាហ៍មុន ចាប់បានរោងចក្រមួយ(ដែលបំពុលទឹក) អ្វីដែលជាការខកចិត្តរបស់ខ្ញុំ គឺចាប់បានហើយ ប៉ុន្តែឡាបូធ្វើតេស្តទឹកហ្នឹងចង់១អាទិត្យមិនទាន់ចេញ(លទ្ធផលនៃការបំពុល) មិនដឹងហេតុអ្វី? ទម្រាំចេញ(លទ្ធផល) មក ទឹកហ្នឹងស្អាតអស់ហើយ ថ្លាអស់ហើយ មិនបាប់ទៅចាប់គេទេ។ មើលឡើងវិញៗ អ្នកឯងធ្វើការគឺបម្រើប្រជាជន១៧លាននាក់ មិនមែនអ្នកឯងធ្វើការដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនោះទេ គិតសារដើមឡើងវិញជាបន្ទាន់! បើបងប្អូនយើងប្រើទឹកហ្នឹងទៅ ពុលគាត់ ឈឺគាត់ អាយុជីវិតគាត់ លោកឯងអង្គុយធ្វើការនៅក្នុងការិយាល័យ លោកឯងមិនដឹងទេ ប៉ុន្តែឳពុកម្ដាយគេ ទឹកភ្នែកប៉ុណ្ណា ឈឺចាប់ប៉ុណ្ណា »។

ក្រោយចប់ពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតមកទល់បច្ចុប្បន្ននេះ ក្រសួងរកឃើញថា ក្រុមហ៊ុនជាង១រយ បានបំពុលបរិស្ថាន ដោយក្នុងនោះក្រសួងបានណែនាំឱ្យរៀបចំអាងប្រព្រឹត្តិកម្ម សម្រាប់ក្រុមហ៊ុនដែលបំពុលតិចតួច និងពិន័យក្រុមហ៊ុន និងឈានដល់បិទទ្វារក្រុមហ៊ុនដែលបំពុលធ្ងន់ធ្ងររហូតដល់បណ្ដាលឱ្យជីវៈចម្រុះងាប់ និងប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។
រដ្ឋមន្ត្រី អ៊ាង សុផល្លែត ចាត់ទុកថា នៅក្នុងនីតិកាលទី៧ ក្រសួងបរិស្ថាន ចាត់វិធានការលើក្រុមហ៊ុនដែលបំពុលទឹក បានទាន់ពេលវេលាល្អ។

កាលពីចុងខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យកតួនាទីការងារនេះ ទៅយកលុយពីក្រុមហ៊ុននានាឡើយ។ លោក ក៏អះអាងថា ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសចំនួន៥ដងចេញពីក្របខណ្ឌក្រសួង ប៉ុន្តែចូលដល់ឆ្នាំទី២ លោកនឹងបណ្ដេញចេញរាល់មន្ត្រីណា ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរលើសពី៣ដងចេញពីក្របខណ្ឌក្រសួងបរិស្ថាន។
កាលណោះលោក អ៊ាង សុផល្លែត ក៏ក្រើនរំលឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត៕
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


