ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ ជារឿងដ៏គួរឱ្យអាម៉ាស់ ដែលមនុស្សចាស់ចោលសំរាមផ្ដេសផ្ដាស តែក្មេងៗជាអ្នកសម្អាត
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត លើកឡើងថា នៅកម្ពុជាមនុស្សចាស់ជាច្រើនជាអ្នកបោះចោលសំរាមផ្ដេសផ្ដាសតាមទីសាធារណៈ និងតាមផ្លូវជាតិ ប៉ុន្តែសិស្សានុសិស្សបែជាត្រូវចេញមករើសសម្អាតសំរាមទាំងនោះទៅវិញ ដែលនេះគឺជារឿងដ៏អាម៉ាស់មួយ។ យ៉ាងណា លោករដ្ឋមន្ត្រី សុំទោសចំពោះសិស្សានុសិស្សចំពោះបញ្ហានេះ ព្រមទាំងបានអរគុណដែលជួយរើសសម្អាត ដើម្បីភាពស្រស់បំព្រងតាមទីសាធារណៈ និងជឿជាក់ថាអ្នកទាំងនេះ នឹងចេះគ្រប់គ្រងសំរាមនៅថ្ងៃអនាគត។ លោក អ៊ាង សុផល្លែត លើកឡើងបែបនេះ ក្នុងពេលបើកកិច្ចស្ដីពីសមត្ថភាពលើគ្រប់គ្រងការបំពុលទឹក រៀបចំឡើងនារសៀល ថ្ងៃទី១១ ខែមីនា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងដូច្នេះ៖«តាមទីសាធារណៈ ក្នុង១ថ្ងៃ ប្រជាជន សិស្សនុសិស្សមិនតិចជាង២ម៉ឺននាក់ទេ ដែលចេញមករើសសំរាម រើសថង់ប្លាស្ទិកពីផ្លូវជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើង ដែលជាផ្ទះរបស់គាត់ ផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត អស់សំរាមប្លាស្ទិកតាមផ្លូវ តាមទីសាធារណៈ។ ត្រង់កន្លែងនេះខ្ញុំសូមទោស ខ្ញុំខ្មាសដែរ យើងទាំងអស់គ្នាធ្វើឱ្យបរិស្ថានរបស់យើង ប្រទេសរបស់យើងពោរពេញទៅដោយសំរាម ឥឡូវក្មួយៗសិស្សានុសិស្សគាត់ចេញមកសម្អាត ខ្មាសគាត់ ត្រូវតែសុំទោសគាត់ បើយើងមិនពង្រាយសំរាមនោះទេ ក្មួយៗមិនពិបាកទេ ប៉ុន្តែទោះជាយ៉ាងក៏ដោយអរគុណក្មួយ និងប្រជាពលរដ្ឋរបស់យើងដែលចេញរើសសំរាម»។

ឈានចូលឆ្នាំ២០២៥ ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» លើដងផ្លូវជាតិសំខាន់ៗ។ តាមរយៈនេះ លោក អ៊ាង សុផល្លែត អះអាងថានៅលើដងផ្លូវជាតិលេខ៥ ចាប់ពីភ្នំពេញទៅដល់ចុងព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដែលអតីតកាលធ្លាប់តែសំរាមហើរពេញផ្លូវ តែបច្ចុប្បន្ននេះប្រែជាគ្មានសំរាមឡើយ។ ចំណែកលើផ្លូវដដែលពីកំណាត់ផ្លូវក្នុងខេត្តពោធិ៍សាត់ ដល់ខេត្តបាត់ដំបង នៅមានសំរាមលើផ្លូវតិចតួច ដែលត្រង់ចំណុចនេះលោក អ៊ាង សុផល្លែត ស្នើឱ្យប្រធានមន្ទីរបរិស្ថានខេត្ត ចេះមើលខេត្តផ្សេង ហើយចូលរួមសម្អាតផ្លូវជាតិ។ រីឯកំណាត់ផ្លូវជាតិលេខ៥ចាប់ពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ គឺស្អាត ហើយពីផ្លូវជាតិលេខ៥ទៅខេត្តបន្ទាយមានជ័យគឺកាន់តែស្អាត។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការចំនួន៣ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមក្នុងប្រទេស ក្នុងនោះរួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ទី២យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដោយយុទ្ធនាការទាំង៣នេះ មានពលរដ្ឋចូលរួមជាង១៤លាននាក់នៅទូទាំងប្រទេសកម្ពុជា។

តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា មានសិស្សានុសិស្សចំនួន៣លាន៦សែននាក់ ចូលរួមប្ដេជ្ញាថាមិនប្រើថង់ប្លាស្ទិក ហើយលោកជឿជាក់ថា កុមារទាំងនេះ នៅថ្ងៃអនាគតពេលដែលពួកគេមានស្វាមី មានភរិយា មានកូនៗ ពួកគេនឹងអប់រំគ្នាឱ្យទុកដាក់ ឈប់ប្រើប្រាស់ប្លាស្ទិក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបើកកិច្ចប្រជុំ លោក អ៊ាង សុផល្លែត ក៏ឱ្យដឹងថា ក្រសួងបរិស្ថាន គ្រោងនឹងយកធុងសំរាមទៅដាក់នៅតាមសាលារៀនបន្ថែម ដើម្បីឱ្យកុមារប្រមូលសំរាមដាក់ នឹងយកសំរាមប្លាស្ទិកទៅដាក់ក្នុងធុង គ្រប់គ្រងឱ្យបានល្អ ងាយស្រួលកែច្នៃឡើងវិញ ឬដុតចោលនៅក្នុងឡតាមដែលស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ជាជំហានបន្ត ដើម្បីភាពស្អាតនៅលើដី រដ្ឋមន្ត្រីអ៊ាង សុផល្លែត ឱ្យដឹងថា ក្រសួងបរិស្ថាន បាននឹងកំពុងសិក្សាទីតាំងទុកដាក់សំរាមនៅទូទាំងប្រទេស ដោយត្រូវសាងសង់បន្ថែម និងកែសម្រួលបច្ចេកទេសចំពោះទីតាំងឡដុតសំរាមដែលមានស្រាប់ ដែលក្រោយសិក្សារួចរាល់ក្រសួងនឹងដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ឬស្វែងរកការជួយគាំទ្រពីដៃគូខាងក្រៅ ដើម្បីភាពស្អាតរយៈពេលវែង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


